26 C
Phnom Penh

ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក ប្តេជ្ញាពង្រឹងឯករាជ្យភាព និងប្រជាធិបតេយ្យនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក លោក Patrick Murphy ដែលនឹងមកកាន់តំណែងនៅកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខ បានប្តេជ្ញាថា ក្នុងការងារជាមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នឹងពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ពិសេសពង្រឹងលទ្ធិប្រជាធិបតេយ្យ និងឯករាជ្យភាពរបស់កម្ពុជា។

ថ្លែងក្នុងវីដេអូជិត២នាទី ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជានៅថ្ងៃនេះ លោក Patrick Murphy មានប្រសាសន៍ថាលោកមានកិត្តិយសជាពន់ពេកដែលបានមកកាន់តំណែងជាឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ លោកថានឹងមកកាន់តំណែងនេះក្នុងពេលឆាប់ៗខាងមុខផងដែរ។

លោកអះអាងថា ក្នុងអាជីពអ្នកការទូតរបស់ខ្លួន លោកបានធ្វើដំណើរមកកម្ពុជាជាច្រើនដង និងទៅជុំវិញពិភពលោក ព្រមទាំងបានធ្វើកិច្ចការជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍ តំបន់អាហ្វ្រិក តំបន់មញ្ឈឹមបូព៌ាផងដែរ។

លើសពីនេះ ទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយកម្ពុជាកន្លងមក គឺមានកិច្ចសហប្រតិបត្តិការច្រើនជាមួយគ្នា ទាំងផ្នែកជំនួញ ការអភិវឌ្ឍ សុខមាលភាពសាធារណៈ ការពង្រឹងអនុវត្តច្បាប់នៅកម្ពុជា ការអភិរក្សវប្បធម៌ ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍រវាងពលរដ្ឋ                  ជាដើម។

ជាមួយគ្នានេះ ក្នុងការមកកាន់តំណែងជាឯកអគ្គរដ្ឋទូតថ្មីនៅកម្ពុជា លោក Patrick Murphy ប្តេជ្ញាជួយប្រទេសទាំងពីរ ពង្រឹងទំនាក់ទំនងលើវិស័យទាំងនេះ និងចំណងទំនាក់ទំនងដទៃទៀត។ លើសពីនេះ លោកថានឹងផ្តល់ការគាំទ្រដើម្បីឱ្យប្រទេសកម្ពុជា មានភាពរឹងមាំ រុងរឿង ពិសេសលទ្ធិប្រជាធិបតេយ្យ និងឯករាជ្យភាពរបស់ខ្លួន។

លោកអះអាងថា លោក និងគ្រួសារលោក ទន្ទឹងរង់ចាំដោយអន្ទះសារដើម្បីមកកាន់កម្ពុជា ក្នុងពេលឆាប់ៗនេះ។

កាលពីថ្ងៃទី ២ ខែសីហា ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបោះឆ្នោតយល់ព្រមឱ្យលោក Patrick Murphy មកកាន់តំណែងជាឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជា ។

លោក Murphy មានដើមកំណើតនៅរដ្ឋ Vermont សហរដ្ឋអាមេរិក ហើយលោកបានបម្រើការងារក្នុងវិស័យការទូតអស់រយៈពេលជាង ២៥ឆ្នាំមកហើយ។

ក្នុងអំឡុងពេលបម្រើការងារ លោកមានតួនាទីសំខាន់ៗមួយចំនួន ដូចជា ធ្វើជាឧបការីរងរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ី                     អាគ្នេយ៍ និងប៉ាស៊ីហ្វិក ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ជាអនុប្រធានបេសកកម្ម និងភារធារីនៅស្ថានទូតនៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីឆ្នាំ២០១៣ ដល់២០១៦ ធ្វើជាអ្នកតំណាងស្ដីទីពិសេស និងជាអ្នកសម្របសម្រួលផ្នែកគោលនយោបាយនៅស្ថានទូតនៅប្រទេសភូមា ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៣ ជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស