26 C
Phnom Penh

អូស្រ្ដាលីសម្រេចចូលរួមជាមួយអាមេរិក រឹតបន្ដឹងសន្ដិសុខនៅច្រកអូម៉ុសនៃឈូងសមុទ្រពែក្សប្រឆាំងអ៊ីរ៉ង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅខណៈនេះស្ថានការណ៍នៅលើឈូងសមុទ្រពែក្សនៅតែបន្តឡើងកំដៅជាខ្លាំងនៅឡើយ។ ស្របពេលនេះដែរ ប្រទេសអូស្រ្ដាលី អ៊ីស្រាអែល និងបារ៉ែន បានប្រកាសចូលរួមនឹងសហរដ្ឋអាមេរិក ការពារលំហសមុទ្រនៃច្រកសមុទ្រ អូម៉ុស (Umus) ដែលប្រទេសអ៊ីរ៉ង់កំពុងតែច្បាមយកគ្រប់គ្រងតែម្នាក់ឯង។

ប្រទេសដែលប្រកាសចុងក្រោយគេចូលរួមជាមួយសហរដ្ឋអាមេរិកប្រឆាំងនឹងការវាតទីរបស់ប្រទេសអ៊ីរ៉ង់នោះគឺប្រទេសអូស្រ្ដាលី។នាយករដ្ឋមន្រ្ដីនៃប្រទេសអូស្រ្ដាលី ស្កុត ម៉ូរីសុន បាននិយាយកាលពីថ្ងៃពុធថាអូស្រ្ដាលីនឹងបញ្ចូនទ័ពយន្ដហោះស៊ើបការណ៍ និងនាវាប្រដេញ ទៅកាន់តំបន់ឆកសមុទ្រ អូម៉ុស (Umus) ដើម្បីការពារផលប្រយោជន៍ប្រទេសអូស្រ្ដាលី។ លោកបានបញ្ជាក់ទៀតថា ទង្វើរបស់ប្រទេសអ៊ីរ៉ង់កន្លងមកពិតជាគំរាមកំហែងដល់ផលប្រយោជន៍របស់ប្រទេសអូស្រ្ដាលី។ ក្នុងន័យនេះរដ្ឋាភិបាលអូស្រ្ដាលីបានសម្រេចថា ដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួន ពួកគេត្រូវតែសហការជាមួយដៃគូអន្ដរជាតិ។

លោកនាយករដ្ឋមន្រ្ដី ម៉ូរីសុន បានបន្ដទៀតថាជាដំបូងទីក្រុងកង់បេរ៉ា នឹងបញ្ចូនយន្ដហោះស៊ើបការមួយគ្រឿងទៅកាន់មជ្ឈឹមបូព៌ាហើយក្រោយមកទៀតនឹងបញ្ចូននាវាប្រដេញមួយគ្រឿង នៅខែមករាឆ្នាំ២០២០។ ទាំងយន្ដហោះស៊ើបការនឹងនាវាប្រដេញនេះត្រូវស្ថិតនៅលើឆកសមុទ្រ អូម៉ុស (Umus) រយៈពេល៦ខែ។

បណ្ដាញផ្សាយព័ត៌មាន Aljazeera ចុះផ្សាយថា ការសម្រេចរបស់នាយករដ្ឋមន្រ្ដីអូស្រ្ដាលីកើតឡើងបន្ទាប់ពីប្រទេសអ៊ីស្រាអែលនិងប្រទេសបារ៉ែន បានប្រកាសចូលរួមជាមួយសហរដ្ឋអាមេរិកនិងអង់គ្លេសដើម្បីល្បាតច្រកសមុទ្រអូម៉ុស (Umus) ដែលជាដែនទឹកអន្ដរជាតិឆ្លងកាត់សមុទ្រនៃប្រទេសអ៊ីរ៉ង់។

ជាមួយគ្នានេះ សហរដ្ឋអាមេរិកបានប្រកាសថាបេសកកម្មពហុសាសន៍ដើម្បីការពារផលប្រយោជន៍ពិភពលោក នៃឈូងសមុទ្រពែក្ស និងឈូងសមុទ្រ អូម៉ុស (Umus) គឺជាការការពារអត្ថប្រយោជន៍សកល។ ស្របពេលដែលអាមេរិកប្រកាសស្វែងរកការគាំទ្រនេះ អាល្លឺម៉ង់ និង សហភាពអឺរ៉ុបមិនទាន់ប្រកាសថាខ្លួនគាំទ្រអាមេរិកឡើងនោះទេ។

យ៉ាងណាក៏ដោយស្ថានការណ៍នៅលើឈូងសមុទ្រពែក្សនៅបន្ដតានតឹងជាខ្លាំង ដោយសារតែសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់យ៉ាងខ្លាំង ដែលធ្វើឱ្យផលិតផលប្រេងរបស់អ៊ីរ៉ង់ធ្លាក់ចុះយ៉ាងគំហុក ហើយប្រទេសមួយចំនួនដែលមានទំនាក់ទំនងទៅយកប្រេងឆៅពីប្រទេសអីរ៉ង់ក៏បានផ្អាកមុខជំនួញរបស់គេដែរ។

ដោយហេតុនេះមេដឹកនាំអ៊ីរ៉ង់គឺលោកប្រធានាធិបតី Hassan Rouhani ព្រមានអាមេរិកថាទីក្រុងតេអេរ៉ង់នឹងមិនអាចចរចាជាមួយសហរដ្ឋអាមេរិកបានទេ អំពីការបង្កើតកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរជាថ្មីម្ដងទៀត។ មេដឹកនាំអ៊ីរ៉ង់រូបនេះចាត់ទុកថាគ្មានតម្លៃទេក្នុងការចរចាណាមួយជាមួយអាមេរិក។

ភាពតានតឹងនៅពេលនេះនៅបន្ដកើនឡើងនៅឡើយ ដោយសារតែអាមេរិកបានចេញការព្រមានមិនឱ្យអ៊ីរ៉ង់ទៅទទួលយកនាវាដឹកប្រេងរបស់ខ្លួនឈ្មោះ Grace1 ពីដែនដី ជីបប្រាលតា (Gibraltar)។

ខណៈដែលតុលាការតំបន់ Gibraltar ប្រកាសដោះលែងនាវានេះឱ្យមានសេរីភាពវិញបន្ទាប់ពីកងទ័ពជើងទឹកអង់គ្លេស បានរឹបអូសនាវានេះកាលពីខែកក្កដា  សហរដ្ឋអាមេរិកចេញការព្រមានមិនឱ្យអ៊ីរ៉ង់ប្រើប្រាស់នាវានេះជាដាច់ខាតព្រោះនាវានេះស្ថិតក្នុងនោះបញ្ជីខ្មៅនៃការចោទថាបានដឹកប្រេងទៅផ្គត់ផ្គង់ប្រទេសស៊ីរីដែលជាការរំលោភលើច្បាប់ទណ្ឌកម្មអន្ដរជាតិ។

ស្របពេលជាមួយនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo  បានព្រមាន ដល់បណ្ដាប្រទេសណាដែលនៅបន្តលួចលាក់ ធ្វើចំនួញប្រេងជាមួយអ៊ីរ៉ង ដោយចាត់ទុកថា ជាការបំពានបរាមអន្តរជាតិផងដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស