33 C
Phnom Penh

អឺរ៉ុបសង្ឃឹមថាជំនួយខ្លួននឹងជួយឱ្យកិច្ចការពារធនធានជលផលនៅកម្ពុជាកាន់តែមានប្រសិទ្ធភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាដែលផុតអាណត្តិ លោក George Edgar បានលើកឡើងថា ជំនួយហិរញ្ញប្បទានឥតសំណង របស់សហភាពអឺរ៉ុប នឹងជួយដល់ដៃគូរពាក់ព័ន្ធក្នុងការប្រើប្រាស់ដើម្បីគ្រប់គ្រង និងការពារធនធានជលផលទាំងទឹកសាប និងសមុទ្រឱ្យ កាន់តែមានប្រសិទ្ធភាព សម្រាប់ផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជាកាន់តែប្រសើរ។

ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតផុតអាណត្តិរូបនេះ ក្រោយពិធីបិទបញ្ចប់កម្មវិធីស្តីពី “ការជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្នលើអនុវិស័យជលផល និងផលិតកម្មសត្វ” ព្រមទាំងពិធីប្រកាសដាក់ឱ្យអនុវត្តន៍កម្មវិធី អភិវឌ្ឍន៍វិស័យជលផល ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប(EU) ចំនួន១២២លានអឺរ៉ូ ដល់កម្ពុជា នៅទីស្តីការក្រសួងកសិកម្មនាព្រឹកនេះ។

ប្រភពដដែល លើកឡើងថា សហភាពអឺរ៉ុប ចង់ឃើញពលរដ្ឋកម្ពុជាទទួលបានប្រយោជន៍ពីកម្មវិធីនេះដោយស្មើភាពគ្នា តម្លាភាព ចីរភាព និងនិរន្តរភាពនៃធនធានធម្មជាតិបឹងទន្លេសាប និងសមុទ្ររបស់កម្ពុជា។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ក៏បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កម្មវិធីនោះថា លោកក៏បានណែនាំដល់មន្រ្តីអនុវត្តន៍គម្រោងទាំងអស់ត្រូវយកចិត្តទុកដាក់ សហការឱ្យបានល្អជាមួយម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សហគមន៍កសិកម្មទាំងអស់ ដើម្បីអនុវត្តន៍គម្រោងកម្មវិធីនេះប្រកបដោយប្រសិទ្ធភាព តម្លាភាព ទទួលខុសត្រូវខ្ពស់ដើម្បីសម្រេចបានជោគជ័យទៅតាមការរំពឹងទុករបស់ខ្លួន។

គម្រោងនេះ មានថវិកាហិរញ្ញប្បទានដែលជាជំនួយឥតសំណងរបស់ EU សរុប១២២លានអឺរ៉ូ ឬស្មើជាង១រយលានដុល្លារសហរដ្ឋអាមេរិកសម្រាប់រយៈពេល ៦ឆ្នាំ(២០១៨ -២០២៣) ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងបរិយាប័ន្ននៃធនធានជលផលទឹកសាប និងសមុទ្រ។ លើសពីនេះ ក៏មានទិសដៅ លើកស្ទួយជីវភាពរបស់ពលរដ្ឋ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិផងដែរ។

យ៉ាងនេះក្តី វិស័យជលផលនៅកម្ពុជាត្រូវបានគេមើលឃើញថាតាំងពី រដ្ឋាភិបាលសម្រេចលុបចោលឡូត៍នេសាទទាំងស្រុងកាលពីឆ្នាំ២០១២ ដោយប្រគល់ឱ្យពលរដ្ឋគ្រប់គ្រង និងប្រើប្រាស់មកវិស័យធនធាន មច្ឆាជាតិកាន់តែហិនហោចទៅៗជាលំដាប់ទាំងទឹកសាប និងទឹកប្រៃ។

ជាក់ស្តែងការធ្លាក់ចុះទិន្នផលត្រីនេះ បណ្តាលឱ្យពលរដ្ឋរស់នៅលើផ្ទៃបឹងទន្លេសាបតំបន់ខ្លះ ប្រឈមនឹងកង្វះស្បឿងសម្រាប់បរិភោគនាពេលបច្ចុប្បន្នទៀតផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស