ពិតជារឿងគួរចាប់អាមរម្មមែន ដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានបណ្ដេញទី ប្រឹក្សាសន្តិសុខជាតិរបស់លោក ពីតំណែង គឺលោក John Bolton ។ តែអ្វីនាំអោយលោកត្រាំបណ្ដេញលោក Bolton បើតាមអ្នកសង្កេតការណ៍ មកពី ទីប្រឹក្សារូបនេះ ព្យាយាមរុញអាមេរិក អោយធ្វើសង្រ្គាម វាយលុកលើប្រទេសអ៊ីរ៉ងដែលធ្វើអោយ អ៊ីរ៉ង់ប្រតិកម្មនិងសងសឹក។ ដំណឹងពីការបណ្ដេញលោក Bolton នេះ គឺមានការចុះផ្សាយយ៉ាងព្រោងព្រាតនៃប្រព័ន្ធផ្សព្វផ្សាយ អន្តរជាតិ ជាពិសេស ប្រព័ន្ធផ្សព្វផ្សាយ នៃប្រទេសអ៊ីរ៉ង់។ មិនយូរប៉ុន្មានផង លោក ប្រធានាធិបតី អ៊ីរ៉ង់ Hassan Rouhani បាន សារទរ ដោយ ហៅ លោកBolton ថាជាជនល្មោភសង្រ្គាម ហើយជាជនបរាជ័យ ក្នុងការផែនការឈ្លានពានអ៊ីរ៉ង។
នាយសេនាធិការកងទ័ពអ៊ីរ៉ង់ ឧត្តមសេនីយ៍ Mahmoud Vaezi បាននិយាយថា ផែនការចង់បង្កសង្រ្គាម គឺមើលទៅ ចប់ហើយ ព្រោះជនល្មោភសង្រ្គាម ម្នាក់នេះ ត្រូវបានបញ្ចប់តំណែង។
ប្រធានាធិបតី ដូណាល់ត្រាំ បានប្រកាសលើ Tweeter របស់លោក កាលពីថ្ងៃអង្គារទី១០ ខែកញ្ញាថា លោកបានសម្រេចបណ្ដេញលោក John Bolton ពីតំណែងនេះហើយ ដែលការណ៍នេះដោយសារលោក និងលោក Bolton មិនចុះសម្រុងនឹងគ្នា រឿងគោលនយោបាយ នៃប្រទេសអ៊ីរ៉ង់។
ប៉ុន្តែ មានពាក្យលិចឮថា លោកត្រាំនិង ប្រធានាធិបតីអ៊ីរ៉ង់ Rouhani អាចនឹងជួបគ្នានៅក្រុងញូវយ៉ក នៅពេលមេដឹកនាំទាំងពីរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅសប្ដាហ៍ក្រោយនេះ ដែលជាជំនួបកំពូល ពាក់ព័ន្ធនឹងភាពតានតឹងនៅលើឈូងសមុទ្រពែក្ស។ ស្របពេលនេះ ទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយថា ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani នៅថ្ងៃនេះបាននិយាយថា ការចង់ឈ្លានពានអ៊ីរ៉ង គឺពិតជាបរាជ័យ តែ លោកថាក្រុងតេអេរ៉ង់ ក៏ត្រៀម កាត់បន្ថយថែមទៀតក្នុងការសន្យាផលិតសារធាតុអុយរ៉ាញូម អោយតែអាមេរិក ដកចេញភ្លាមនូវការដាក់ទណ្ឌកម្ម លើ អ៊ីរ៉ង់។
លោកបានប្រាប់គណៈរដ្ឋមន្ត្រីរបស់លោកថា អាមេរិកត្រូវស្វែងយល់អំពីភាពគ្រោះថ្នាក់នៃការឈ្លានពាន ហើយត្រូវបោះបង់ចោល មហិច្ឆតាល្មោភសង្រ្គាម។
តែមិនដល់ប៉ុន្មានម៉ោងផងស្រាប់តែ ទីភ្នាក់ងារសារព័ត៌មាន AFP ដដែលនេះ ធ្វើសេចក្ដីរាយការណ៍ជាថ្មីថា លោកRouhani បានច្រានចោលការចុះផ្សាយថា លោកសប្បាយចិត្តចង់ជួបលោកត្រាំនៅ ឯមហាសន្និបាតអង្គការសហប្រជាជាតិ ទោះជា មានព័ត៌មានលិចចេញពីសេតវិមានថា លោកត្រាំ ចង់ជួបលោកRouhani ដោយពុំមានលក្ខខ័ណ្ឌជាមុន។
ប្រេសិតរបស់ អ៊ីរ៉ង់ នៅក្រុងញូយ៉កឲ្យដឹងថា ក្រុងតេអេរ៉ង់ត្រូវការជំនួបមួយ ក្នុងក្រមខ័ណ្ឌនៃ ប្រទេសកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ដែលអាមេរិក ដកខ្លួនហើយនេះ។
អ្នកជំនាញកិច្ចការការទូត Takht-Ravanchi និយាយថា ការបណ្ដេញ លោក Bolton គឺជារឿងផ្ទៃក្នុងរបស់អាមេរិក ច្រើនជាងបញ្ហាអ៊ីរ៉ង។ លោកថា គេមិនត្រូវ វាយតម្លៃភ្លាមថា ភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់អាច ចុះថយវិញឆាប់ៗនេះឡើយ គឺកុំទាន់ធ្វើការសន្និដ្ឋានដូចនេះ។ តែបានតាមអ្នកសង្កេតការណ៍ច្រើនទៀត ហាក់យល់ស្របនឹងការយល់ឃើញរបស់អ្នកជំនាញកិច្ចការទូតនេះដែរ។ ពួកគេថា ភាពផុយស្រួយនៃការបង្កសង្រ្គាមលើឈូងសមុទ្រពែក្សនៅមានកម្រិតខ្ពស់នៅឡើយ៕