31 C
Phnom Penh

លោក សម រង្ស៊ី ចេញមុខជាផ្លូវការជំរុញឱ្យលោក ស ខេង ផ្តួលរំលំលោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅទិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានជំរុញឱ្យ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ព្រមទាំងបក្ខពួករបស់ខ្លួន ត្រូវត្រៀមក្រោកឡើងដើម្បីប្រឆាំងក្រុមលោកហ៊ុន សែន ឱ្យបានមុន ជៀសវាងក្រុមលោក ហ៊ុន សែន ផ្តួលរំលំខ្លួនទាន់។

ការថ្លែងនេះ ធ្វើឡើងនៅក្នុងវីដេអូខ្លីបដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ លោក សម រង្ស៊ី បាននិយាយត្រង់ៗ ទៅកាន់ លោក ស ខេង ដោយអះអាងថា ក្រុម ហ៊ុន សែន នឹងកម្ចាត់ចោលក្រុមស្នេហាជាតិរបស់លោក ស ខេង មិនខានក្នុងពេលខាងមុខ ព្រោះតែក្រុមលោក ស ខេង មិនស្ថិតនៅក្នុងត្រកូលហ៊ុន។

អតីតប្រធានគណបក្សប្រឆាំងរូបនេះ បានអំពាវនាវឱ្យលោក ស ខេង និងមន្ត្រីជាន់ខ្ពស់ផ្នែកកងយោធា ត្រូវប្រញាប់រួមកម្លាំងជាមួយពលរដ្ឋ ដើម្បីកម្ចាត់ក្រុមលោក ហ៊ុន សែន ជៀសវាងគេកម្ចេចក្រុមរបស់                  ខ្លួនមុន។

លោក សម រង្ស៊ី លើកឡើងទៀតថារយៈពេលចុងក្រោយនេះ លោក ហ៊ុន សែន ទទួលបរាជ័យ ក្នុងគម្រោង ពីរយ៉ាង គឺ គម្រោងសមាជ               គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២២ សីហា ដោយមិនអនុញ្ញាតិឲ្យ ហ៊ុន សែន កែប្រែរចនាសម្ព័ន្ធរបស់រដ្ឋ ដើម្បីត្រៀមដាក់កូនគាត់គឺលោក ហ៊ុន ម៉ាណែត ឱ្យឡើងកាន់តំណែងជំនួស ដោយប្រការនេះគឺ រំលងលោកសខេង។


លោកសម រង្ស៊ី អះអាងថា បរាជ័យទី២របស់លោក ហ៊ុន សែន គឺមិនអាចបំបែកក្រសួងមហាផ្ទៃជាពីរបាន ដើម្បីដកកម្លាំងនគរបាល ចេញពីការគ្រប់គ្រងរបស់ ស ខេង ប៉ុន្តែផ្ទុយទៅវិញ ស ខេង បច្ចុប្បន្នកាន់តែមានឥទ្ធិពលខ្លាំងជាងមុនថែមទៀត។

កាលពីចុងខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា វាជារឿងដែលមិនអាចទៅរួចទេ ដែលលោក ស ខេង ធ្វើរដ្ឋប្រហារទម្លាក់រូបលោក ដើម្បីយកអំណាចទៅឱ្យអ្នកដទៃនោះទេ។

លោក ហ៊ុន សែន បានផ្ញើសារទៅកាន់ដៃគូប្រឆាំងរបស់ខ្លួនថា អនុប្រធានគណបក្សប្រជាជានកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មិនល្ងង់ដល់ថ្នាក់ធ្វើរដ្ឋប្រហារ និងបក្សប្រហារទម្លាក់លោកចេញពីតំណែង ហើយយកអំណោចឱ្យមេបក្សប្រឆាំងនោះទេ។

លោកហ៊ុន សែន ក៏បានព្រមានអំពីហានិភ័យថា ការធ្វើរដ្ឋប្រហារណាមួយ នឹងនាំកម្ពុជាទៅរកវិបត្តិនៃសង្គ្រាមតែម្តង និងគ្មានឡើយសន្តិភាពសម្រាប់ប្រទេសមួយនេះ។ ទាក់ទងនឹងការជំរុញឱ្យលោក ស ខេង ប្រឆាំងក្រុមលោកហ៊ុន សែននេះ កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានសម្រេចចិត្តប្តឹង លោក សម រង្ស៊ី ទៅតុលាការពីបទញុះញង់ ដោយលោកថាការប្តឹងនោះ ជាការដាស់តឿនដល់អ្នកនយោបាយមួយចំនួនឲ្យប្រកាន់ខ្ជាប់នូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងគុណធម៌ក្នុងវិជ្ជាជីវៈ។

ការប្តឹងនោះ ធ្វើឡើងក្រោយពេលលោក សម រង្ស៊ី បានប្រកាសថាលោក ឌី វិជ្ជា ដែលជាកូនប្រសារលោកហ៊ុន កំពុងរៀបចំគម្រោងសងសឹកឱ្យឪពុក ដោយសហការជាមួយក្រុមលោក ស ខេង ក្នុងការកម្ចាត់ចោលលោកហ៊ុន សែន និងបក្ខពួកតែម្តង។

យ៉ាងណា លោក ស ខេង អះអាងការប្តឹងនេះក៏ជាការព្រមានទៅអ្នកនយោបាយផ្សេងទៀត ថាត្រូវចៀសវាងការប្រឌិតព័ត៌មានសម្រាប់ញុះញង់ បំផុសបំផុល ក្នុងចេតនាទុច្ចរិតមួលបង្កាច់ និងបំបែកបំបាក់ក្រុមដទៃ ក្នុងគោលបំណង និងមហិច្ឆិតាអគតិរបស់ខ្លួន ។ លើសពីនេះ    លោកថាការប្តឹងនោះ ដើម្បីទាមទារយុត្តិធម៌ដល់រូបលោក និងអ្នករងគ្រោះទាំងអស់ ដែលត្រូវបានលោក សម រង្ស៊ី លាបពណ៌ និងចោទប្រកាន់បំភ្លៃការពិតកន្លងមក៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស