អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលសម្តែងការខកចិត្តជាខ្លាំង ចំពោះបំណងច្រានចោលភាពជាដៃគូរវាងអង្គការសង្គមស៊ីវិលចំនួន៣ រួមមានអង្គការការពារសិទ្ធិមនុស្សលីកាដូ សមាគមធាងត្នោត និងអង្គការតម្លាភាពកម្ពុជា។
ការសោកស្តាយនេះ ក្រោយពេលអង្គការ និងសមាគមទាំងបីនេះ បានសម្រេចបដិសេធ មិនចូលរួមកិច្ចប្រជុំផ្ទៃក្នុងជាមួយមន្ត្រីរដ្ឋាភិបាល តបតាមការអញ្ជើញដើម្បីបកស្រាយជុំវិញការចេញសេចក្តីថ្លែងការណ៍ និងរបាយការណ៍របស់ខ្លួនកន្លងមក ដោយរដ្ឋាភិបាលចាត់ទុកថាធ្វើឱ្យខូចកិត្តិយសរបស់ខ្លួន។
សេចក្តីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃនេះ បានចាត់ទុកទង្វើរបស់អង្គការ និងសមាគមទាំងបី ដែលមិនព្រមចូលរួមកិច្ចប្រជុំបិទទ្វាជាមួយរដ្ឋាភិបាលពេលនេះ ថា គ្មានបំណងក្នុងកិច្ចសហប្រតិបត្តិការភាពជាដៃគូ និងការទទួលខុសត្រូវចំពោះរបាយការណ៍ ដែលពួកគេបានចេញផ្សាយកន្លងមកនោះទេ។ អង្គភាពមួយនេះ អះអាងថាការចេញរបាយការណ៍របស់ពួកគេ បានធ្វើឱ្យប៉ះពាល់ដល់ដល់សមិទ្ធិផលរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារ កសាង និងអភិវឌ្ឍន៍ជូនប្រទេស និងប្រជាជាតិកម្ពុជា។
យ៉ាងនេះក្តី ក្នុងលិខិតចំនួនពីរដាច់ដោយឡែកពីគ្នា របស់គណៈគ្រប់គ្រងអង្គការលីកាដូនិងសមាគមធាងត្នោត ផ្ញើជូនលោកផៃ ស៊ីផាន នៅថ្ងៃនេះ បានលើកឡើងថា មូលហេតុដែលអង្គការនេះ និងសមាគមធាងត្នោត មិនព្រមចូលរួមកិច្ចប្រជុំចង្អៀត តាមការអញ្ជើញរបស់មន្ត្រីរាជរដ្ឋាភិបាលនោះ ដោយសំអាងថា ក្នុងកិច្ចប្រជុំបិទទ្វាកាលពីថ្ងៃទី ៤កញ្ញា ដែលរៀបចំឡើងដោយរដ្ឋាភិបាល អង្គការលីកាដូ និងសមាគមធាងត្នោត បានចូលរួមនិងបកស្រាយ ជុំវិញរបាយការណ៍របស់ខ្លួន ស្តីពី បញ្ហា មីក្រូហិរញ្ញវត្ថុ និងផលប៉ះពាល់នានាកើតឡើងចំពោះពលរដ្ឋកូនបំណុល រយៈពេលជាង២ម៉ោង ជាមួយតំណាងស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងស្ថាប័នផ្សេងទៀតនៅទីស្តីការគណៈរដ្ឋមន្ត្រីនោះ គឺគណៈគ្រប់គ្រងលីកាដូ និងសមាគមធាងត្នោតយល់ស្រប និងឯកភាពជុំវិញការពន្យល់បកស្រាយក្នុងកិច្ចប្រជុំពេលនោះរួចទៅហើយ។ ក្រោមហេតុផលនេះ អង្គការនិងសមាគមទាំងពីរ បញ្ជាក់ថា គ្មានអ្វីដែលត្រូវបកស្រាយ និងពន្យល់បន្ថែមទៀតនោះទេ។
រីឯអង្គការតម្លាភាពនៅកម្ពុជា បញ្ជាក់ក្នុងលិខិតមួយផ្ញើទៅលោក ផៃ ស៊ីផាន កាលពីថ្ងៃទី៥ ខែកញ្ញា ដោយសម្តែងការសោកស្តាយត្បិតនាយកប្រតិបត្តិអង្គការរបស់ខ្លួន គឺ លោក ព្រាប កុល មិនអាចចូលរួមកិច្ចប្រជុំចង្អៀត តបតាមការអញ្ជើញរបស់រដ្ឋាភិបាលបាន ដោយសារលោក ព្រាប កុល ជាប់បេសកកម្មនៅក្រៅប្រទេស។
ទោះបីជាយ៉ាងណាក៏ដោយ លោក ព្រាប កុល បានកត់សម្គាល់ថា ថ្មីៗនេះ មានការអញ្ជើញប្រធានស្ថាប័នឬអង្គការ សង្គមស៊ីវិលពីសំណាក់រាជរដ្ឋាភិបាល ក្រោយមានការធ្វើអត្ថាធិប្បាយ អំពីបញ្ហាសង្គម និងក្រោយមានការសម្តែងមតិនៅតាមរយៈសារពត៌មាន ដែលនេះលោកថា គឺជាការវិវត្ត ថ្មីមួយនៅកម្ពុជា គួរជាទីចាប់អារម្មណ៍៕