31 C
Phnom Penh

អ្នកវិភាគនយោបាយសង្គមលោក គឹម សុខ ប្រតិកម្មថា ការចោទប្រកាន់លោកថាលក់ខ្លួនឲ្យគណបក្សកាន់អំណាច ទោះ ១០០ជាតិទៀតក៏មិនអាចក្លាយជាការពិតដែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយសង្គមលោក គឹម សុខ បានសម្តែងប្រតិកម្មចំពោះ ការលាបពណ៌ដែលមូលដ្ឋាន គ្មានការពិចារណា បំផុសសម្អប់ឥតខ្លឹមសារ វាយប្រហារដោយបំភ័ន្តភ្នែកពលរដ្ឋខ្មែរថា លោកខ្លួនឲ្យអ្នកនេះ ឬអ្នកនោះ។ លោកបន្តថា អ្នកទោសមនសិការ ដើម្បីសិទ្ធិសេរីភាពពលរដ្ឋខ្មែរទូទៅ ក្នុងការតស៊ូដើម្បីបានរបបសង្គមប្រជាធិបតេយ្យសេរីពហុបក្ស សំរាប់មាតុភូមិកម្ពុជា។

លោក គឹម សុខ អះអាងថា លោកបានជ្រើសរើសយកផ្លូវបំពេញបេសកកម្មសម្រាប់គោលដៅជាតិ ក្នុងស្មារតីសាមគ្គីជាមួយអ្នកប្រជាធិបតេយ្យទាំងឡាយ ដែលនាំឲ្យលោកប្ដេជ្ញាចិត្តក្នុងសកម្មភាពប្រជាធិបតេយ្យសេរីពហុបក្សដែលជាសេចក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ។

ប្រតិកម្មរបស់លោក គឹម សុខ ធ្វើឡើងក្រោយពីលោកបានផ្តល់បទសម្ភាសន៍ក្នុងកម្មវិធី Idea Talk របស់សាព័ត៌មាន The Cambodia Daily កាលពីដើមសប្តាហ៍នេះ ដោយលោកផ្តល់ការអត្ថាធិប្បាយថា ប្រសិនបើលោកសមរង្ស៊ីមិនហ៊ានចូលស្រុកនៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខទេ នោះលោក សមរង្ស៊ី គួរតែងាកមករកការបង្រួបបង្រួមផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិឲ្យមានសាមគ្គីភាពជាធ្លុងមួយវិញទៅ។

ក្រោយពីមានការបកស្រាយដូច្នេះហើយ លោក គឹម សុខ ត្រូវបានគណនីហ្វេសប៊ុកជាច្រើនដែលគេសង្ស័យថាជាក្រុមដែលគាំទ្រលោក សមរង្ស៊ី បាននាំគ្នាប្រតិកម្មស្រោចមកលើលោក គឹម សុខ ដោយប្រើពាក្យសម្អប់ជាច្រើន និងបានចោទថាលោក គឹម សុខ បានលក់ក្បាលឲ្យអ្នកនេះ ឬអ្នកនោះជាដើម។

លោក គឹម សុខ អះអាងថា ក្រុមអ្នកប្រមើលស្រមៃមួលបង្កាច់រូបលោកកំពុងយល់សប្តិថា លោកលក់ខ្លួនឲ្យអ្នកនេះឬអ្នកនោះ ដើម្បីលាភសក្ការៈផ្ទាល់ខ្លួន។ លោកបន្តថា ទោះបីពួកគេខំស្រែកចោទលោក ១០០ជាតិទៀត ក៏ការស្រមៃរវើរវាយបែបនេះ មិនអាចក្លាយជាការពិតដែរ ហើយពួកគេនឹងខ្មាសខ្លួនឯងនៅថ្ងៃណាមួយ បើអ្នកអស់នោះនៅសល់សតិសម្បជញ្ញៈជាមនុស្សខ្លះ។ លោកបន្តថាលោកដឹងថា ពេលណាដែលត្រូវធ្វើអ្វី និងនិយាយពីជ្រុងណា ក្នុងបេសកកម្មលះបង់ដើម្បីបុព្វហេតុប្រជាធិបតេយ្យជាតិ ដែលមិនមែនស្វែងរក             ឱកាសលក់ខ្លួនចង់បានប្រយោជន៍ពីក្រុមណាមួយឡើយ។

ជាងនេះទៅទៀត លោក គឹម សុខ បានអង្វរករកំពូលមេតួឯកប្រជាធិបតេយ្យ ឲ្យចេះដាក់ខ្លួនបង្រួបបង្រួមគ្នា ដែលនេះទើបជាវិធីក្លាយជាតួឯកពិត ហើយលោកនឹងលះបង់គ្រប់យ៉ាង ដើម្បីជួយជ្រោមជ្រែងហើយគ្មានការទាមទារមុខមាត់តួនាទីអ្វីទាំងអស់។

លោកបន្តថាប្រសិនបើអ្នកមិនដាក់ខ្លួន ដើម្បីប្រមូលអ្នកប្រជាធិប                 តេយ្យជាកម្លាំងរួមធំបានទេ នោះពាក្យថា “ជយឃោសប្រជាធិបតេយ្យ!” ដែលអ្នកប្រឹងបំពង គ្រាន់តែធ្វើឲ្យក្រុមមនុស្សបុគ្គលនិយមកាន់តែវ៉ល់ ចេញលទ្ធផលជាការបែកបាក់ និងកម្សោយ ដែលគ្មានពន្លឺឈ្នះកុម្មុយនិស្ដបានឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស