ក្រសួងព្រះបរមរាជវាំង បានចេញមុខថ្កោលទោស អតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ថាមានចរិតក្បត់ជាតិ ដោយសារតែងតែប្រមាថអង្គព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
សេចក្តីថ្លែងការណ៍របស់ក្រសួងព្រះបរមរាជវាំងនៅថ្ងៃនេះ អះអាងថាការលើកឡើងរបស់លោក សម រង្ស៊ី ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីយប់មិញ គឺជាការប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រ ដែលជាទីស្រលាញ់របស់ប្រជានុរាស្ត្រ។
សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពី លោក សម រង្ស៉ី បាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីយប់មិញ ដោយបានលើកឡើងថា អ្នករស់នៅលើទឹកដីប្រទេសកម្ពុជាបច្ចុប្បន្ន ត្រូវបានលោក ហ៊ុន សែន ចាប់ធ្វើជាចំណាប់ខ្មាំង សូម្បីតែព្រះមហាក្សត្រខ្មែរ ក៏ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ដែរ។
អតីតប្រធានគណបក្សប្រឆាំងរូបនេះអះអាងថា បញ្ហាកម្ពុជាបច្ចុប្បន្នគឺមានតែសហគមន៍អន្តរជាតិប៉ុណ្ណោះអាចដោះស្រាយបាន ដោយមិនអាចរំពឹងព្រះមហាក្សត្រខ្មែរបានទេ ដោយសារមហាក្សត្រអង្គនេះជាអាយ៉ងរបស់លោក ហ៊ុន សែន។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។
ទោះបីជាមាត្រា៧ បានចែងយ៉ាងច្បាស់បែបនេះក្តី ប៉ុន្តែកាលពីឆ្នាំ២០០៥ លោកនាយករដ្ឋមន្ត្រីបានព្រមានស្ថាប័នព្រះមហាក្សត្រខ្លាំងៗ ដោយថានឹងរំលាយស្ថាប័នព្រះមហាក្សត្រចោលតែម្តង ហើយដឹកនាំប្រទេសដោយប្រកាន់របបសាធារណៈរដ្ឋវិញ ប្រសិនបើព្រះមហាក្សត្រខ្មែរពេលនោះ នៅតែមិនព្រមចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមជាមួយប្រទេសវៀតណាម។ ចំណែក មាត្រា៨ វិញចែងថា ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាព ជាតិ។
យ៉ាងនេះក្តីព្រះរាជតួនាទីព្រះមហាក្សត្រ បច្ចុប្បន្នត្រូវបានគេមើលឃើញថានៅមិនទាន់ឆ្លើយតបទៅនឹងមាត្រា៨ ដែលបានចែងនោះទេ ដោយសារកម្ពុជាបច្ចុប្បន្នមានជម្លោះនយោបាយ និងភាពបែកបាក់ជាតិកាន់តែធ្ងន់ធ្ងរ។
ថ្មីៗនេះ សហជីពចំនួន២ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងសហព័ន្ធនិស្សិតបញ្ញវន្តខ្មែរ បានផ្ញើលិខិតមួយដើម្បីយាងព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ឱ្យទ្រង់ប្រើព្រះរាជបុព្វសិទ្ធិរបស់ព្រះអង្គ ដើម្បីធ្វើជាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិបត្តិនយោបាយខ្មែរ ។
ការស្នើរបស់សហជីព សមាគម និងសហព័ន្ធនិស្សិតទាំងនោះ ដោយពួកគេព្រួយបារម្ភចំពោះការបាត់បង់នូវប្រព័ន្ធអនុគ្រោះពន្ធ EBA អឺរ៉ុបនិង GSP របស់សហរដ្ឋអាមេរិក នៅពេលខាងមុខ និងធ្វើឱ្យពលរដ្ឋរាប់លាននាក់រងផលប៉ះពាល់ ប្រសិនបើវិបត្តិនយោបាយខ្មែរនៅតែមិនអាចដោះស្រាយបាន៕