តំណាងរដ្ឋាភិបាល ដែលដឹកនាំដោយគណៈកម្មការកិច្ចការបរទេសកម្ពុជា អះអាងថា ខ្លួនបានស្នើសុំទៅថ្នាក់ដឹកនាំវៀតណាម ធ្វើយ៉ាងណាឱ្យជួយទប់ស្កាត់បទល្មើសព្រៃឈើ ពិសេសការនាំឈើចូលទៅប្រទេសរបស់ខ្លួន។
ក្រោយពេលត្រឡប់មកពីចូលសន្និសីទលើកទី៧ នៃគណៈកម្មការកិច្ចការបរទេស សភាកម្ពុជា ឡាវ និងវៀតណាម ដែលធ្វើឡើងនៅប្រទេសវៀតណាមកាលពីថ្មីៗនេះ ប្រធានគណៈកម្មការកិច្ចការបរទេសសភាកម្ពុជា លោក ឈាង វុន បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃម្សិលមិញថា សភាកម្ពុជាបានស្នើឱ្យវៀតណាម ទប់ស្កាត់កុំឱ្យមានការនាំឈើពីកម្ពុជា ចូលទៅកាន់ប្រទេសវៀតណាមបន្តទៀត។
លោកឈាង វុធ បន្តថាបញ្ហាព្រៃឈើនេះកម្ពុជាបានធ្វើសកម្មភាពទប់ស្កាត់ច្រើនហើយ ដោយរួមទាំងយុទ្ធនាទប់ស្កាត់និងបង្ក្រាបបទល្មើសនេះ ដែលដឹកនាំដោយ ប្រធានគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិលោក សៅ សុខា។ លោកក៏ទទួលស្គាល់ថា រឿងបំផ្លាញព្រៃឈើនេះ ជនជាតិវៀតណាមក៏បានចូលរួមជួយបំផ្លាញព្រៃឈើកម្ពុជាដែរ ហើយរឿងនេះក៏មានការទទួលស្គាល់ និងលើកឡើងដោយ អនុរដ្ឋមន្រ្តីផែនការ និងអនុរដ្ឋមន្រ្តីការបរទេសវៀតណាមផងដែរ។
ប្រធានអង្គការការពារធនធានធម្មជាតិលោក ឆឺយ ឧត្តមរស្មី លើកឡើងថា វាជារឿងអាម៉ាស់បំផុត ដែលរដ្ឋាភិបាលកម្ពុជាទៅពឹងប្រទេសវៀតណាម ខណៈប្រទេសនេះមានការនាំចូលឈើយ៉ាងច្រើនពីកម្ពុជា ព្រមទាំងបានចូលរួមបំផ្លាញឈើនៅកម្ពុជាផងដែរ។ លោកថា ការស្នើនេះ រិតតែជាការបង្ហាញអំពីបរាជ័យរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅកម្ពុជា ហើយការទៅពឹងវៀតណាមនោះ វាជារឿងអត់ប្រយោជន៍។
លោកយល់ថា រដ្ឋាភិបាលគប្បីចាត់វិធានការច្បាប់ឱ្យបានម៉ឹងម៉ាត់ទៅលើក្រុមជនល្មើស រួមមានមន្ត្រី ឧកញ៉ា អាជ្ញាធរក្នុងជួររដ្ឋាភិបាល ដែលពាក់ព័ន្ធរឿងនេះ ព្រមទាំងបិទការនាំឈើចេញទៅវៀតណាមទាំងស្រុង ពិសេសច្រកព្រំដែនសំខាន់ៗ ដែលតែងនាំឈើចេញពីកម្ពុជាទៅកាន់វៀតណាម រួមមានច្រកអូរយ៉ាដាវ ច្រកឧទ្យានជាតិ វីរៈជ័យ ក្នុងខេត្តរតៈគិរី ច្រកត្រពាំងស្រែ ក្នុងខេត្តក្រចេះ និងច្រកដូង ក្នុងខេត្តត្បូងឃ្មុំជាដើម។
សារព័ត៌មានវៀតណាមមួយបានឱ្យដឹងថា ត្រឹមតែរយៈពេល៦ ខែនៅក្នុងឆ្នាំ២០១៩ វៀតណាមអាចរកបានចំណូលពីវិស័យព្រៃឈើខ្មែរមានចំនួនជាង៥ពាន់លានដុល្លារ សហរដ្ឋអាមេរិក(៥,២៣) ហើយវៀតណាម ក៏រំពឹងដោយទំនុកចិត្តខ្ពស់ថាគេនិងប្រមូលចំណូលពីវិស័យព្រៃឈើរបស់ខ្មែរឲ្យបានចំនួន ១១ ពាន់លានដុល្លារអាមេរិកទៀតនៅពេលខាងមុខទៀតផង៕