34 C
Phnom Penh

សមត្ថកិច្ចឃាត់ខ្លួន ជនជាតិចិនជាង១០០នាក់ សង្ស័យករណីជំរិតតាមប្រព័ន្ធអ៊ីនធឺណិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចជំនាញនៃស្នងការនគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនជនជាតិចិនជា១០០នាក់(១០៥) ក្នុងនោះមានស្រីចំនួន១០នាក់ កាលពីថ្ងៃម្សិលមិញ ដោយសង្ស័យថាពាក់ព័ន្ធការចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត (VOIP) ។

គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថាប្រតិបត្តិការចាប់ខ្លួនជនជាតិចិនជាង១រយនាក់នេះ ធ្វើឡើងកាលពីរសៀលថ្ងៃម្សិលមិញស្ថិតនៅអាគារពាណិជ្ជកម្ម SUNTOWN សង្កាត់អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ ហើយបានបញ្ជូនខ្លួនពួកគេទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធី។

ប្រភពដដែល បានដកស្រង់ប្រសាសន៍របស់ នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ជា ចិត្រា បានឲ្យដឹងថាក្នុងប្រតិបត្តិការនេះ ដោយមានកិច្ចសហការជាមួយមន្ត្រីតុលាការ ក្រោយរកឃើញថា ជនជាតិចិនទាំងនោះពាក់ព័ន្ធការស្នាក់នៅខុសច្បាប់ និងសង្ស័យប្រព្រឹត្តសកម្មភាពចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត ឬហៅថាVOIP ទៀតផង។

មកទល់ខែកញ្ញានេះ សមត្ថកិច្ចជំនាញនៅមិនទាន់បង្ហាញតួលេខជាក់លាក់អំពីការចាប់ខ្លួនជនជាតិចិន ពាក់ព័ន្ធបទល្មើសផ្សេងៗនៅកម្ពុជាក្នុងឆ្នាំ២០១៩នៅឡើយ ប៉ុន្តែគេសង្កេតឃើញថាករណីចាប់ខ្លួនជនជាតិចិនទ្រង់ទ្រាយធំតែងកើតឡើងចាប់តាំងពីដើមឆ្នាំ២០១៩មក។

កាលពីខែមិនា ឆ្នាំ២០១៩ ជនជាតិចិនជិត២០០នាក់ (១៦៣)ត្រូវឃាត់ខ្លួននៅខេត្តសៀមរាបពាក់ព័ន្ធការបើកល្បែងស៊ីសងតាមប្រព័ន្ធ              អ៊ីនធឺណិត និងបើកល្បែងខុសច្បាប់។ ក្រោយមកនៅខែកក្កដា                អាជ្ញាធរខេត្តព្រះសីហនុបានឃាត់ខ្លួនមនុស្សជាង១០០នាក់ភាគច្រើនជាជនជាតិចិន និងរឹបអូសគ្រឿងញៀន រួមជាមួយសម្ភារប្រើប្រាស់មួយចំនួន នៅក្នុងក្លឹបកម្សាន្តរបស់ចិនមួយកន្លែងឈ្មោះ អូបាម៉ា  ។

នៅក្នុងខែសីហា សមត្ថកិច្ចកម្ពុជាបានសហការជាមួយសមត្ថកិច្ចចិនចាប់ខ្លួនជនជាតិចិនជាង១២៧នាក់ ដែលជាប់ពាក់ព័ន្ធករណីចាប់ជំរិតប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត(VOIP)។ ក្រោយកសាងសំណុំរឿងចប់ ជនជាតិចិនដែលប្រព្រឹត្តបទល្មើសទាំងនោះ សមត្ថកិច្ចកម្ពុជា តែងសម្រេចបណ្តេញពួកគេទាំងនោះចេញទៅកាន់ប្រទេសដើមវិញ តាមរយៈយន្តហោះពិសេសចិន មកទទួលដល់ប្រទេសកម្ពុជាតែម្តង៕  

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស