31 C
Phnom Penh

ព្រះមហាក្សត្រសម្រេចបញ្ចប់មុខតំណែងអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក្រោយមានវិវាទដីធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យមួយ ដោយសម្រេចដកតំណែងជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌របស់ លោក សេង សុវណ្ណារ៉ា ក្រោយពេលមានវិវាទដីធ្លីជិត២ពាន់ហិកតានៅតំបន់ដែនអភិរក្សក្នុងខេត្តមណ្ឌលគិរី។ ការដកដំណែងនេះ បន្ទាប់ពីលោកឧបនាយករដ្ឋ              មន្ត្រី ស ខេង ដកចេញពីក្រុមការងារចុះជួយខេត្តមណ្ឌលគិរីកាលពីពេលថ្មីៗនេះផងដែរ។ 

កាលពីខែកក្កដា អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានដកហូតដីពីលោក សេង សុវណ្ណារ៉ា មានទំហំជិត២ពាន់ហិកតា(១ ៧៥៤) ដោយសាររកឃើញថា អតីតមន្ត្រីក្រសួងយុត្តិធម៌រូបនេះបានរំលោភលើដែនអភិរក្សនៅស្រុកអូររាំង និងស្រុកកោះញែកខេត្តមណ្ឌលគិរី។

ការដកតំណែងជាបន្តបន្ទាប់នេះបន្ទាប់ពីមានការបែកធ្លាយលិខិតចំនួន ៣ សន្លឹក របស់លោក សេង សុវណ្ណារ៉ា កាលពីដើមខែកក្កដាដែលបានស្នើសុំធ្វើជាម្ចាស់កម្មសិទ្ធិដីធ្លីចំនួន ៣ ទីតាំងផ្សេងៗគ្នាសរុបមានចំនួនជិត២ពាន់ ហិកតា (១ ៧៥៤) ដោយក្នុងនោះមានលិខិត ២ ត្រូវបានលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ចុះហត្ថលេខាទទួលស្គាល់សិទ្ធិកាន់កាប់ ខណៈទីតាំងទាំង៣ នោះត្រូវបានពលរដ្ឋចេញតវ៉ាថា ជាដីតំបន់អភិរក្ស។

យ៉ាងនេះក្តី ក្រុមប្រជាសហគមន៍ក្នុងខេត្តនេះ ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិល ក៏ជំរុញឱ្យមានការស៊ើបអង្កេតលើអតីតមន្ត្រីក្រសួងយុត្តិធម៌រូបនេះ បន្តទៀត ទោះបីជាលោកត្រូវបានព្រះមហាក្សត្របញ្ចប់ដំណែងក្តី។ ពួកគេថា សំណុំរឿងរំលោភដីរដ្ឋនេះ គឺមានទំហំធំធេង បើប្រៀបធៀបទៅនឹងសំណុំរឿងពលរដ្ឋតូចតាច ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន និងឃុំខ្លួនពាក់ព័ន្ធវិវាទដីធ្លីរបស់ពួកគេកន្លងមក បើទោះបីជាដីទាំងនោះបានត្រឹមតែចិញ្ចឹមមួយពោះរបស់ពលរដ្ឋប៉ុណ្ណោះ។

លោក សេង សវុណ្ណារ៉ា និងសហការីរបស់លោកម្នាក់ទៀតឈ្មោះ យីម៉ៅ ជាជនដៃដល់ដែលតែងដឹកនាំកំលាំងនិស្សិតក្មេងវត្តរបស់រដ្ឋាភិបាល ចុះបង្ក្រាបដោយប្រើអំពើហិង្សាទៅលើ រាល់ការធ្វើបាតុកម្មរបស់ក្រុមចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងក្រុមនិស្សិតឯករាជ្យ ផ្សេងៗទៀតកាលពីអំឡុងឆ្នាំ២០០០៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស