38 C
Phnom Penh

អង្គការជាតិ និងអន្តរជាតិ ស្នើអង្គការសហប្រជាជាតិឱ្យដោះស្រាយវិបត្តិសិទ្ធិមនុស្សនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការជាតិ និងអន្តរជាតិចំនួន ២៨ ដែលធ្វើការងារលើផ្នែកសិទ្ធិមនុស្ស បានដាក់របាយការណ៍របស់ខ្លួនទៅក្រុមប្រឹក្សាភិបាលសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិកាលពីសប្ដាហ៍មុន ដោយចង់ឱ្យ អង្គការកំពូលរបស់ពិភពលោកមួយនេះ ជំរុញឱ្យមានការដោះស្រាយបញ្ហាសិទ្ធិមនុស្ស ដែលបានកើតឡើងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះនៅកម្ពុជា។

វិបត្តិសិទ្ធិមនុស្ស បានកើតមាននៅកម្ពុជាកាន់តែធ្ងន់ធ្ងរ ដែលពួកគេលើកឡើងក្នុងរបាយការណ៍របស់ខ្លួន រួមមានចំណុចសំខាន់ៗមួយចំនួន ដូចជាការប្រើវិធានការបង្ក្រាបលើមានអ្នកនិន្នាការប្រឆាំងរដ្ឋាភិបាល។ ជាក់ស្តែងករណីចាប់និងឃុំខ្លួនប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ការរំលាយគណបក្ស និងការហាមធ្វើនយោបាយលើសមាជិកជាន់ខ្ពស់គណបក្សប្រឆាំងជាង១រយនាក់ កាលពីចុងឆ្នាំ២០១៧។

ការរឹតបណ្តឹងសិទ្ធិសេរីភាពធ្វើបាតុកម្មដោយអហិង្សា និងរឹតត្បិតការងាររបស់ក្រុមអ្នកការពារសិទ្ធិមនុស្ស។ ការវាយប្រហារអ្នកសារព័ត៌មាន និងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ជាពិសេសក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧។

របាយការណ៍របស់ក្រុមអង្គការទាំងនោះលើកឡើងទៀតថា  ចាប់តាំងពីក្រុមប្រឹក្សាភិបាលសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានធ្វើសេចក្ដីសម្រេច កាលពីខែកញ្ញា ឆ្នាំ២០១៧ មក ស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា កាន់តែធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះ សកម្មភាពរបស់                  រដ្ឋាភិបាលកម្ពុជាមុន និងក្រោយការបោះឆ្នោតក្លែងក្លាយកាលពីខែ              កក្កដា ឆ្នាំ ២០១៨ បានបង្ហាញឲ្យឃើញនូវយុទ្ធនាការយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាក្នុងការប្រើអំពើហិង្សា ការគំរាមកំហែង ដើម្បីបំបិទមាត់ ឬបំបាត់សំឡេងក្រុមបក្សប្រឆាំង។ ការបំបាត់សំឡេង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិល ព្រមទាំងក្រុមសហជីពឯករាជ្យដែលហ៊ានរិះគន់រដ្ឋាភិបាល។

ពួកគេថាសកម្មភាពរំលោភសិទ្ធិមនុស្សទាំងនោះ កើតឡើងស្របពេលតុលាការកម្ពុជាខ្វះឯករាជភាពផងដែរ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានទាត់ចោលការលើកឡើងទាំងនេះ  ដោយថាកម្ពុជាមិនបានជួបវិបត្តិសិទ្ធិមនុស្សដូចសេចក្តីរាយការណ៍របស់អង្គការជាតិ អន្តរជាតិទាំងនោះឡើយ។ លោកថា សកម្មភាពកន្លងមកជាការអនុវត្តច្បាប់របស់រដ្ឋដែលមានអធិបតេយ្យមួយប៉ុណ្ណោះ។

យ៉ាងនេះក្តី អង្គការទាំង ២៨ ក៏បានស្នើឲ្យសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សធ្វើការថ្កោលទោស ការវាយប្រហាររបស់រដ្ឋាភិបាលកម្ពុជា លើបញ្ហាសិទ្ធិមនុស្ស និងចាត់វិធានការដោះស្រាយការរំលោភសិទ្ធិមនុស្សទាំងនោះ។

ក្រុមអង្គការដដែល បានស្នើឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិធ្វើការឃ្លាំមើល និងរាយការណ៍អំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងដាក់ចេញនូវវិធានការជាក់លាក់នាកិច្ចប្រជុំខាងមុខ ដើម្បីជំរុញឱ្យកម្ពុជាដើរតាមកាតព្វកិច្ចគោរពនិងលើកកម្ពស់សិទ្ធិពលរដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស