ព័ត៌មានជាតិ

រដ្ឋាភិបាលសម្រេចលុប ឈ្មោះ លោក ផែង វណ្ណៈ ចេញពីក្របខណ្ឌយោធា

By ឌឹ ខេមបូឌា ដេលី

August 28, 2019

រដ្ឋាភិបាលលោកហ៊ុន សែន តាមរយៈឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ នៅថ្ងៃនេះ បានសម្រេចចេញប្រកាសមួយដោយលុបឈ្មោះ លោក ផែង វណ្ណៈ ចេញពីក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ ចាប់ពីពេលនេះតទៅ។

សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិនៅថ្ងៃនេះ បានសម្រេចលុបឈ្មោះ លោក ផែង វណ្ណៈ ដែលមានតួនាទីក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទ ជាវរសេនីយ៍ទោ ឬជាមន្ត្រីស័ក្កបួនកន្លះ ចេញពីក្របខណ្ឌយោធាតែម្តង។ សេចក្តីប្រកាសនេះ បញ្ជាក់ថា ការសម្រេចនេះ ដោយមន្ត្រីយោធារូបនោះ ធ្វើខុសនិងច្បាប់លក្ខន្តិកៈ និងបទវិន័យទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ។

លោកផែង វណ្ណៈ ជាអតីតមន្ត្រីនគរបាលស័ក្ក ៤កន្លះ នៅក្រសួងមហាផ្ទៃ ប៉ុន្តែត្រូវបានប្តូរតួនាទីទៅក្រសួងការពារជាតិវិញ។ លោកក៏ជាមន្ត្រីគណបក្សប្រជាជនកម្ពុជា និងជាមន្ត្រីនគរបាលមួយរូប ដែលធ្លាប់បានបង្ហោះរូបភាពកាំភ្លើង អមដោយគ្រាប់ចំនួន៧គ្រាប់ ថានឹងសម្លាប់ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា កាលពីឆ្នាំ ២០១៣ ប៉ុន្តែមន្ត្រីយោធារូបនេះ មិនត្រូវបានចាប់ខ្លួនឬ យកមកផ្តន្ទាទោសពាក់ព័ន្ធករណីគំរាមសម្លាប់មេបក្សប្រឆាំងពេលនោះឡើយ។

កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ លោក ផែង វណ្ណៈ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១ឆ្នាំ ប៉ុន្តែអនុវត្តទោស តែ២ ខែ១៥ថ្ងៃប៉ុណ្ណោះ ទោសក្រៅពីនោះព្យួរ និងបង្គាប់ឱ្យសងជំងឺចិត្តតាមការទាមទាររបស់អង្គភាពព័ត៌មាន Fresh News ចំនួន១០០រៀល និងពិន័យប្រាក់ចូលរដ្ឋចំនួន ៦លានរៀលពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ ដែលប្រព្រឹត្តនៅលើទំព័រហ្វេសប៊ុក ឈ្មោះ Pheng Vannak News កាលពីថ្ងៃទី ២៩ មីនា។

ប្រភពដដែលនេះ ថាសំណេររបស់លោកផែង វណ្ណៈ ពិតជាមានផែនការច្បាស់លាស់ និងចេតនាទុច្ចរិត ដោយបានធ្វើការប្រៀបធៀប ក្នុងគោលបំណងចោទប្រកាន់ និងទម្លាក់កំហុសទៅលើ លោក ហ៊ុន សែន ថាជាឃាតករសម្លាប់លោក បណ្ឌិត កែម ឡី។

ពាក្យបណ្តឹងរបស់លោក គី តិច បានទាមទារឱ្យតុលាការធ្វើការ               ពិនិត្យ និងចោទប្រកាន់ និងផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរលើឈ្មោះ                     ផែង វណ្ណៈ ទៅតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់ ការប្រព្រឹត្តអំពើល្មើសបន្តទៀត ដែលនាំឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

កាលពីថ្ងៃទី ២៩ មីនា ទំព័រហ្វេសប៊ុក ឈ្មោះ Pheng Vannak News បានសរសេរដោយភ្ជាប់រូបថតពីរសន្លឹក ដោយប្រៀបធៀបសកម្មភាពរបស់លោក ផែង វណ្ណៈ ជាចាងហ្វាងការផ្សាយ និងជានិពន្ធនាយកគហទំព័រ Pheng Vannak News តំណាងអោយម្ចាស់រថយន្ត ដែលបើកបុកនិស្សិតស្រីម្នាក់ យកថវិកា៥ពាន់ដុល្លារទៅចូលបុណ្យដល់ក្រុមគ្រួសារសពនិស្សិត ឌុំ រីដា ប៉ុន្តែត្រូវបានលោកទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ។

ចំណែកសកម្មភាពរបស់  លោក លឹម ជាវុត្ថា អគ្គនាយកអង្គភាព Fresh News តំណាងឱ្យថ្នាក់ដឹកនាំយកថវិកាចំនួន៥ម៉ឺនដុល្លារ ទៅចូលបុណ្យដល់ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ដើម្បីធ្វើចេតិយ ប៉ុន្តែលោកទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ មិនប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយទេ។ ទំព័រហ្វេសប៊ុកដដែលក៏បានចោទ ជាសំណួរថា តើខុសគ្នាដូចម្តេចខ្លះបើកាន់លុយជាតំណាងទៅចូលបុណ្យដូចគ្នា?

លោក ផែង វណ្ណៈ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពឡើងវិញនៅថ្ងៃទី១៨ ខែមិថុនា បន្ទាប់ពីលោកធ្វើលិខិតសុំទោសលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប៉ុន្តែអ្នកវិភាគខ្លះលើកឡើងថាករណីលោក ផែង វណ្ណៈ ជាប់ទោសនោះ គ្រាន់តែជាឆាកល្ខោនសម្តែងដើម្បីបង្វែរស្ថានការណ៍តែប៉ុណ្ណោះ៕