40.9 C
Phnom Penh

រដ្ឋាភិបាលអំពាវនាវជាថ្មីទៀត ឱ្យពលដ្ឋប្រុងប្រយ័ត្នជុំវិញគ្រោះទឹកជំនន់ ដោយទឹកនឹងហក់ឡើងកាន់តែខ្លាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលលោក ហ៊ុន សែន បានអំពាវនាវជាថ្មីទៀត ឱ្យពលរដ្ឋ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ បង្កើនការប្រុងប្រយ័ត្ន និងមានវិធានការចាំបាច់នានា ដើម្បីត្រៀមទប់ទល់និងគ្រោះថ្នាក់ជំនន់ ដែលនឹងកើនឡើងជាថ្មីទៀត ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ក្នុងសារាចរណែនាំរបស់រដ្ឋាភិបាលនៅថ្ងៃនេះ បានអះអាងថា រយៈពេលជិតមួយសប្តាហ៍មកហើយ ដែលទឹកជំនន់ទន្លេមេគង្គបង្កការលិចលង់យ៉ាងធ្ងន់ធ្ងរ សម្រាប់បណ្តាខេត្តនៅជាប់ដងទន្លេមេគង្គផ្នែកខាងលើ ។ សារាចរដដែលបញ្ជាក់ថា ទោះបីទឹកចាប់ផ្តើមស្រកបន្តិច ប៉ុន្តែការស្រកនោះមានភាពយឺតយ៉ាវ ស្របពេលទឹកជំនន់មានបរិមាណច្រើន ហើយភ្លៀងធ្លាក់ពីកម្រិតទាប ទៅបង្គួរនៅតាមតំបន់រងផ្ទៃទឹកទន្លេមេគង្គនៅតែបន្តកើតមាន។

លើសពីនេះ អ្វីដែលសំខាន់នោះ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា ចាប់ពីថ្ងៃទី ១២កញ្ញាទៅ កម្ពុជានឹងរងប្រព័ន្ធសម្ពាធទាបថ្មីមួយទៀតកើតឡើង ហើយរំកិលខ្លួនចុះមកភាគខាងក្រោមប៉ះខេត្តស្ទឹងត្រែង និងខេត្តប៉ាក់ សេប្រទេសឡាវ។

ប្រព័ន្ធសម្ពាធទាបថ្មីនេះ នឹងបង្កឱ្យមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន  ដែលជំរុញឱ្យទឹកទន្លេមេគង្គហក់ឡើងខ្លាំងជាថ្មីទៀត ហើយធ្វើឱ្យទឹកជំនន់ឆ្នាំ២០១៩នេះ ត្រូវបានចាត់ទុកថាជាជំនន់ធំ។

របាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅដើមខែនេះ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនិងជំនន់ទន្លេមេគង្គបានបង្កឱ្យមានពលរដ្ឋ៣នាក់ស្លាប់និងជិត៣ពាន់គ្រួសារ  ត្រូវជម្លៀសពីផ្ទះសម្បែង ទៅកាន់ទីទួលមានសុវត្ថិភាព។

បណ្តាខេត្តតាមបណ្តោយដងទន្លេមេគង្គប្រឈមនឹងការលិចលង់ធ្ងន់ធ្ងរជាងគេ រួមមានខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និង ខេត្តត្បូងឃ្មុំ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស