35 C
Phnom Penh

អ្នកវិភាគថា កម្ពុជាកំពុងវ័ណ្ឌកដោយចំណងគ្មានមុខស្រាយរបស់ លោកហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយដែលកំពុងរស់នៅក្រៅប្រទេស លើកឡើងថា កម្ពុជាកំពុងជួបវិបត្តិធ្ងន់ធ្ងរ ដោយសារចំណងនយោបាយគ្មានដំណោះស្រាយ របស់រដ្ឋាភិបាលលោក ហ៊ុន សែន។

អ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថា ផ្លូវសម្រាប់ជាតិពិតជាមាន ប៉ុន្តែកូនសោរស្ថិតក្នុងកណ្តាប់ដៃរបស់លោក ហ៊ុន សែន ។ លោកលើកជាសំណួរថា តើលោក ហ៊ុន សែន ចង់ឲ្យជាតិខាតប្រយោជន៍ កម្មករ-កម្មការិនីខ្មែរ ជិត១លាននាក់ ត្រូវបាត់បង់ការងារធ្វើ ហើយពលរដ្ឋខ្មែរជាង៣លាននាក់នឹងរងទុក្ខសោកមួយនេះ ពីព្រោះតែផែនការការពារអំណាចស្នងត្រកូល ឬត្រូវគិតជាតិនិងប្រជាពលរដ្ឋជាធំ?

លោកបន្តគន្លឹះសំរាប់ដោះស្រាយវិបត្តិនយោបាយកម្ពុជាមាន ប៉ុន្តែលោក ហ៊ុន សែន កំពុងតែខ្ទប់ទ្វារមិនឲ្យបើកចេញ តាមរយៈ ខ្ទប់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិចូលស្រុក និងស្របពេលដែលលោក កំពុងបន្តឃុំខ្លួន លោក កឹម សុខា ប្រធានគណបក្សក្នុងផ្ទះទាំងអយុត្តិធម៌។

លើសពីនេះ គន្លឹះដំណោះវិបត្តិនយោបាយកម្ពុជា ដែលលោក ហ៊ុន សែន ចងសម្លាប់មុខពេលនេះ មានផ្លូវដោះស្រាយដើម្បីប្រយោជន៍ជាតិ និងប្រជារាស្ត្រ ប៉ុន្តែត្រូវលោក ហ៊ុន សែន និងមន្ត្រីបក្ខពួករបស់ខ្លួន បានសង្កត់កជាប់។ លោក គឹម សុខ ថាល្បែងនយោបាយរបស់លោក ហ៊ុន សែន ដែលកំពុងលេងនោះជាផ្លូវស្លាប់នយោបាយនិងអំណាចរបស់លោកទៅវិញទេ ពីព្រោះជាផ្លូវដែលចចេសយកជាតិជាចំណាប់ខ្មាំងនិងរាស្ត្រជាឧបករណ៍ កំដរសេចក្ដីផ្សងព្រេងចុងក្រោយបំផុតនៃល្បែងអំណាចរបស់ខ្លួន។

តែយ៉ាងនេះក្តី លោកហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់លោក តែងអះអាងថាកម្ពុជាគ្មានវិបត្តិនយោបាយនោះឡើយ។ លើសពីនេះ សំណើរសុំយាងព្រះមហាក្សត្រខ្មែរឱ្យជួយអន្តរាគមន៍ដោះស្រាយវិបត្តិនយោបាយនៅកម្ពុជាពីសំណាក់សហជីព និងសមាគមមួយចំនួនថ្មីៗនេះ ក៏ត្រូវបានមន្ត្រីលោកហ៊ុន សែន ច្រានចោលដែរ ដោយថាកម្ពុជាគ្មានអ្វីត្រូវដោះស្រាយនោះទេ ព្រោះជាប្រទេសកំពុងមានសន្តិភាពយ៉ាងពេញលេញ។

ឆ្លើយតបទៅនឹងការព្រមានដកប្រពន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបនិងGSP របស់អាមេរិក វិញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានចេញមុខអះអាងថាគ្មានអ្វីត្រូវអោនក្បាលចំពោះភាពអនុគ្រោះទាំងនេះឡើយ។ មិនតែប៉ុណ្ណោះលោកក៏បានណែនាំឱ្យមន្ត្រីរបស់ខ្លួនត្រៀមកម្ទេចរចនាសម្ព័ន្ធក្រុមបក្សប្រឆាំងឱ្យអស់ ដោយមិនឱ្យក្រុមនេះមានលទ្ធភាពឈានជើងចូលរួមការបោះឆ្នោតឆ្នាំ ២០២២ និង២០២៣បានឡើយ ប្រសិនបើមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់ប្រទេសលោកខាងលិចមែន។

ទោះបីជាយ៉ាងនេះក្តី លោក គឹម សុខ បានណែនាំលោក ហ៊ុន សែន និង បក្ខពួកថាត្រូវឆ្លាត ដោយចេះប្រើពេលនិងឱកាសជីវិតចុងក្រោយបំផុត ដើម្បីកសាងកេរ្តិ៍ឈ្មោះនិងកិត្តិយស សម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋរំឭកស្នាដៃល្អ។ លើសពីនេះ ត្រូវឈប់យកជាតិជាចំណាប់ខ្មាំង និងរាស្ត្រជាឧបករណ៍តទៅទៀត ទើបលោកមិនក្លាយជាជនអាក្រក់ ឬជនក្បត់ជាតិក្នុងប្រវត្តិសាស្ត្រ។

ឯកអគ្គរដ្ឋទូតអឺរ៉ុប លោក George Edgar បានរំឭកប្រាប់ក្រុមលោក ហ៊ុន សែន តាមភាសាការការទូតថា បើលោក ហ៊ុន សែន មិនស្ដារប្រជាធិបតេយ្យឡើងវិញទេ គឺក្រុមលោក ហ៊ុន សែន ត្រូវទទួលខុសត្រូវរឿងកម្ពុជាបាត់ EBA មួយឆ្នាំៗប្រមាណ ៧០០លានដុល្លារ។ ស.រ.អ.ក៏ចេញសារជាភាសាការទូត ប្រហាក់ប្រហែលគ្នា ឲ្យលោក ហ៊ុន សែន ឈប់ព្យាយាមសម្លាប់ប្រជាធិបតេយ្យ ជាអ្វីដែលប្រជារាស្ត្រខ្មែរដឹងថា លោក ហ៊ុន សែន ធ្វើដើម្បីការពារអំណាចផ្ដាច់ការរបស់ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស