ជំនួបពិភាក្សាការងាររវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាមួយឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេសនៃប្រទេសវៀតណាម លោក ប៊ិញ ម៊ិញ (Binh Minh) នៅថ្ងៃទី២១ ខែសីហា ភាគីទាំងពីរបានផ្តោតធ្ងន់ទៅលើបញ្ហាត្រៀមនៃការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងលើការងារព្រំដែនរវាងប្រទេសទាំងពីរ ដោយសារបច្ចុប្បន្ននេះកិច្ចការព្រំដែន បានបញ្ចប់ការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរសម្រេចប្រមាណ៨៤% ហើយនៅសល់តែ ១៦% ភាគរយទៀតទេដែលគណៈកម្មការព្រំដែននៃប្រទេសទាំងពីរនឹងបន្តធ្វើកិច្ចការងារនេះជាបន្ថែមទៀត ដើម្បីឈានទៅបញ្ចប់ទាំងស្រុង។
ហ្វេសប៊ុករបស់លោកហ៊ុន សែន បញ្ជាក់ថា ជំនួបនោះ ភាគីទាំងពីរបានផ្តោតជាសំខាន់ទៅលើ ការត្រៀមរៀបចំនូវទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម នៅអំឡុងខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ។ លើសពីនេះទៅទៀត ភាគីកម្ពុជា-វៀតណាម ក៏បានជជែករឿងដ៏សំខាន់មួយ ជុំវិញការត្រៀមចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងជុំវិញបញ្ហាព្រំដែនរវាងប្រទេសទាំងពីរនាពេលខាងមុខតែម្តង។
បញ្ហារសើបទាក់ទងគម្រោងចុះកិច្ចព្រមព្រៀងលើការងារព្រំដែននេះ ភាគីវៀតណាមមិនមែនទើបតែលើកឡើងពេលនេះទេ។
ជាក់ស្តែង កាលពីខែកក្កដា សារព័ត៌មានរដ្ឋវៀតណាមមួយបានចុះផ្សាយថា ក្នុងជំនួបមន្ត្រីជាន់ខ្ពស់កម្ពុជា-វៀតណាម គឺភាគីទាំងពីរ គ្រោងចុះហត្ថលេខាទទួលស្គាល់ព្រំដែនគោកដែលបោះរួចរាល់បានចំនួន៨៤ភាគរយនៅឆ្នាំនេះ។
លើសពីនេះ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ង្វៀន ហ៊ូជុង នៅភ្នំពេញ កាលពី ខែកុម្ភៈ កម្ពុជា និងវៀតណាម បានចេញនូវសេចក្ដីថ្លែងការណ៍រួមមួយដោយជំរុញឱ្យភាគីទាំងពីរ បញ្ចប់ឯកសារច្បាប់ទទួលស្គាល់ព្រំដែនដែលបានបោះហើយ៨៤ភាគរយនោះ ឱ្យបានឆាប់ៗផងដែរ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាននៅក្នុងប្រទេស Norway ធ្លាប់រិះគន់ ហើយថាកិច្ចព្រមព្រៀងទាំងឡាយណា ដែលធ្វើឡើងតាមការចង់បានរបស់វៀតណាម នឹងធ្វើឱ្យកម្ពុជាកាន់តែបាត់បង់បូរណភាពទឹកដីរបស់ខ្លួនដោយស្របច្បាប់តែម្តង៕