ព័ត៌មានជាតិ

លោក ស ខេង ព្រមានចាត់វិធានការច្បាប់ចំពោះការប្រមូលផ្តុំគ្នាក្រោមឆ័ត្រគណបក្សសង្រ្គោះជាតិ

By ឌឹ ខេមបូឌា ដេលី

August 30, 2019

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងថា អាជ្ញាធរនឹងចាត់វិធានការច្បាប់ចំពោះសកម្មភាពប្រមូលផ្ដុំទាំងឡាយណា ដែលជ្រកក្រោមស្លាកគណបក្សសង្គ្រោះជាតិ ព្រោះជាសកម្មភាពខុសច្បាប់។

លោក ស ខេង បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីស្តីការក្រសួងមហាផ្ទៃថា ពលរដ្ឋមានសិទ្ធិធ្វើនយោបាយដោយសេរីទៅតាមគណបក្សរបស់ខ្លួនដែលបានចុះក្នុងបញ្ជីក្រសួងមហាផ្ទៃដោយស្របច្បាប់ ប៉ុន្តែសម្រាប់សកម្មភាពប្រមូលផ្តុំក្រោមឆ័ត្រអតីតគណបក្សសង្រ្គោះជាតិ លោកបានចាត់ទុកថាជារឿងខុសច្បាប់ ដោយសារគណបក្សនេះត្រូវបានតុលាការកំពូលរំលាយចោលរួចទៅហើយ។

លោក ស ខេង បានចាត់ទុកថា វិធានការរបស់សមត្ថកិច្ចបង្ក្រាបលើក្រុមនេះ ដើម្បីរក្សាសុខសន្ដិភាព និងស្ថេរភាពនយោបាយ ឲ្យស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ប៉ុណ្ណោះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដដែល លើកឡើងថា រដ្ឋាភិបាលលើកទឹកចិត្តដល់ការធ្វើនយោបាយក្រោមគណបក្សស្របច្បាប់ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ ប៉ុន្ដែការធ្វើខុសច្បាប់ មិនត្រូវបានអនុញ្ញាតឡើយ ហើយការប្រមូលផ្តុំដើម្បីផ្តួលរំលំរដ្ឋាភិបាល បច្ចុប្បន្ន រឹតតែត្រូវបង្ក្រាបថែមទៀត។

ការព្រមានជាថ្មីទៀតរបស់លោក ស ខេង ក្រោយពេលអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានប្រកាសពីគម្រោងចូលស្រុកវិញនៅថ្ងៃទី ៩វិច្ឆិកា ខាងមុខ ដោយថានឹងមានពលរដ្ឋរាប់លាននាក់អមដំណើរ និងរង់ចាំទទួលលោកនៅកម្ពុជា។

កាលពីថ្ងៃទី ២៥ ខែសីហា អតីតប្រធានគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេស លោក សម រង្ស៊ី បានអំពាវនាវជាថ្មីទៀតដែរ ដោយអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ បែរចុងកាណុងសំដៅទៅ  លោក ហ៊ុន សែន វិញ ប្រសិនបើលោក ហ៊ុន សែន បញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ បាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់ រាប់លាននាក់ ដែលនឹងមកទទួលលោក នៅថ្ងៃ ០៩ វិច្ឆិកានោះ។

យ៉ាងណាក៏ដោយចុះការប្រមូលផ្តុំគ្នារបស់អតីតមន្ត្រី និងសកម្មជនបក្សសង្រ្គោះជាតិ ក្នុងរយៈពេលចុងក្រោយនេះត្រូវរងការបង្ក្រាប ការបំភិតបំភ័យ គំរាមកំហែង និងការចាប់ខ្លួនជាបន្ទាប់។

របាយការណ៍អង្គការលីកាដូបានឱ្យដឹងថា នៅដើមឆ្នាំ២០១៩នេះ មានអតីតសកម្មជន និងមន្ត្រីគណបក្សសង្រ្គោះជាតិចំនួនជិត១៦០នាក់(១៥៦) ត្រូវបានអាជ្ញាធរ និងតុលាការកោះហៅពាក់ព័ន្ធការសម្តែងមតិ និងជួបជុំគ្នាហូបនំបញ្ចុក។ ដោយឡែកមានអតីតសកម្មជនបក្សប្រឆាំងនិងអ្នករិះគន់រដ្ឋាភិបាលចំនួនជិត ២០នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរដ្ឋាភិបាលលោកហ៊ុន សែន ចាប់ខ្លួន និងឃុំខ្លួនផងដែរ៕