28 C
Phnom Penh

អាជ្ញាធរខេត្តឧត្តរមានជ័យ សម្រេចបិទផ្លូវមួយចំនួនជាបណ្តោះអាសន្ន មិនឲ្យប្រជាពលរដ្ឋដឹកកសិផលឆ្លងកាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយសារបញ្ហាជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃចុងក្រោយនេះ អាជ្ញាធរខេត្តឧត្តរមាជ័យ បានសម្រេចផ្អាកការធ្វើចរាចរណ៍ ដោយដឹកទំនិញឬកសិផលធ្ងន់ៗឆ្លងកាត់ផ្លូវមួយចំនួនក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ដើម្បីការពារសុវត្ថិភាពពលរដ្ឋ និងបង្ការមិនឱ្យផ្លូវធ្វើដំណើរទាំងនោះកាន់តែរងការខូចខាតកាន់តែខ្លាំង ព្រោះទឹកកំពុងជន់លិចខ្លាំងនៅតំបន់មួយចំនួន ពិសេសនៅចំណុចស្ពានតាម៉ុក ខណៈស្ថានភាពទឹកនៅជន់លិចផ្លូវខ្លាំងដដែល មិនទាន់មានការថយនោះឡើយ។

ទំព័រហ្វេសប៊ុករបស់រដ្ឋបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ បានលើកឡើងនៅថ្ងៃនេះដោយស្នើសុំដល់ ពលរដ្ឋទាំងអស់ចូលរួមសហការ ក្នុងការបញ្ចៀសគ្រោះមហន្តរាយធ្ងន់ធ្ងរចំពោះការលិចលង់ដោយជំនន់ទឹកភ្លៀងនៅពេលនេះ។

ប្រភពដដែល មើលឃើញថាស្ថានភាពលិចលង់ ដោយសារជំនន់ទឹកភ្លៀងតាមបណ្តាស្រុកភូមិមួយចំនួនក្នុងខេត្តនេះ បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនារយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ បានបណ្ដាលឱ្យភូមិមួយចំនួននៅក្នុងសង្កាត់កូនគ្រៀល សង្កាត់សំរោង ក្រុងសំរោង ទទួលរងផលប៉ះពាល់ជាបណ្តើរៗ។

អាជ្ញាធរ បានស្វែងរកដំណោះស្រាយ តាមរយៈការយកគ្រឿងចក្រ ជីកកាយមុខទឹក នៅទីតាំងដែលបង្កឱ្យមានការកកស្ទះ និងដាក់លូរំដោះទឹកជាដើម។ 

ពាក់ព័ន្ធបញ្ហាទឹកជំនន់នេះ កាលពីថ្ងៃម្សិលមិញ រដ្ឋាភិបាលបានចេញសារាចរណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីទាំងអស់ ត្រូវចាត់វិធានការចាំបាច់នានា ត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ ដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់ទ្រព្យសម្បត្តិ នានា ព្រមទាំងអាយុជីវិតរបស់ប្រជាពលរដ្ឋតែម្តង។

ការណែនាំនេះ ស្របពេលក្រសួងធនធានទឹក និងឧតុនិយមព្យាករថា យ៉ាងយូរត្រឹមថ្ងៃទី ១០កញ្ញាកម្រិតទឹកទន្លេមេគង្គផ្នែកខាងលើដែលមានខេត្តមួយចំនួន ដូចជាខេត្តស្ទឹងត្រែង ក្រចេះ និងកំពង់ចាមទឹកនឹងហក់ឡើងលើសពីកម្រិតប្រកាសអាសន្ន។

រីឯ កម្ពស់ទឹកទន្លេមេគង្គក្រោម ទន្លេបាសាក់ ទន្លេសាប និងទឹកក្នុងបឹងទន្លេសាប នឹងហក់ឡើងជិតដល់កម្រិតប្រកាសអាសន្នផងដែរ។ លើសពីនេះ ស្ថានភាពទឹកនៅតាមបណ្តាស្ទឹង ព្រែកមួយចំនួន នឹងកើនឡើងជាបន្តបន្ទាប់ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស