38 C
Phnom Penh

ល្បែងសង្រ្គាមអាមេរិកប្រឆាំងចិន ចាប់ផ្តើមហើយ ដោយយក តំបន់អាស៊ាន ជាទីតាំងបង្ហាញឥទ្ធិពលរបស់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅទីបំផុត ល្បែងសង្រ្គាម របស់អាមេរិក បានចាប់ផ្ដើម ហើយ ដោយយកតំបន់អាស៊ាន ជាទីតាំងនៃការបង្ហាញអំណាច និងឥទ្ធិពលកងទ័ពរបស់ខ្លួន។ ល្បែងនេះ មានរយៈពេល ៥ថ្ងៃដោយចាប់ផ្ដើម ធ្វើឡើងកាលពីថ្ងៃទី២ កញ្ញា ដល់ថ្ងៃទី៦កញ្ញា។

ប្រទេសក្នុងសមាគមអាស៊ានដែល ជួយអោយមានល្បែងនេះឡើងគឺប្រទេសថៃ។ រាជរដ្ឋាភិបាលថៃបច្ចុប្បន្ននេះ ពុំមែនជារដ្ឋាភិបាល រដ្ឋប្រហារទៀតឡើយ។ រាជរដ្ឋាភិបាលថៃ គឺជាគណៈរដ្ឋមន្ត្រីចម្រុះ ១៩ គណបក្ស ដែលកើតចេញពីការបោះឆ្នោតសភាកាលពីខែមីនាឆ្នាំ២០១៩ ដែលគេហៅថា រដ្ឋាភិបាល ពហបុក្ស សភាពហុបក្ស គឺមិនអាចងាកទៅរក របបផ្ដាច់ការ បានឡើយ។

ក្រោយការបោះឆ្នោតភ្លាម សហរដ្ឋអាមេរិក បានប្រកាសទទួលស្គាល់      រដ្ឋាភិបាលថ្មីនេះ ដែលទាញរាជាណាចក្រថៃ ត្រឡប់មករកអាមេរិក ធ្វើជាដៃគូជាមួយគ្នាឡើងវិញ លើវិស័យការពារជាតិ។ ដូច្នេះហើយ ដែលលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា សម្រេចចិត្ត ធ្វើជាសហអ្នករៀបចំ សមយុទ្ធទ័ពជើងទឹក អាសាន-អាមេរិក នេះឡើង។

ល្បែងសង្រ្គាម ឬហៅម្យ៉ាងថា សមយុទ្ធយោធានេះ គឺចាប់ផ្ដើម សម្ដែងលើឈូងសមុទ្រថៃជាប់ដែនទឹកកម្ពុជា ដោយមាននាវាចម្បាំងធំៗ ៨គ្រឿងនិងយន្តហោះ៤គ្រឿង មានកងទ័ពជាង១ពាន់នាក់មកពីសមាជិកអាស៊ាន ១០ប្រទេស និងកងទ័ពអាមេរិក។ ប៉ុន្តែសំណួរសួថាតើមុនដល់ការបង្កើតល្បែងសង្រ្គាមនេះឡើង មានកត្តាអ្វីដែលរុញច្រានអោយមានព្រឹត្តិការណ៍នេះ។

អ្វីដែលជាការការកត់សំគាល់ គឺកត្តាពង្រីកឥទិ្ធពល នយោបាយសន្តិសុខតំបន់របស់ចិន ដែលគេសង្ស័យថា ចិនកំពុងចាប់យកប្រទេសមួយជាសមាជិកអាស៊ាន គឺកម្ពុជា ធ្វើជាមូលដ្ឋានទ័ពជើងទឹករបស់ចិននៅ ឆេ្នររាម ភាគនីរតីនៃប្រទេសកម្ពុជា។ សាព័ត៌មានរបស់អាមេរិក  The Wall Street Journal ធ្លាប់ចុះផ្សាយថា ឆេ្នរសមុទ្ររាមរាប់សិបហិចតា នឹងក្លាយជា ទីតាំងមូលដ្ឋានទ័ពជើងទឹកចិន ព្រោះទីនោះ មាន ទឹកជ្រៅ ដែលអាចអោយកប៉ាល ធំចូលចតបាន ហើយ គេអាចសា្ថបនា ដីគោកសម្រាប់យន្តហោះចុះចតបានទៀតផង។

សាព័ត៌មានដដែលចុះផ្សាយទៀតថា ទីតាំងនោះអាចនឹងស្ថាបនា រួចរាល់នៅខែឧសភា ឆ្នាំ២០២០ ហើយចុងក្រោយនឹងក្លាយជាមូលដ្ឋានទ័ពជើងទឹករបស់ចិន ។

ប៉ុន្តែអ្នកនាំពាក្យ ក្រសួងការពារជាតិ កម្ពុជាបានបដិសេធ ការចុះផ្សាយរបស់កាសែតអាមេរិក មួយនេះ។ យ៉ាងណាក៏ដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានអរគុណណាស់ដែល               កម្ពុជា អះអាងថា កម្ពុជា ដាច់ខាតមិនអាចក្លាយជាទីតាំងរបស់កងទ័ពបរទេសណាមួយឡើយគឺសូម្បីតែចិនក៏គ្មានដែរ។

នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន  កាលពីដើមខែសីហា ប្រមុខការទូតអាមេរិករូបនេះ ដែលក្រោយពីអរគុណកម្ពុជា ស្រាប់តែ លោកបានទទូចអោយសមាគមអាស៊ាន ជួយទប់ស្កាត់ការវាតទីយោធានិយមរបស់ចិននៅក្នុងតំបន់។ លោកថា អាមេរិក មានការព្រួយបារម្ភ អំពីអសន្តិសុខក្នុងតំបន់ បើវៀតណាម ឬក៏ហ្វីលីពីន ប៉ះគ្នា លើសមរភូមិនៃសមុទ្រចិនខាងត្បូងជាមួយចិន ស្របពេលដែលចិនបានរឹបអូសកាន់កាប់កោះមួយចំនួនរបស់ប្រទេសទាំងពីរនេះបានបណ្ដើរៗហើយនោះ។

មើលទៅដោយសារតែសង្ស័យថា ឆ្នេររាមកម្ពុជា ទៅថ្ងៃអនាគត ជាទីតាំងកងទ័ពជើងទឹកចិន លោករដ្ឋមន្ត្រី  Mike Pompeo ចង់ឃើញ អាស៊ាន សហការជាមួយអាមេរិក ការពារដែនទឹករបស់ខ្លួន។

ប៉ុន្តែមិនយូរប៉ុន្មានផង ប្រទេសថៃ បានសម្រេចចិត្តធ្វើជា អ្នករៀបចំ និងសហការជាមួយអាមេរិកក្នុងការធ្វើសមយុទ្ធទ័ពជើងទឹក អាស៊ាន -អាមេរិក ដែលជាព្រឹត្តិការណ៍លើកដំបូង។ ហើយ ឱកាសល្អទៀតនេះ គឺ ឆ្នាំ២០១៩នេះ ថៃក៏ជាប្រធានប្រចាំឆ្នាំ អាស៊ានដែលចង់មិនចង់ឃើញ ប្រទេសណាមួយ បដិសេធមិនចូលរួមនោះឡើយ។ ប្រទេសថៃ និយាយថា បើប្រទេសណាមួយមិនចូលរួម មានន័យថាប្រទេសនោះ មិនបានតាំងខ្លួនជាសមាជិកអាស៊ានឡើយ។ សមយុទ្ធនេះ វៀតណាម គាំទ្រខ្លាំងជាងគេ ដែលបានទាញតំបន់អាស៊ាន ប្រែក្លាយជាតំបន់ សម្ដែងសង្គា្រមរបស់អាមេរិក ប្រឆាំងចិន។   

ប៉ុន្តែមានការចោទសួរថាតើ ចិនអាចលេងល្បែងនេះ ជាមួយអាស៊ានទាំង១០ប្រទេស បានដូចអាមេរិក ដែរឬទេ? ចម្លើយ ថាអាច ប៉ុន្តែនឹងមានការលំបាកបន្តិច ពីព្រោះវៀតណាម ទំនងមិនអាចចូលរួមជាមួយចិនបានឡើយ ដោយសារតែវៀតណាមចាត់ទុកចិនកំពុងវាតទីឈ្លានពានដែនទឹករបស់ខ្លួននៅ ប្រជុំកោះប៉ារ៉ាហ្សែលបានបណ្ដើរៗហើយនោះ។

ដោយឡែក ហ្វីពីលីពីនវិញ ក៏ថាមិនត្រូវដែរព្រោះដែនសមុទ្រហ្វីលីពីនក៏ចិនបានរំលោភផងដែរ។ 

យ៉ាងណាក៏ដោយ ល្បែងសង្រ្គាមដែលអាមេរិកលេង ជាមួយប្រទេសអាស៊ាន ទាំង១០នេះ បានប្រែក្លាយមុខមាត់ និងឥទិ្ធពលអាមេរិក យ៉ាងខ្លាំង ក្នុងតំបន់ ហើយសម្រាប់ចិនមានតែឈឺចាប់ និងត្រៀមបង្កើតយុទ្ធសាស្ត្រថ្មី បង្ហាញអាមេរិកតែប៉ុណ្ណោះ៕  

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស