នាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីស៊ូលីត បានប្រកាសថា រដ្ឋាភិបាលឡាវនឹងមិនអនុញ្ញាតឬ បណ្តោយឱ្យជនជាប់ចោទ និងអ្នកទោសទាំងឡាយណាប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីបំផ្លាញសន្តិសុខ ប្រទេសជិតខាងនោះឡើយ។
ថ្លែងក្នុងសន្និសីទកាសែតរួមគ្នាជាមួយលោក ហ៊ុន សែន នាថ្ងៃនេះ នៅវិមានសន្តិភាព លោក ថងលូន ស៊ីស៊ូលីត បានអះអាងថារដ្ឋាភិ បាលរបស់ខ្លួននិងមិនឱ្យព័ត៌មានដែលថា លោក សម រង្ស៊ី អាចនឹងប្រើប្រាស់ទឹកដីឡាវ ដើម្បីចូលកម្ពុជាក្លាយជាការពិតនោះឡើយ។
លោកមិនដឹងថាព័ត៌មាននេះបានពីណាទេ ដោយថាជាព័តមានបំបែកបំបាក់ទំនាក់ទំនងប្រទេសទាំងពីរ។ តែទោះជាយ៉ាងនេះក្តី នាយករដ្ឋ មន្ត្រីឡាវរូបនេះ ប្តេជ្ញាថា នឹងមិនរឿងនេះកើតឡើងបានឡើយ ហើយក៏មិនបណ្តោយឱ្យករណីអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បំផ្លាញទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ឡាវបានជាដាច់ខាត។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រីឡាវនេះ ធ្វើឡើងក្រោយពេលលោក ហ៊ុន សែន បានចោទសួរទៅលោក ថងលូន ស៊ីស៊ូលីត អំពីបញ្ហានេះ ដោយលោកស្នើទៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន ជួយទប់ស្កាត់ការវិលត្រឡប់ចូលកម្ពុជាវិញ បន្ទាប់ពីលោកអះអាងថារដ្ឋាភិបាលបានបញ្ជូន សាលដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី ទៅកាន់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ដើម្បីឲ្យដឹងថា អតីតប្រធានគណបក្សប្រឆាំងរូបនេះបានប្រព្រឹត្តខុសច្បាប់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា។
ទោះបីជាយ៉ាងនេះក្តី លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់សាព័ត៌មាន The Cambodia Daily កាលពីថ្ងៃពុធថា ក្រុមនឹងវិលត្រឡប់ចូលប្រទេសកម្ពុជាឱ្យខាងតែបាននៅថ្ងៃទី ៩វិច្ឆិកា ខាងមុខ ដើម្បីមករំដោះប្រទេសជាតិចេញពីកណ្តាប់ដៃលោក ហ៊ុន សែន។
ថ្លែងក្នុងវីដេអូដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ៩ ខែកញ្ញា លោក សម រង្ស៊ី បានបន្តវាយប្រហារលោក ហ៊ុន សែនថាជាអ្នក សម្លាប់ប្រជារាស្ត្រខ្មែរបន្តិចម្តងៗ ដោយធ្វើឲ្យពលរដ្ឋអាយុខ្លី តាមវិធីពិសពុលច្រើនបែបយ៉ាងរបស់ខ្លួន។
អ្នកវិភាគនយោបាយលោក គឹម សុខ បានលើកឡើងកាលពីខែសីហាថា ការចូលស្រុកនៅថ្ងៃទី ៩ វិច្ឆិកា របស់លោក សម រង្ស៊ី បានឬមិនបាន គឺជាការវាស់ស្ទង់សមត្ថភាពបណ្ដាញសន្តិសុខរបស់គាត់ និងកម្លាំងការពារអំណាចរបស់លោក ហ៊ុន សែនផងដែរ។
លោកបន្តថា ប្រសិនបើសមត្ថភាពកម្លាំងបណ្ដាញសន្តិសុខរបស់លោក សម រង្ស៊ី ខ្លាំង រឹងមាំ ស្មោះត្រង់ និងយល់អំពីការរៀបដំណើរផ្លូវឆ្លងចូលជាក់ស្ដែង នោះលោក សម រង្ស៊ី នឹងអាចបង្ហាញមុខនៅកម្ពុជា ឬចំកណ្ដាលទីក្រុងភ្នំពេញ ហើយក្រុមលោក ហ៊ុន សែន មិនអាចរកឃើញគន្លឹះទប់ស្កាត់បានឡើយ។ ចំណុចនេះ លោកគឹម សុខថា ក៏ចៀសមិនផុតពីការហ៊ានធ្វើពលីកម្មរបស់លោក សម រង្ស៊ី ដែរ។
តែលោកថា ប្រសិនបើលោក សម រង្ស៊ី មិនអាចចូលស្រុកបានវិញ នោះមេគណបក្សប្រឆាំងរូបនេះ ត្រូវត្រួតពិនិត្យឲ្យបានហ្មត់ចត់ឡើងវិញ នូវបណ្ដាញការងារមិនគ្រប់លក្ខណៈសន្តិសុខនយោបាយសកម្មរបស់ខ្លួន និងទាំងរបៀបបញ្ចេញសារនយោបាយរបស់ខ្លួនផង។
អ្នកវិភាគរូបនេះ ផ្តល់អនុសាសន៍ថា ក្នុងករណីលោក សម រង្ស៊ី ចូលស្រុកមិនរួច វិធីបន្ទាប់គឺបក្សប្រឆាំងត្រូវប្ដូរយុទ្ធវិធីដឹកនាំសព្វថ្ងៃទៅតាមគោលការណ៍”មិនឈ្លោះ”របស់ លោក កឹម សុខា វិញ និងតាមគំរូស្មារតី”សម រង្ស៊ី-កឹម សុខា តែមួយ” ដើម្បីគូសប្លង់ពង្រឹងខ្លួនតាមស្ថានការណ៍វិវត្តន៍ ទើបបណ្ដាមិត្តប្រជាធិបតេយ្យអាចធ្វើជាស្ពានជួយទម្លុះទម្លាយភាពទ័លច្រកនយោបាយពេលនេះបាន៕