ក្រុមមេធាវី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ពាក្យប្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ ដោយថា ទង្វើរបស់លោក សម រង្ស៉ី មានគោលបំណងបរិហាកេរ្តិ៍ជាសាធារណៈលើលោក ហ៊ុន សែន។
ការប្តឹងលោកអតីតប្រធានគណបក្សសង្រ្គោះជាតិពីសំណាក់មេធាវីលោកហ៊ុន សែននេះ បន្ទាប់ពី លោក សម រង្ស៉ី បាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីយប់មិញ ដោយបានលើកឡើងថាអ្នករស់នៅលើទឹកដីប្រទេសកម្ពុជាបច្ចុប្បន្ន ត្រូវបានលោក ហ៊ុន សែន ចាប់ធ្វើជាចំណាប់ខ្មាំង សូម្បីតែព្រះមហាក្សត្រខ្មែរ ក៏ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ដែរ។
ក្នុងពាក្យបណ្តឹងរបស់ប្រធានក្រុមមេធាវី លោក ហ៊ុន សែន គឺ លោក គី តិច បានបញ្ជាក់ថាការលើកឡើងរបស់លោក សម រង្ស៊ី មានចេតនាញុះញង់ បង្កឲ្យមានភាពវឹកវរ ចលាចល អសន្តិសុខក្នុងសង្គម ដែលជាការបំពានលើ មាត្រា៣០៥ មាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌផងដែរ។
លោកគី តិច បានស្នើសុំឲ្យតុលាការពិនិត្យ និងសម្រេចចោទប្រកាន់ ព្រមទាំងផ្តន្ទាទោសលោក សម រង្ស៉ី ឲ្យបានធ្ងន់ធ្ងរទៀតផង ។
ក្រុមមេធាវីរាជរដ្ឋាភិបាល នៅថ្ងៃនេះផងដែរ ក៏បានចេញសេចក្តីថ្លែងការណ៍ ដោយស្នើដល់ស្ថាប័នមានសមត្ថកិច្ច អយ្យការ និងតុលាការគ្រប់ជាន់ថ្នាក់ ចាត់វិធានការតាមផ្លូវច្បាប់លើ លោក សម រង្ស៊ី ដែលហ៊ានប្រមាថ លើអង្គព្រះមហាក្សត្រ ស្របពេលក្រសួងព្រះបរមរាជវាំង ដែលគ្រប់គ្រងដោយលោកហ៊ុន សែន នោះ ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសផងដែរ។
មកទល់ពេលបច្ចុប្បន្នអតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី មានបណ្តឹងមិនក្រោម១០ឡើយ ពាក់ព័ន្ធការប្រមាថព្រះមហាក្សត្រ។ បណ្តឹងពីបទញុះញង់ និងធ្វើឱ្យខូចទឹកចិត្តកងទ័ព។ បណ្តឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់បង្កភាពចលាចល ពីសំណាក់លោកហ៊ុន សែន និង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងបណ្តឹងជាច្រើនទៀត៕