តុលាការក្រុងភ្នំពេញបានសម្រេចចោទប្រកាន់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 7NG លោកឧកញ៉ា ស្រី សុធា និងឧកញ៉ា ស្រី ចន្ធូ ជាកូន ដែលមានតួនាទីជានាយកក្រុមហ៊ុន 7NG ពីបទឆបោកពាក់ព័ន្ធ ទៅនឹងសំណុំរឿងលក់ដីឲ្យពលរដ្ឋ ដោយប្រគល់លុយឲ្យហើយ តែមិនមានដីឲ្យពួកគេទៅវិញ។
អ្នកទាំងពីរ បានរកស៊ីគម្រោងលក់ដីពុះឡូត៌យ៉ាងធំ នៅតំបន់វិហារសួគ៌ ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ដីកាសន្និដ្ឋានបញ្ជូលរឿងឲ្យស៊ើបសួររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញពីរដាច់ដោយឡែកពីគ្នានៅថ្ងៃនេះ បានសម្រេចចោទប្រកាន់លើ ឧកញ៉ា ស្រី សុធា និងឧកញ៉ា ស្រី ចន្ធូ ពីបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៨-២០១៩ តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ប៉ុន្តែឧកញ៉ាទាំងពីរនេះ តុលាការសម្រេចដាក់ឱ្យនៅក្រៅឃុំ ក្រោមការត្រួតពិនិត្យប៉ុណ្ណោះ។
កន្លងមកអ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ បានស្នើឱ្យរដ្ឋាភិបាលដកហូតមុខងារជាឧកញ៉ារបស់បុគ្គលមួយចំនួនវិញ ត្បិតសកម្មភាពពួកគេខ្លះមិនសាកសម្យនឹងទទួលបានងារដ៏ខ្ពស់ខ្ពស់ដែលព្រះរាជប្រទានដោយព្រះមហាក្សត្រនេះទេ។
ជាក់ស្តែងករណីនេះ ព្រមទាំងករណីឧកញ៉ាផ្សេងទៀត ដែលកំពុងជាប់ក្នុងពន្ធនាគារ ដោយការប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជាបទល្មើសឆបោកពលរដ្ឋ និងបទល្មើសព្រៃឈើជាដើម។
នៅក្នុងខែកក្កដា និងសីហានេះ មានឧកញ៉ាចំនួន២រូបហើយ ត្រូវបានសមត្ថកិច្ចចាប់ និងឃុំខ្លួនពាក់ព័ន្ធសំណុំរឿងបទល្មើសព្រៃឈើ រួមមានឧកញ៉ា ស៊ឹង សំអុល និងឧកញ៉ា គង់ ក្រឹង៕