29 C
Phnom Penh

មហាសន្និបាតUN ឆ្នាំនេះ គឺមានរឿងរ៉ាវជាច្រើន ត្រូវប្រឈមនឹងការប៉ះទង្គិចគ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មហាសន្និបាតលើកទី៧៤ របស់អង្គការសហប្រជាជាតិនៅឆ្នាំនេះ ដែលសហរដ្ឋអាមេរិកជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ ដែលឡើងថ្លែងការណ៏ពិសេសជាងគេ ក្នុងមហាសន្និបាតនេះ។

មេដឹកនាំអាមេរិក គឺជាអ្នកទាញអារម្មណ៍គណៈប្រតិភូអោយត្រងត្រាប់ស្ដាប់អំពីរឿងរ៉ាវ នៃពិភពលោកដែលកំពុងប្រែប្រួលនិងតានតឹង អាចនាំទៅរកការប្រឈមមុខដាក់គ្នា ក្នុងវេទិកានេះ។

ជាការកត់សម្គាល់ រៀងរាល់ឆ្នាំ  វេទិកានៃមហាសន្និបាតនេះ បានក្លាយជា ការបង្កភាពតានតឹង រវាងប្រទេសដែលប្រកាន់និន្នាការពិភពលោក ផ្សេងគ្នា។ ប្រទេសដែលប្រកាន់ប្រជាធិបតេយ្យ ជឿនលឿន និងគោរពសិទ្ធិមនុស្ស មានដូចជាសហរដ្ឋអាមេរិក ក្រុមប្រទេសនៃសហភាពអឺរ៉ុប អង់គ្លេស កាណាដា ជប៉ុន បារាំង អល្លឺម៉ង់ ច្រើនតែព្រួតគ្នា វាយប្រហារប្រទេសដែល ដឹកនាំដោយអំណាចផ្ដាច់ការ បុគ្គលផ្ដាច់ការ ។ ប្រតិភូដែលឡើងវាយប្រហារលើមេដឹកនាំ ប្រទេសផ្ដាច់ការនោះ គឺគេសង្កេតឃើញប្រធានាធិបតីអាមេរិក។

ជាក់ស្ដែង ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ គឺកាលពីមហាសន្និបាតឆ្នាំទៅមិញ បានវាយប្រហារ ខ្លាំងៗទៅលើ ប្រធានាធិបតី វេណេហ្សូអេឡា លោកនីកូឡាស់ម៉ាឌូរ៉ូ ដែលលោកចោទមេដឹកនាំប្រទេសវេណេហ្សូអេឡារូបនេះ ជាអ្នកប្រព្រឹត្តឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ ព្រោះតែបានចាប់ខ្លួន និងសម្លាប់ ក្រុមប្រឆាំងនឹងការដឹកនាំរបស់ខ្លួន រាប់រយនាក់ ។

មេដឹកនាំរូបនេះ ឡើងកាន់អំណាច ដោយខុសច្បាប់ព្រោះ ជាប់ឆ្នោត ដោយសារកំចាត់គូប្រកួត មិនអោយចូលរួមការបោះឆ្នោត។ ក្រៅពីនេះ លោកត្រាំបាន វាយប្រហារ លើប្រទេសផ្ដាច់ការច្រើនទៀត ដែលមិនបានគោរពសិទ្ធិមនុស្ស និងគោរពច្បាប់អន្តរជាតិ។ ប្រទេសចិន រុស្ស៊ី អ៊ីរ៉ង់ កូរ៉េខាងជើង ក៏ជាមុខសញ្ញាដែល លោកត្រាំបាន វាយប្រហារ ឥតសំចៃដែរ។

មានកត់សំគាល់ទៀតថា ក្រោយពីលោកត្រាំថ្លែងចប់ គឺមេដឹកនាំប្រទេសឯទៀត ក៏បានធ្វើតាមលោកត្រាំដោយវាយ ប្រហារប្រទេសទាំងនោះ ដែរ។ យ៉ាងណា មេដឹកនាំប្រទេស ដែលរងការវាយប្រហារនោះ ក៏ឡើងថ្លែងវាយបកវិញដែរ។

លោកប្រធានាធិបតី វេណេហ្សូអេឡា នីកូឡាស់ម៉ាឌូរ៉ូ បានថ្លែងរិះគន់លោកត្រាំ និងនយោបាយការបរទេសអាមេរិក ដោយចាត់ទុក អាមេរិកជាចក្រព័ត្រជំនាន់ថ្មីបង្កការឈ្លានពានប្រទេសទន់ខ្សោយ។ ក្រៅពីនេះ គណៈប្រតិភូប្រទេសខ្លះដែលមានការអៀនខ្មាស់ ក៏បានថ្លែងការពារខ្លួន ហើយ ជំរុញអោយមានការប្រឆាំងអាមេរិក និង

សម្ព័ន្ធមិត្តដែលនាំអោយវេទិកានោះក្លាយជា សមរភូមិនៃការតស៊ូមតិ និងបែកចែក បក្សពួក។ ក្រោយចប់មហាសន្និបាត មេដឹកនាំប្រទេសផ្ដាច់ការខ្លះ បានកែខ្លួន តែមេដឹកនាំខ្លះ នៅតែក្រអឺតក្រទបដោយតាំងខ្លួនឯងជា អាទិទេព្យគ្មានគូប្រៀប។ តែយ៉ាងណា មេដឹកនាំ ប្រទេសផ្ដាច់ការខ្លះ មិនហ៊ានទៅកាន់មហាសន្និបាតនោះទេដោយសារខ្លួន រងការកោះហៅរបស់តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ ICC ករណីរំលោភសិទិ្ធមនុស្ស ដូចជា ប្រធានាធិបតី ស៊ីរី បាសាល អាល់អាសាតជាដើម។

សម្រាប់ មហាសន្និបាត ឆ្នាំ២០១៩នេះ ដែលប្រព្រឹត្តិពីទី១៦កញ្ញានេះទៅ ត្រូវគេរំពឹងថា នឹងមានរបៀបវារៈ ក្ដៅៗជាច្រើន ផ្ទុះឡើង ហើយ ប្រធានគណៈប្រតិភូ ដែលនាំអោយមានភាពតានតឹង គឺអាច ជាមេដឹកនាំអាមេរិក លោកដូណាល់ត្រាំ។ ហេតុការណ៍អាចបង្កភាពតានតឹង អាចមានបញ្ហារវាង ប្រទេសអ៊ីរ៉ង់និងអាមេរិក។

បើ លោកដូណាល់ត្រាំ និងលោកប្រធានាធិតី អ៊ីរ៉ង់ ហាសាន រូហានី មិនអាចជួបចរចាជាមួយគ្នាបាននៅក្រៅវេទិកាពិភពលោកនេះ ។ ចំណែក បញ្ហារបបលោកម៉ាឌូរ៉ូនៃប្រទេសវេណេហ្សូអេឡា ក៏ដូចនេះដែរ បើលោកម៉ាឌូទៅថ្លែងសន្ទរកថា គឺក្រុមប្រឆាំង នឹងស្វែងរកអន្តរាគមន៍ ថ្លែងវាយបកវិញ ហើយមើលទៅលោកត្រាំអាចវាយប្រហារម៉ាឌូរ៉ូគឺដូចឆ្នាំទៅមិញ បើមេដឹកនាំវេណេហ្សូអេឡារូបនេះ មិនមានទំនាក់ទំនងល្អជាមួយលោកត្រាំ ក្នុងការសន្យាចុះចេញពីអំណាចនោះ។ ករណីប្រទេសស៊ីរី ករណី សមុទ្រចិនខាងត្បូង  ករណីសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន ករណីជម្លោះដែនដីឥណ្ឌា-ប៉ាគីស្ថាន នៅតំបន់កាស្មៀរ ករណីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ករណីរុស្ស៊ីនៅតែរំលោភលើ ប្រទេសអ៊ុយក្រែន ក៏អាចជារឿងតានតឹងផងដែរក្នុងវេទិកាពិពលោកនៅឆ្នាំ២០១៩នេះ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស