28 C
Phnom Penh

អាជ្ញាធរខេត្តពោធិ៍សាត់ចាប់ខ្លួនអ្នកកាសែត៥នាក់ ពាក់ព័ន្ធករណីបន្លំខ្លួនជាមន្ត្រីរដ្ឋទារប្រាក់ពីពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចខេត្តពោធិ៍សាត់ឃាត់ខ្លួន និងបញ្ជូនអ្នកសារព័ត៌មានក្នុងស្រុកចំនួន៥នាក់ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តនេះ ដើម្បីសាកសួរពាក់ព័ន្ធករណី បន្លំខ្លួនធ្វើជាមន្ត្រីស្ថាប័នរដ្ឋទារប្រាក់ពីប្រជាពលរដ្ឋ។

សារព័ត៌មានសំឡេងប្រជាធិបតេយ្យVOD បានដកស្រង់សម្តីរបស់អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ចុះផ្សាយថា ក្រុមការងាររបស់លោក បានសហការជាមួយសមត្ថកិច្ចជំនាញឃាត់ខ្លួនអ្នកសារព័ត៌មាន ៥នាក់នោះ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរពាក់ព័ន្ធនឹងរឿងបន្លំខ្លួនធ្វើជាមន្ត្រីក្រសួងរ៉ែ ឬក្រសួងបរិស្ថាន ហើយទារលុយពលរដ្ឋដែលមានគំនរឈើនៅក្រោយផ្ទះ ព្រមទាំងបញ្ហាផ្សេងទៀត។

អ្នកសារព័ត៌មានទាំងនោះមានប្រុស៤នាក់ និងស្រីម្នាក់ ដោយមានអ្នកកាសែតមកពីអង្គភាពសារព័ត៌មាន TNC កញ្ញា សុំ គឺមសៀ និងលោក ឯម សូវិសាល ។ អ្នកសារព័ត៌មាននៅអង្គភាពសារព័ត៌មាន PCN ចំនួន៣រូប រួមមាន លោក រុំ រដ្ឋា  លោក ថុង គឹមងួន និងលោក ឯម សុវិសិដ្ឋ ។

ករណីឃាត់ខ្លួនអ្នកសារព័ត៌មានពាក់ព័ន្ធការចោទប្រកាន់ថាបានជំរិតទារប្រាក់ពីពលរដ្ឋ និងមន្ត្រីអាជ្ញាធរនេះ ពុំមែនជាលើកទី១ឡើយនៅដើមឆ្នាំនេះ។ ជាក់ស្តែងកាលពីខែមិថុនាកន្លងទៅ អ្នកកាសែត ២នាក់ នៃគេហទំព័រក្រាំងមាសនៅខេត្តកំពង់ឆ្នាំង ត្រូវបានចាប់ខ្លួនដោយចោទថាបានជំរិតទារប្រាក់ពីឧកញ៉ា ទៀ វិចិត្រ ដែលជាកូនប្រុសរបស់លោក ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក។ក្រៅពីការចោទប្រកាន់ការជំរិតទារប្រាក់នេះ ក៏មានអ្នកកាសែតផ្សេងទៀត ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធការចោទពីបទញុះញង់ជាដើម។ 

កាលពីថ្ងៃទី២១ ខែកក្កដា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះសីហនុ បានសាកសួរអ្នកព័ត៌មាន ២នាក់ក្នុងបទចោទញុះញុងឱ្យពលរដ្ឋ ចុះតវ៉ា រារាំងគ្រឿងចក្ររបស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុង ដែលឈូសឆាយលើដីទំនាស់របស់ពលរដ្ឋជាង២០គ្រួសារនៅក្នុងខេត្តនេះ។

អ្នកព័ត៌មានទាំងពីរនាក់នោះរួមមាន ប្រធានក្លឹបអ្នកកាសែតឯករាជ្យ លោក ហ៊ុន សុខា និងចាងហ្វាងកាសែតទូរទស្សន៍អនឡាញឈ្មោះ TN TV លោក កែវ រតនា ប៉ុន្តែពួកគេក៏ត្រូវបានដោះលែងវិញក្រោយឃុំខ្លួនប៉ុន្មានថ្ងៃ។

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន Reporter Without Border បានចេញរបាយការណ៍ស្ដីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៩ បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាលេខ ១៤៣ ដែលជាចំណាត់ថ្នាក់នៃប្រទេសដែលមានការរឹតត្បិតខ្លាំងខាងសេរីភាពសារព័ត៌មាន៕  

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស