38 C
Phnom Penh

លោក ហ៊ុន សែន និងកូនប្រសារ សម្រេចប្តឹងលោក សម រង្ស៊ី ទៅតុលាការប្រទេសបារាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន និងកូនប្រសាររបស់លោក គឺអគ្គស្នងការរងនគរបាលជាតិ លោក ឌី វិជ្ជា ដែលជាកូនប្រុសបង្កើតរបស់លោក ហុក ឡងឌី បានដាក់ពាក្យប្តឹងអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ទៅតុលាការប្រទេសបារាំងជាផ្លូវការហើយ នៅថ្ងៃនេះពីបទបរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល ។

សេចក្តីប្រកាសព័ត៌មានដែលបកប្រែក្រៅផ្លូវការ របស់មេធាវីជាជនជាតិបារាំងចំនួន៣រូប ដែលការពារក្តីឲ្យលោកហ៊ុន សែន និងកូនប្រសារ បានសម្រេចដាក់ពាក្យប្តឹងចំនួន២ ដាច់ដោយឡែកពីគ្នាទៅកាន់តុលាការទីក្រុងបារីស ប្រទេសបារាំង។

ការសម្រេចប្តឹងនេះ បន្ទាប់ពីលោក សម រង្ស៉ី បានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់លោក និងនិយាយជាមួយវិទ្យុសំឡេងសហរដ្ឋ អាមេរិក VOA ដោយចោទថាលោក ហ៊ុន សែន បានសម្លាប់ ឬជាមេក្លោងសម្លាប់អតីតអគ្គស្នងការនគរបាលជាតិលោក ហុក ឡងឌី កាលពីថ្ងៃទី ៩វិច្ឆិកា ២០០៨។ លើសពីនេះ លោក សម រង្ស៊ី  ក៏បានចោទប្រកាន់លោក ហ៊ុន សែន ថា បានបញ្ជាឲ្យឱ្យលោក ហុង ឡង់ឌី សម្លាប់លោក ជា វិជ្ជា។

មួយទៀត អតីតមេបក្សប្រឆាំងរូបនេះ បានចោទលោក ហ៊ុន សែន ថាបានភូតកុហកអំពីមូលហេតុនៃការស្លាប់របស់លោក ហុក ឡងឌី ថាស្លាប់ដោយសារ រន្ទះបាញ់ឧទ្ធម្ភាគចក្រ ដែលលោក ហុក ឡងឌី ជិះពេលនោះ។ លោក សម រង្ស៊ី ចោទថា ធាតុពិតមរណភាពរបស់ លោក ហុក ឡងឌី ជាការរៀបចំបំផ្ទុះគ្រាប់បែកក្នុងឧទ្ធម្ភាគចក្រដែលធ្វើឡើងដោយលោក ហ៊ុន សែន។

ដោយឡែក ពាក្យបណ្តឹងរបស់លោក ឌី វិជ្ជា វិញ គឺប្តឹងលោកសម រង្ស៊ី ដែលបានចោទប្រកាន់រូបលោកថា មានចេតនាសងសឹកចំពោះការសម្លាប់ឪពុករបស់ខ្លួន នឹងរៀបចំផែនការសងសឹក ដោយរួមដៃជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បីកម្ទេចក្រុមលោកហ៊ុន សែន។

លើសពីនេះទៅទៀត កាលពីដើមខែកក្កដា កន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានដាក់ពាក្យបណ្តឹងមួយទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងលោក សម រង្ស៉ី ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

លោក ស ខេង បានលើកឡើងថា នេះលើកទី១ ក្នុងជីវិតរបស់លោក ដែលបានប្តឹងជនរួមជាតិរបស់ខ្លួន ដោយថាអ្វីដែលលោក សម រង្ស៊ី លើកឡើងនោះ មានចេតនាញុះញង់ បំបែកបំបាក់ថ្នាក់ដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន។

លើសពីនេះ ការប្តឹងនោះ គឺដើម្បីជាសារមួយឱ្យអ្នកនយោបាយខ្មែរគិតគូរអំពីក្រមសីលធម៌ខ្ពស់ ជៀសវាងនយោបាយដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានទាមទារឱ្យតុលាការ ចាត់ការលោកសម រង្ស៉ី ទៅតាមផ្លូវច្បាប់ និងទាមទារសំណងជំងឺចិត្តប្រមាណ១លានដុល្លារអាមេរិក។ មកទល់ម៉ោងផ្សាយនេះ លោក សម រង្ស៊ីនៅមិនទាន់បញ្ចេញប្រតិកម្មណាមួយជុំវិញការប្តឹងលោកទៅតុលាការបារាំង ពីសំណាក់លោក ហ៊ុន សែន និងកូនប្រសារនៅឡើយទេ។ យ៉ាងណាក៏ដោយ កន្លងមក លោក សម រង្ស៊ី តែងជំរុញឱ្យលោក ហ៊ុន សែន ប្តឹងលោកមកតុលាការប្រទេសបារាំង ដោយថាលោកនឹងមិនខ្លាចចំពោះអ្វីដែលលោកបានលើកឡើងនោះទេ ជុំវិញការសម្លាប់លោកហុក ឡង់ឌី និង ផែនការកម្ចាត់ក្រុមលោកហ៊ុន សែន ពីសំណាក់កូនប្រសាររបស់ខ្លួន និងក្រុមលោក ស ខេងនោះ។លោកថា នៅពេលណា លោកហ៊ុន សែន ប្តឹងលោក  លោកនឹងបញ្ចេញភស្តុតាងដែលលោកមានបន្ថែមទៀត ដើម្បីឱ្យសាធារណៈជនបានដឹង ហើយលោកនៅតែប្រកាន់ជំហថាលោកហ៊ុន សែន ជាអ្នកនៅពីក្រោយខ្នងអំពើឃាតកម្មធំៗនៅកម្ពុជា ដូចជាការសម្លាប់អ្នកស្រី ពិសិដ្ឋ ពីលិកា និងការសម្លាប់លោក ហុក ឡង់ឌី ការសម្លាប់អតីតមេសហជីពសេរីកម្មករកម្ពុជា លោក ជា វិជ្ជា ការសម្លាប់អតីតប្រធានអង្គការធនធានធម្មជាតិ លោក ឈុត វុទ្ធី ហើយចុងក្រោយការរៀបចំផែនការសម្លាប់លោកបណ្ឌិត កែម ឡី ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស