40.3 C
Phnom Penh

សមាជិកអាស៊ានមួយចំនួនត្រៀមធ្វើសមយុទ្ធយោធាជាមួយអាមេរិក ខណៈកម្ពុជាមិនទាន់ឃើញប្រកាសជាផ្លូវការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេសជាសមាជិកអាស៊ាន នឹងធ្វើសមយុទ្ធយោធាលើកដំបូងជាមួយកងទ័ពជើងទឹកសហរដ្ឋអាមេរិក ខណៈអាមេរិក និងចិនកំពុងដណ្ដើមឥទ្ធិពលក្នុងតំបន់ ហើយស្របពេលដែលសមាជិកមួយគឺកម្ពុជា មិនទាន់ឃើញមានប្រកាសថានឹងចូលរួមនៅឡើយទេ។ 

តាមគេហទំព័រ Rappler.com  សមយុទ្ធនេះនឹងត្រូវធ្វើឡើងក្នុងតំបន់ឈូងសមុទ្រថៃ តំបន់ច្រកសមុទ្រម៉ាឡាកា ក្បែរប្រទេសម៉ាឡេស៊ី និងតំបន់សមុទ្រក្បែរប្រទេសវៀតណាម។សមយុទ្ធយោធានេះ មាននាវាចំនួន ៨គ្រឿង និងយន្តហោះចម្បាំង ២គ្រឿង ដោយចាប់ផ្ដើមពីថ្ងៃទី២ដល់ថ្ងៃទី៦កញ្ញា ។

តាមប្រភពដដែលឲ្យដឹងថា សមយុទ្ធទ័ពជើងទឹករួមគ្នាលើកទីមួយរវាងប្រទេសសមាជិកអាស៊ានទាំង១០ និងអាមេរិកនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើការកសាងសន្តិសុខលំហសមុទ្រ និងផ្តោតជាសំខាន់លើការបង្ការ និងបង្រ្កាបសកម្មភាពល្មើសច្បាប់ផ្សេងៗ នៅលើផ្ទៃសមុទ្រ។

សមាជិកដែលចូលរួមក្នុងសមយុទ្ធយោធានេះ នឹងចែករំលែកព័ត៌មាន បង្កើនការស្វែងយល់ និងសហការគ្នាក្រោមច្បាប់អន្តរជាតិ និងច្បាប់របស់ប្រទេសនីមួយៗ។

កម្ពុជា បានដកខ្លួនពីការធ្វើសមយុទ្ធយោធាជាមួយអាមេរិក នៅឆ្នាំ២០១៦ ហើយក្រោយមកកម្ពុជា ទទួលយកការធ្វើសមយុទ្ធជាមួយចិនជំនួសអាមេរិកវិញ។ ប៉ុន្តែនៅពេលជាមួយគ្នានេះកម្ពុជា ក៏ធ្លាប់បានចូលរួមធ្វើសមយុទ្ធរវាងអាស៊ាន និងចិន កាលពីឆ្នាំទៅកន្លងទៅ ដែលគេហៅថាសមយុទ្ធរួមគ្នាការពារសន្តិសមុទ្រក្នុងតំបន។ តំបន់អាស៊ីអាគ្នេយ៍បានក្លាយជាទីតាំងប្រជែងឥទ្ធិពលគ្នាដ៏ស្រួចស្រាល់រវាងមហាអំណាចកុម្មុយនីស្តចិន និងសហរដ្ឋអាមេរិក។

ក្រុងប៉េកាំងបានពង្រីកឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងលើតំបន់មួយនេះ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រ “ខ្សែក្រវ៉ាត់ និងផ្លូវ” ស្របពេលសហរដ្ឋអាមេរិកបានព្យាយាមរាំងខ្ទប់ឥទ្ធិពលរបស់ចិន ដោយអនុវត្តយុទ្ធសាស្រ្ត ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ប្រទេសមួយចំនួន ដូចជា កម្ពុជា និងឡាវ ជាដើម តែងចេញមុខគាំទ្រ និងការពារផលប្រយោជន៍ចិនក្នុងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ស្របពេលប្រទេសអាស៊ានមួយចំនួនទៀតបានជ្រើសរើសយកសហរដ្ឋអាមេរិកជាខ្នងបង្អែកទប់ទល់ជាមួយចិន។

ចំពោះកម្ពុជាវិញ កំពុងត្រូវបានអាមេរិក ចោទថាអនុញ្ញតិអោយមានមូលដ្ឋានទ័ពជើងទឹកចិននៅ កម្ពុជា គឺនៅឆ្នេររាម។ ការធ្វើសមយុទ្ធយោធារវាងអាស៊ាន និងសហរដ្ឋអាមេរិកនេះ ស្របពេលដែលបញ្ហាជម្លោះសមុទ្រចិនខាងត្បូងកំពុងតែតានតឹងខ្លាំង ដោយសារចិនបានបង្កើនសកម្មភាពឥតឈប់ឈរលើតំបន់ជម្លោះ និងបន្ទាប់ពីអាមេរិក សង្ស័យថាឆ្នេររាមរបស់កម្ពុជាទៅថ្ងៃខាងមុខអាចក្លាយជាមូលដ្ឋានទ័ពជើងទឹករបស់ចិនដែលងាយស្រួលក្នុងការចល័តទ័ពទៅសមុទ្រចិនខាងត្បូង។

ចំណែកវៀតណាម និងហ្វីលីពីន កំពុងប្រទាញប្រទង់គ្នា ដណ្ដើមកាន់កាប់ដែនកោះមួយចំនួននៅសមុទ្រចិនខាងត្បូង ប៉ុន្តែចិន ត្រូវបានរាយការណ៍មកថា បានដណ្ដើមកាន់កាប់តំបន់នោះសឹងទាំងស្រុងទៅហើយ បន្ទាប់ពីបានស្ថាបនាកោះសិប្បនិម្មិតចំនួន១០ នៅទីនោះ ដែលជាមូលដ្ឋានទ័ពជើងទឹករបស់ខ្លួន។

អាមេរិក គឺជាមហាអំណាចមួយ មានសក្កានុពលខ្លាំងជាងគេលើពិពភលោក ខាងផ្នែកនាវាចរណ៍។ ចំណែកនៅអាស៊ីអាគ្នេយ៌ សហរដ្ឋអាមេរិក ចាប់យក ការធ្វើនាវាចរណ៍ នៅសមុទ្រចិនខាងត្បូង មានសារសំខាន់បំផុតដើម្បីទប់ឥទ្ធិពលចិន ដែលកំពុងវាតទីយ៉ាងខ្លាំង។

រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo  ដែលចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលដើមខែសីហានេះ ក្រុងវ៉ាស៊ីនតោនបានជំរុញអោយ សមាគមនេះរួមគ្នាទប់ស្កាត់ឥទិ្ធពលចិន ដោយរដ្ឋការរបស់លោកត្រាំបាន ដាក់ចុះនូវយុទ្ធសាស្ត្ររួម ឥណ្ឌូ-ប៉ាស៊ីហ្វិច។ 

តាមសេចក្ដីថ្លែងការណ៍របស់ស្ថានទួតអាមេរិក នៅប្រទេសថៃ សមយុទ្ធដែលមានរយៈពែល៥ថ្ងៃនេះ នឹងចាប់ផ្ដើមនៅថ្ងៃដំបូងគឺនៅខេត្ត ចាន់បុរី ប្រទេសថៃ។

ចំណែក នៅវៀតណាមវិញ គឺចាប់ផ្ដើមពីខេត្ត  Ca Mau ដែលកងទ័ពជើងទឹកអាមេរិក ត្រូវចាប់ផ្ដើមធ្វើចលនាកងទ័ពពីទីនោះ។ ឧត្តមសេនីយ៍ទោ កងទ័ពថៃ និងជាអ្នកនាំពាក្យ គឺលោកKongcheep Tantravanich និយាយថាអាស៊ាន ត្រូវតែធ្វើសមយុទ្ធយោធា ទាំងជាមួយអាមេរិក និងជាមួយចិន ដើម្បីកុំឲ្យមានការប្រជែងគ្នារវាងប្រទេសទាំងពីរនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស