35 C
Phnom Penh

ពលរដ្ឋជាង៣០០នាក់ នៅខេត្តបន្ទាយមានជ័យតវ៉ា ទាមទារឱ្យអាជ្ញាធរផ្តល់បណ្ណកម្មសិទ្ធិដីធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋជាង ៣០០រយនាក់ ដែលតំណាងឲ្យពលរដ្ឋជិត១ពាន់គ្រួសារ នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បាននាំគ្នាតវ៉ាមុខសាលាក្រុងជាប់ព្រំដែនថៃមួយនេះ ដើម្បីទាមទារឱ្យ អាជ្ញាធរចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់។ ការតវ៉ារបស់ពលរដ្ឋទាំងនោះ ធ្វើឡើងរយៈពេល៣ថ្ងៃជាប់ៗគ្នាមកហើយ ក្រោយការទាមទាររបស់ពួកគាត់នៅមិនទាន់មានការដោះស្រាយនៅឡើយ។ 

វីដេអូខ្លីបដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះ បានឱ្យដឹងថាពលរដ្ឋទាំងអស់ដែលតវ៉ាចេញបណ្ណកម្មសិទ្ធិដីធ្លីបច្ចុប្បន្ន គឺ មានចំនួន ជិត១ពាន់គ្រួសារ(៩៦៣) ដោយបានកាន់កាប់ក្បាលដីជិត១ពាន់ក្បាល(៩៧៧) លើទំហំដីជាង១រយហិកតា។ ប៉ុន្តែពួកគេអះអាងថាអាជ្ញាធរមិនព្រមចេញបណ្ណកម្មសិទ្ធិកាន់កាប់ស្របច្បាប់ជូនពួកគាត់ឡើយទោះបីជាពួកគាត់ភាគច្រើនបានកាន់កាប់ដីនោះតាំងពីទសវត្សឆ្នាំ១៩៩០ក៏ដោយ ក្រោមហេតុផលថាដីទាំងនោះគឺមានពលរដ្ឋមួយក្រុមទៀតដាក់ពាក្យបណ្តឹងជំនាស់ដោយអះអាងថាដីនោះជាកម្មសិទ្ធិរបស់ពួកគេដែរ។ 

យ៉ាងនេះក្តី អាជ្ញាធរបានចេញមកសម្របសម្រួលការតវ៉ានោះ ដោយថានឹងដោះស្រាយបញ្ហានេះទៅតាមនីតិវិធីនៅពេលក្រោយ។

វិបត្តិដីធ្លីនៅកម្ពុជានៅតែកើតមានឡើងឥតឈប់ឈរ ក្រោយពេលគេមើលឃើញថាតម្លៃដីធ្លីនៅពេលបច្ចុប្បន្នហក់ឡើងខ្ពស់ ហើយតម្រូវការដីសម្រាប់ពលរដ្ឋ និងក្រុមហ៊ុនអភិវឌ្ឍន៍ក៏មានការកើនឡើងដែរ។ 

លើសពីនេះបច្ចុប្បន្ននៅតែមានពលរដ្ឋក្នុងតំបន់មួយចំនួនឡើងមកសុំកិច្ចអន្តរគមន៍ពីរដ្ឋាភិបាលនៅរាជធានីភ្នំពេញពាក់ព័ន្ធជម្លោះដីធ្លីជាមួយក្រុមហ៊ុនឬ ក្រុមអ្នកមានប្រាក់ ខណៈប្រមុខដឹកនាំរដ្ឋាភិបាល លោក ហ៊ុន សែន ធ្លាប់បានព្រមានថា រដ្ឋាភិបាលលោកនឹងដកហូតដំណែងអភិបាលខេត្តណា ដែលមិនព្រមដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ បណ្តោយឱ្យពួកគាត់ឡើងមកដល់ភ្នំពេញ។

ទោះបីជាព្រមានខ្លាំងៗបែបនេះក្តី គេនៅមិនទាន់ឃើញអភិបាលខេត្តណាមួយត្រូវបានដកហូតនោះឡើយ ទោះបីជាពលរដ្ឋខេត្តនោះឡើងមកដល់ក្បែរផ្ទះលោកដើម្បីសុំកិច្ចអន្តរាគមន៍ពីស្ថាប័នជាតិធំៗឱ្យជួយដោះស្រាយក៏ដោយ។ ជាក់ស្តែង ពលរដ្ឋដែលតែងឡើងមកដល់ភ្នំពេញ រួមមានពលរដ្ឋខេត្តកោះកុង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តកំពត និងខេត្តព្រះសីហនុជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស