30 C
Phnom Penh

រដ្ឋាភិបាល និងសភាពាណិជ្ជកម្មអឺរ៉ុប ចុះកិច្ចព្រមព្រៀងរួមគ្នាប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលតាមរយៈគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EUROCHAM) បានចុះកិច្ចព្រមព្រៀងរួមគ្នា ជាលើកដំបូងដើម្បីប្រឆាំងផលិតផលក្លែងក្លាយដែលចរាចរនៅលើទីផ្សារក្នុងប្រទេសកម្ពុជា។

ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ឬ MOU នាព្រឹកនេះនៅទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងឱកាសចុះកិច្ចព្រមព្រៀងនេះ ភាគីពាក់ព័ន្ធកម្ពុជា និងអ្នកវិនិយោគអឺរ៉ុប ប្តេជ្ញាធ្វើការងាររួមគ្នាជុំវិញបញ្ហានេះ ដោយភាគីអ្នកជំនួញថានឹងផ្តល់ព័ត៌មានស្តីពីការចរាចរផលិតផលក្លែងក្លាយនៅកម្ពុជាទៅកាន់មន្ត្រីជំនាញ។ រីឯមន្ត្រីជំនាញរដ្ឋាភិបាលក៏ប្តេជ្ញាទប់ស្កាត់ និងបង្ក្រាបបទល្មើសឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។

គណៈកម្មាធិការមួយនេះ បញ្ជាក់ថា អាជ្ញាធរកម្ពុជាបានឈានដល់កិច្ចព្រមព្រៀងបែបនេះ ចំពេលដែលក្រុមអ្នករកស៊ីទាំងនោះអះអាងថា មានឈ្មួញខិលខូចមួយចំនួននៅស្រុកខ្មែរ បានលក់ផលិតក្លែងក្លាយបន្លំម៉ាក បន្លំគុណភាព ដែលប៉ះពាល់ដល់អ្នកជំនួញអឺរ៉ុបដែលរកស៊ីនៅកម្ពុជា និងប៉ះពាល់ដល់សុខមាភាពរបស់ពលរដ្ឋកម្ពុជាទៀតផង។

របាយការណ៍របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បង្ហាញថា កាលពីឆ្នាំ២០១៨ ស្ថាប័ននេះ បានបង្ក្រាបផលិតផលនៅកម្ពុជាសព្វថ្ងៃ រួមមាន ឱសថក្លែងក្លាយ ឱសថអន់គុណ បញ្ហាចំណីអាហារខូចគុណភាព គ្រឿងសម្អាងមានផ្ទុកសារធាតុគីមីពុល ផលិតផលលួចចម្លង ការរំលោភកម្មសិទ្ធិបញ្ញាជាដើម។ ផលិតផលក្លែងក្លាយខ្លះ ត្រូវបានផលិតនៅកម្ពុជា និងផលិតផលខ្លះនាំចូលពីបរទេស។

កាលពីខែមីនាឆ្នាំ២០១៩ ស្ថាប័ននេះបានរៀបចំពិធីដុតកម្ទេចផលិតផលក្លែងក្លាយចំនួនជាង ៧០តោន ហើយនៅក្នុងពិធីនោះ រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង ក៏បានបន្ទោសអង្គភាពក្រោមឱវាទនេះថា អសមត្ថភាពក្នុងការរកឱ្យឃើញឈ្មួញល្មើសច្បាប់ទាំងនេះ។ លោក ស ខេង ប្រកាសថា លោកនឹងមិនចូលរួមដុតកម្ទេចផលិតផលក្លែងក្លាយលើកក្រោយៗទៀតឡើយ បើសិនជាសមត្ថកិច្ចចាប់អ្នកប្រព្រឹត្តិល្មើសច្បាប់មិនបាន។

ក្រោយការព្រមានបែបនេះ ទើបគេសង្កេតឃើញការបង្ក្រាបផលិតផលក្លែងក្លាយនិងខូចគុណភាពមួយចំនួននាពេលថ្មីៗនេះ មានការចាប់ខ្លួនអ្នកពាក់ព័ន្ធ និងម្ចាស់អាជីវកម្មទៀតផង៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស