38 C
Phnom Penh

សហជីព និងសមាគមចំនួន៤ ចេញលិខិតយាងព្រះមហាក្សត្រអន្តរាគមន៍ដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហភាពសហជីពកម្ពុជា សហព័ន្ធសហជីពកម្ពុជា  និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ព្រមទាំងសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា បានផ្ញើលិខិតរួមគ្នាមួយ ទូលថ្វាយព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ អំពីបញ្ហានយោបាយនៅកម្ពុជា ពិសេសការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។
ក្នុងលិខិតរួមគ្នាកាលពីថ្ងៃពុធនោះ ពួកគេបានទូលថ្វាយព្រះមហាក្សត្រអំពីស្ថានភាពវិបត្តិនយោបាយនៅកម្ពុជា ដូចជាបញ្ហាលទ្ធិប្រជាធិបតេយ្យកាន់តែធ្លាក់ចុះ។

ការលោភសិទ្ធិមនុស្ស ការគាបសង្កត់ទៅលើសេរីភាពជួបជុំសម្ដែងមតិដោយសន្តិវិធី និងអហិង្សា ការរឹតត្បិតសេរីភាពសារព័ត៌មាន ព្រមទាំងការគំរាមកំហែងដល់ក្រុមបក្សនយោបាយប្រឆាំងកាន់តែកើនឡើងឥតឈប់ឈរ ដែលនាំឲ្យមានការបំពានរដ្ឋធម្មនុញ្ញ និងរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយ៉ាងធ្ងន់ធ្ងរ។

ដោយសារវិបត្តិនយោបាយកាន់តែចម្រូងចម្រាស ហើយបញ្ហាដកប្រពន្ធអនុគ្រោះពន្ធ EBA និង GSP របស់អាមេរិក កាន់តែដើរទៅមុខ ដោយនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋរាប់សិបម៉ឺននាក់ ទើបពួកគេលើកឡើងក្នុងលិខិតនោះ ដោយយាងព្រះវត្តមានរបស់ព្រះមហាក្សត្រខ្មែរ ដើម្បីប្រើព្រះរាជបុព្វសិទ្ធិពិសេសរបស់ព្រះអង្គ កោះប្រជុំ និងសម្របសម្រួលតួអង្គអ្នកនយោបាយខ្មែរ ទាំងគណបក្សប្រជាជន កម្ពុជា និងគណបក្សសង្រ្គោះជាតិ។

លិខិតដដែលអះអាងថាការធ្វើបែបនេះឱ្យអ្នកនយោបាយត្រូវរូវគ្នាឡើងវិញ ដើម្បីលទ្ធិប្រជាធិបតេយ្យ និងធានាប្រក្រតីភាពនៅកម្ពុជាឡើងវិញ តាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ។

យ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាលលោកហ៊ុន សែន ធ្លាប់បានអះអាងថា កម្ពុជាគ្មានវិបត្តិនយោបាយទេ មានតែអ្នកនយោបាយរត់ចោលស្រុក និងជាប់គុកប៉ុណ្ណោះ ហើយថាការយាងព្រះវត្តមានព្រះមហាក្សត្រ ក៏មិនមានភាពចាំបាច់អ្វីនោះដែរ។

 
កាលពីខែកុម្ភៈ ឆ្នាំ២០១៩ គណៈកម្មាធិការសហភាពអឺរ៉ុបប្រកាសចាប់ផ្តើមដំណើរការជាផ្លូវការនៃការអនុវត្តនីតិវិធីពិនិត្យលើប្រព័ន្ធអនុគ្រោះពន្ធ EBA  ដែលមានរយៈពេល ១៨ ខែ។ កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៩នេះ គណៈកម្មធិការសហភាពអឺរ៉ុបបានបញ្ចប់ការពិនិត្យលើលទ្ធភាពនៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដែលមានរយៈពេល៦ខែ។

ជាងនេះទៅទៀត សហរដ្ឋអាមេរិកធ្លាប់បានប្រាប់ផ្លូវដល់អ្នកនយោបាយខ្មែរដើម្បីបញ្ចៀសនូវការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប ដោយគ្រាន់តែធ្វើតាមការទាមទាររបស់អឺរ៉ុប ពាក់ព័ន្ធការស្តារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។ ពិសេសការដោះលែងប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា និងអ្នកនយោបាយផ្សេងទៀតជាដើម។

អាមេរិកក៏ថែមទាំងបានផ្តល់ដំបូន្មានដល់អ្នកនយោបាយខ្មែរ ឱ្យតម្កល់ផលប្រយោជន៍ជាតិធំជាង ផលប្រយោជន៍នយោបាយឬផលប្រយោជន៍ផ្ទាល់ខ្លួនទៀតផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស