40.9 C
Phnom Penh

មន្រ្តីរដ្ឋាភិបាលហៅការទាមទាររបស់អាមេរិកឲ្យដោះលែងលោក កឹម សុខា ថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ព្រមានថា អាមេរិកមិនត្រូវលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ ពីព្រោះវាជាការរំលោភលើដែនអធិបតេយ្យរបស់កម្ពុជា។

អ្នកនាំពាក្យរូបនេះបានប្រាប់សាព័ត៌មាន The Cambodia Daily ថាករណីរបស់លោក កឹម សុខា កំពុងស្ថិតក្នុងនីតិវិធីតុលាការរបស់តុលាការនៅឡើយ ហើយថាលោកនៅមិនទាន់ដឹងថាតើ លោក  កឹម សុខា នឹងត្រូវដោះលែងវិញនៅពេលណានោះទេ។

ការអះអាងរបស់លោក សុខ ឥសាន ធ្វើឡើងក្រោយពីសហរដ្ឋ អាមេរិក បានជំរុញជាថ្មីទៀតឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ដោះលែងប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ព្រមទាំងប្រគល់សិទ្ធិនយោបាយនិងសិទ្ធិពលរដ្ឋដល់លោក និងអ្នកទាំងឡាយណា ដែលត្រូវបានរដ្ឋាភិបាលចាប់និងឃុំខ្លួនកន្លងមកដោយទំនើងចិត្ត។

ការស្នើនេះ ដោយអាមេរិកចង់ឃើញរដ្ឋាភិបាលលោកហ៊ុន សែន បង្ហាញជំហានជាវិជ្ជមានជាក់លាក់ ដើម្បីផ្សះផ្សាជាតិ តាមរយៈស្តារស្ថានភាពនយោបាយនិងគោរពសិទ្ធិមនុស្សឡើងវិញ។

ថ្លែងក្នុងវីដេអូរយៈពេល១នាទីលើទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅថ្ងៃនេះ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ម័រហ្គេន អ័រតាហ្អឹស (Morgan Ortagus) បានលើកឡើងថា  ការចោទប្រកាន់ លោក កឹម សុខា កន្លងមក គឺធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវ។

លើសពីនេះ ការឃុំខ្លួនប្រធានគណបក្សប្រឆាំងមួយនេះ គ្មានការជំនុំជម្រះ ឬបង្ហាញភស្តុតាងដែលអាចជឿទុកចិត្តបានឡើយ។ សហរដ្ឋអាមេរិកជាថ្មីទៀត នៅតែអំពាវនាវឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ដោះលែងនិងទម្លាក់ចោលរាល់ការចោទប្រកាន់លើ លោក កឹម សុខា និងអ្នកដទៃទៀតដែលត្រូវបានឃុំខ្លួនតាមទំនើងចិត្តរបស់រដ្ឋាភិបាលលោកហ៊ុន សែន។

អ្នកស្រីបន្តថា រដ្ឋអំណាចត្រូវប្រគល់ឡើងវិញនូវសិទ្ធិនយោបាយនិងសិទ្ធិជាពលរដ្ឋឱ្យលោកឹម សុខា និងដោះលែងអ្នកទាំងឡាយណា ដែលត្រូវបានឃុំខ្លួនតាមទំនើងចិត្ត។

បន្ថែមពីនេះ អាមេរិកជំរុញដល់ រដ្ឋាភិបាលកម្ពុជា ប្រកាន់នូវជំហានជាក់ស្តែង ដើម្បីជំរុញឲ្យមានការផ្សះផ្សាជាតិឡើងវិញ ដោយអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល អាចដំណើរការដោយគ្មានការភ័យខ្លាច ការគំរាមកំហែងឬការសងសឹក ដោយការអនុវត្តសិទ្ធិរបស់ពួកគេ ក្នុងការបញ្ចេញមតិ និងការជួបជុំគ្នា ដោយគ្មានការរារាំងស្ថិតនៅក្រោមច្បាប់ ។

មន្ត្រីនាំពាក្យផ្នែកការទូតរបស់សហរដ្ឋអាមេរិករូបនេះថា ការចាប់ខ្លួនលោក កឹម សុខា ការរំលាយគណបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំ និងការដកហូតដំណែងសមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោតដោយត្រឹមត្រូវជាង៥ពាន់នាក់របស់បក្សប្រឆាំង គឺជាទង្វើបំផ្លាញលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាផងដែរ។

នេះមិនមែនជាលើកទី១ទេ ដែលសហរដ្ឋអាមេរិកបានទទូចឱ្យ រដ្ឋាភិបាលលោកហ៊ុន សែន វិលទៅរកភាពប្រក្រតីផ្នែកនយោបាយ និងការគោរពសិទ្ធិមនុស្សឡើងវិញ។

ជាក់ស្តែងតាំងពីដើមឆ្នាំ២០១៩នេះ សហរដ្ឋអាមេរិកតែងទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែង និងទម្លាក់ចោលរាល់ការចោទប្រកាន់ទៅអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា អ្នកនយោបាយ ព្រមទាំងអ្នករិះគន់រដ្ឋាភិបាលផ្សេងទៀត ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួន ក្រោមហេតុផលអនុវត្តច្បាប់របស់រដ្ឋអំណាច។ 

អាមេរិកហៅការចាប់និងឃុំខ្លួនទាំងនោះ ថាធ្វើឡើងដោយអយុត្តិធម៌ គ្មានភស្តុតាង ក្នុងគោលដៅដើម្បីបង្ក្រាបទៅលើសំឡេងប្រឆាំងរដ្ឋាភិបាលតែប៉ុណ្ណោះ។ ក្រៅពីការទាមទារឱ្យស្តារស្ថានការណ៍នយោបាយនៅកម្ពុជាឡើងវិញ ប្រទេសមហាអំណាចមួយនេះ ក៏បានណែនាំដល់អ្នកនយោបាយខ្មែរ រក្សាផលប្រយោជន៍ជាតិធំជាងផលប្រយោជន៍ផ្ទាល់ខ្លួន ឬ ផលប្រយោជន៍នយោបាយ។

គណបក្សសង្គ្រោះជាតិឱ្យដឹងថា មកទល់ពេលនេះ មានថ្នាក់ដឹកនាំមន្ត្រី និងសកម្មជននយោបាយរបស់ខ្លួនជាង២០នាក់ហើយ ដែលត្រូវបានរដ្ឋាភិបាលលោកហ៊ុន សែន ចាប់ និងឃុំខ្លួន។

ចំណែកអង្គការលីកាដូ បានឱ្យដឹងដែលថា គិតមកទល់ចុងខែសីហា កន្លងទៅនេះ យ៉ាងហោចណាស់មានអតីតមន្ត្រី និងសកម្មជនបក្សប្រឆាំងមួយនេះ ជិត១៦០នាក់ហើយ ដែលត្រូវបានមន្ត្រីនគរបាល និងតុលាការកោះហៅឱ្យចូលបំភ្លឺជុំវិញការជួបប្រជុំសម្តែងមតិ និងហូបនំបញ្ចុករបស់ពួកគេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស