ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា បន្លែដែលនាំចូលពី ថៃ វៀតណាម និងចិន ដើម្បីបំពេញតម្រូវទីផ្សារនៅកម្ពុជាសព្វថ្ងៃនេះបានថយចុះប្រមាណ៥០ភាគរយ ។
រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន បានបញ្ជាក់ថា កម្ពុជានាំចូលបន្លែពីក្រៅប្រទេស ចន្លោះពី ២០០តោន ទៅ៤០០តោនក្នុងមួយថ្ងៃនៅឆ្នាំ២០១៩ បានប្រែប្រួលជាខ្លាំង ដោយសារ ពលរដ្ឋខ្មែរបច្ចុប្បន្នអាចមានសមត្ថភាពបង្កើនបរិមាណ ផលិតបន្លែដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារដោយខ្លួនឯង។
ប៉ុន្តែក្រុមការងារ១០០រាត្រី ដែលដឹកនាំដោយសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ បានរកឃើញថា ទំនិញប្រភេទចំណីអាហារ នៅកម្ពុជាសម្រាប់បរិភោគបច្ចុប្បន្ន ភាគច្រើនគឺ នាំចូលពីប្រទេសវៀតណាម ដោយពួកគេរកឃើញថាជាប្រភេទទំនិញអន់គុណភាព និងមានផ្ទុកសារធាតុគីមី។
ក្នុងរបាយការណ៍១០០រាត្រី ដែល The Cambodia Daily ទើបទទួលបានបង្ហាញថា មានចំណីអាហារ ដូចជា បន្លែ ត្រី សាច់ និងគ្រឿងឧបភោគ គ្មានគុណភាពផ្សេងទៀត អាចនាំចូលពីប្រទេសវៀតណាម មកកម្ពុជា ដោយសេរីបាន និងធ្វើឱ្យផលិតផលក្នុងស្រុកពិបាកប្រកួតប្រជែង។
បញ្ហាទាំងនេះ កើងឡើងដោយសារកង្វះការត្រួតពិនិត្យទំនិញ ឬចំណីអាហារដែលនាំចូលមកកម្ពុជា។ កង្វះឧបករណ៍ត្រួតពិនិត្យ និងកង្វះប៉ុស្តិ៍ត្រួតពិនិត្យចំណីអាហារ នៅតាមច្រកព្រំដែនប្រទេសទាំងពីរ។ ក្រុមនេះឲ្យដឹងថា ច្រកព្រំដែនតូចៗ ឬ ច្រករបៀងជាច្រើន ដែលបង្កភាពងាយស្រួលក្នុងការនាំចូលទំនិញខុសច្បាប់ ជាពិសេសចំណីអាហារដែលគ្មានការត្រួតពិនិត្យត្រឹមត្រូវ។
ការអនុវត្តច្បាប់ឬ ការត្រួតពិនិត្យទំនិញនាំចូលពីប្រទេសវៀតណាម ត្រូវបានធ្វើឡើងដោយមនោសញ្ចេតនា និងអំពើពុករលួយ ជាដើម។
យ៉ាងក៏ដោយ កន្លងមករដ្ឋាភិបាលតែងអះអាងថា ខ្លួនបានចេញវិធានការម៉ឹងម៉ាត់មិនឱ្យទំនិញខូចគុណភាពឬ ទំនិញខុសច្បាប់ចូលកម្ពុជានោះឡើយ៕