27.5 C
Phnom Penh

កម្ពុជា ត្រៀមសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនចាំបាច់ ប្រើឯកសារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីរដ្ឋាភិបាលបានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីអនុវត្តកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនបាច់ប្រើក្រដាសស្នាម។

ទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម បានដកស្រង់សម្តីរបស់ អ្នកស្រី តឹករ៉េត  រដ្ឋលេខាធិការក្រសួងមួយនេះចុះផ្សាយថា ការត្រៀមសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនបាច់ប្រើក្រដាសស្នាមនេះ នឹងធ្វើឡើង តាមរយៈការចូលជាសមាជិកសន្ធិសញ្ញាអង្គការសហប្រជាជាតិ ស្តីពីប្រតិបត្តិការនេះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ 

លើសពីនេះ ការបង្កើតគណៈកម្មាធិការបញ្ជរតែមួយជាតិ និងការប្រើប្រាស់ច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក ដែលបច្ចុប្បន្នច្បាប់នេះកំពុងរង់ចាំរដ្ឋសភាជាតិធ្វើការអនុម័ត ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

រដ្ឋលេខាធិការដដែល បានលើកឡើងដូច្នោះកាលពីថ្ងៃម្សិលមិញ នាឱកាសអញ្ជើញជាអធិបតី «ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើកិច្ចសម្រួលពាណិជ្ជកម្មឆ្លងព្រំដែនដោយមិនបាច់ប្រើក្រដាសស្នាមនៅកម្ពុជា» ដែលរៀបចំឡើងនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។

អ្នកស្រី តឹករ៉េត កំរង បានបញ្ជាក់ពីសក្តានុពល និងសារៈសំខាន់នៃកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនបាច់ប្រើក្រដាសស្នាម សម្រាប់បម្រើការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា និងការជំរុញប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាពនៃលំហូរពាណិជ្ជកម្មនៅតាមប្រទេសក្នុងតំបន់ ដើម្បីបង្កើតភាពសុខដុមនីយកម្មសម្រាប់ពិភពលោក ក្នុងរយៈពេលយូរអង្វែង។

អ្នកស្រីបន្តថា កម្ពុជាប្តេជ្ញាជំរុញពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនបាច់ប្រើក្រដាសស្នាម តាមរយៈការកែសម្រួលនីតិវិធីរដ្ឋបាល ការធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្ន័យគយ (ASYCUDA)។ ការដាក់ចេញនូវកំណែទម្រង់ និងវិធានការសម្រួលពាណិជ្ជកម្មដ៏មុតស្រួច។ ការធ្វើបច្ចុប្បន្នភាព និងដាក់ឱ្យដំណើរការយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (CTIS) ឆ្នាំ២០១៩-២០២៣ និងការចងក្រងច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក ជាដើម។

កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ កម្ពុជាបានចុះហត្ថលេខាលើក្របខ័ណ្ឌកិច្ចព្រមព្រៀង ស្តីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្លងព្រំដែនដោយមិនបាច់ប្រើក្រដាសស្នាមនៅអាស៊ីប៉ាស៊ីហ្វិក។

គោលបំណងនៃការចុះហត្ថលេខានេះ  ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព ព្រមទាំងធានាបាននូវការគោរពបទដ្ឋានគតិយុត្ត ដែលនឹងផ្តល់អត្ថប្រយោជន៍រយៈពេលវែង ដល់ប្រទេសក្នុងតំបន់។

កាលពីខែខែកក្កដា ក្រុមពាណិជ្ជករអឺរ៉ុបប្រចាំកម្ពុជា បានចេញផ្សាយសៀវភៅស ដោយក្នុងនោះ បានលើកឡើងពីបញ្ហាជាមួយនីតិវិធីដ៏ស្មុគស្មាញនៃការផ្ដល់ឯកសារជាក្រដាសទៅឲ្យមន្ត្រីគយនៅពេលដែលទំនិញមកដល់កម្ពុជា។

បន្ថែមពីនេះ ការបង់ថ្លៃសេវាគយនៅកម្ពុជាមិនមានប្រព័ន្ធណាមួយដែលអាចធ្វើការបង់តាមប្រព័ន្ធអេឡិចត្រូនិចនៅឡើយទេ។ បញ្ហាទាំងនេះ ពួកគេជំរុញដល់រដ្ឋាភិបាលផ្លាស់ប្ដួរនីតិវិធីទាំងនេះឱ្យទៅជាការប្រើប្រាស់តាមប្រព័ន្ធអេឡិចត្រូនិចវិញ ដើម្បីរក្សា និងបង្កើនពាណិជ្ជករឱ្យកាន់តែច្រើនមកកម្ពុជា ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស