ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានយាងទៅ ពិនិត្យព្រះរោគនៅប្រទេសចិនកាលពីព្រឹកថ្ងៃទី២៦ ខែសីហា នេះ។
ការយាងអញ្ជើញរបស់ព្រះមហាក្សត្រ និងព្រះវររាជមាតា ធ្វើឡើងតាមការយាងរបស់ក្រុមគ្រូពេទ្យចិន ដើម្បីពិនិត្យព្រះរាជសុខភាព ដែលតែងធ្វើឡើងជាទៀងទាត់ពីរដងក្នុងមួយឆ្នាំ ហើយព្រះរាជដំណើរយាងទៅកាន់ប្រទេសចិននេះ មិនទាន់បានកំណត់ថ្ងៃយាងត្រឡប់វិញឱ្យបានជាក់លាក់នៅឡើយទេ។
កាលពីខែមីនា ឆ្នាំ២០១៩នេះ ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី បានយាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាពរួចម្តងមកហើយ តាមការយាងរបស់ក្រុមគ្រូពេទ្យចិន។
អំឡុងពេលព្រះអវត្តមានរបស់ព្រះមហាក្សត្រខ្មែរនៅក្នុងប្រទេសនេះ ប្រធានព្រឹទ្ធសភាលោក សាយ ឈុំ នឹងក្លាយជាប្រមុខរដ្ឋស្តីទី ដើម្បីបំពេញការងារផ្សេងៗជំនួសព្រះមហាក្សត្រ៕