26 C
Phnom Penh

ភរិយា លោក រ៉ាត់ រត្នមុន្នី ថាប្តីខ្លួននឹងត្រូវផ្លាស់ទៅឃុំនៅពន្ធនាគារខេត្តជំនួសវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភរិយាលោក រ៉ាត់ រត្នមុន្នី បានអះអាងថា ស្វាមីរបស់អ្នកស្រីនឹងត្រូវបានគេបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារនៅតាមខេត្តជំនួស ឱ្យការឃុំខ្លួននៅពន្ធនាគារព្រៃសនាពេលបច្ចុប្បន្ន។

ភរិយាលោក រ៉ាត់ រត្នមុនី គឺអ្នកស្រី ឡុង គឹមហ៊ាង បានសរសេរនៅលើគណនីហ្វេសប៊ុករបស់អ្នកស្រីថា ឆ្មាំគុកព្រៃសបានប្រាប់ប្តីរបស់អ្នកស្រីថា គាត់នឹងបញ្ជូនប្តីអ្នកស្រីទៅឃុំនៅពន្ធនាគារខេត្តជំនួសវិញ។

អ្នកស្រីអះអាងថា នេះជាការប្រឈមថ្មីមួយទៀត មកលើប្តីគាត់ បន្ទាប់ពីរងការចោទប្រកាន់ និងទទួលទោសទាំងអយុត្តិធម៌ ដោយស្នាដៃតុលាការចោលម្សៀតរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ។

កាលពីថ្ងៃ២៦មិថុនា  លោក រ៉ាត់ រត្នមុនី ត្រូវបានសាលាដំបូងរាជធានីភ្នំសម្រេចផ្តន្ទាទោស ឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំនិងបង់ជាប្រាក់មួយចំនួន ពាក់ព័ន្ធការងារផលិតភាពយន្តឯកសារមួយឱ្យសារព័ត៌មានបរទេស។

ការសម្រេចនេះ  ក្រោយពេលតុលាការក្រុងភ្នំពេញរកឃើញថា លោក រត្នមុនី មានពិរុទ្ធភាពពីបទ «ញុះញង់ឲ្យមានការរើសអើង» ដោយសារលោកបានបំពេញការងារជាមួយបណ្តាញសារព័ត៌មាន RT អំឡុងពេលផលិតភាពយន្តឯកសាររឿង «ម្តាយខ្ញុំ លក់ខ្ញុំ»ដែលនិយាយអំពីរឿងរ៉ាវរបស់ក្មេងស្រីកម្ពុជា បានលក់ខ្លួន ដើម្បីជួយសម្រាលភាពក្រីក្រក្នុងគ្រួសាររបស់ពួកគេ។

អ្នកស្រី ឡុង គឹមហ៊ាង អះអាងថាអស់រយៈពេលជាង ៩ខែមកហើយដែលប្តីអ្នកស្រី ត្រូវគេដាក់ឃុំឃាំងក្នុងគុកព្រៃស ហើយក្នុងពេលខាងមុខស្វាមីរបស់អ្នកស្រីនឹងត្រូវផ្លាស់ទៅឃុំខ្លួននៅពន្ធនាគារខេត្តវិញ ប៉ុន្តែអ្នកស្រីមិនទាន់ដឹងប្រាកដថាគេនឹងបញ្ជូនគាត់ទៅពេលណា។

លោក រ៉ាត់ រត្នមុនី ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចចោទប្រកាន់ថា ញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស បន្ទាប់ពីគាត់ត្រូវបានសមត្ថកិច្ចប្រទេសថៃចាប់ខ្លួន និងបញ្ជូនត្រលប់មកកម្ពុជាវិញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស