34 C
Phnom Penh

រដ្ឋាភិបាលសម្រេចបញ្ជូនកាកសំណល់ប្លាស្ទិក ទាំងអស់ទៅប្រទេសដើមវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលតាមរយៈស្ថាប័នជំនាញបានអះអាងថា កាកសំណល់ប្លាស្ទិកចំនួន ៨៣ កុងតឺន័រ ដែលលួចនាំចូលប្រទេសកម្ពុជាដោយខុសច្បាប់ពីសំណាក់ក្រុមហ៊ុន CHUNG YUEN PLASTIC MANUFACTURE ត្រូវបាននាំត្រឡប់ទៅប្រទេសដើមវិញអស់ហើយកាលពីថ្ងៃទី ១៥ ខែកញ្ញា។ 

សេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកាលពីថ្ងៃទី១៦ ខែកញ្ញា ដែល The Cambodia Daily ទើបទទួលបានឲ្យដឹងថា កាកសំណល់ដែលរដ្ឋាភិបាលកម្ពុជាអះអាងថាមានប្រភពមកពីប្រទេសអាមេរិក និងកាណាដានោះ ត្រូវបានបញ្ជូនទៅកាន់ប្រទេសដើមទាំងនេះវិញអស់ហើយ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបញ្ជាក់ថា ក្រុមហ៊ុនមួយនេះបានបង់ប្រាក់ពិន័យចូលថវិកាជាតិគ្រប់ចំនួន ប៉ុន្តែមិនបានបញ្ជាក់ថាមានចំនួនប៉ុន្មាននោះទេ។ លើសពីនេះ ក្រុមហ៊ុននេះបាន ដឹកជញ្ជូនសំណល់ប្លាស្ទិកចេញពីកម្ពុជាចំនួន ១៤ កុងតឺន័រកាលពីថ្ងៃទី ២០ ខែសីហា និងបានបន្ដដឹកសំណល់ប្លាស្ទិកសេសសល់ចេញពីកម្ពុជាចំនួន ៦៩ កុងតឺន័រទៀតទៅកាន់ប្រទេសដើម កាលពីថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០១៩ ។ ដូច្នេះក្រុមហ៊ុនបានបំពេញតាមលក្ខខណ្ឌទាំងអស់ដែលបានសម្រេចដោយអាជ្ញាធរជំនាញ។

កាកសំណល់ប្លាស្ទិកដែលនាំចូលខុសច្បាប់ដោយក្រុមហ៊ុន CHUNG YUEN PLASTIC MANUFACTURE កាលពីថ្ងៃទី ១៦ ខែកក្កដា ត្រូវបានសមត្ថកិច្ចរកឃើញនៅកំពង់ផែព្រះសីហនុ។

ក្រោយពេលរកឃើញសំណល់ប្លាស្ទិកទាំងនោះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម បញ្ជាក់ប្រាប់កាសែតក្នុងស្រុកថា ជាក្រុមហ៊ុនរបស់ជនជាតិចិន ប៉ុន្តែក្រោយមកលោកបានប្រែក្រឡាស់វិញថា ម្ចាស់ក្រុមហ៊ុននេះជាជនជាតិខ្មែរ។

ឯកសាររបស់មន្ត្រីជំនាញបង្ហាញថាក្នុងចំណោមកុងតឺន័រផ្ទុកកាកសំណល់ទាំងអស់មានកុងតឺន័រចំនួន ៧០ ដែលមានទម្ងន់ ១៣២២ តោន បាននាំចេញមកពីសហរដ្ឋអាមេរិក ប៉ុន្តែកន្លងមកមិនទាន់មានការឆ្លើយតបឱ្យបានច្បាស់លាស់ពីសហរដ្ឋអាមេរិកនៅឡើយទេមកទល់ពេលនេះ។ ដោយឡែកកុងតឺន័រចំនួន ១៣ មានទម្ងន់ ២៧០ តោន បាននាំចេញពីប្រទេសកាណាដា ប៉ុន្តែថ្មីៗនេះ ប្រទេសកាណាដា បានបដិសេធ ដោយថាកាកសំណល់នោះមិនមែនជារបស់ខ្លួនឡើយ។ អ្នកឃ្លាំមើលបញ្ហានេះ នៅតែសម្តែងក្តីបារម្ភចំពោះភាពមិនច្បាស់លាស់ និងការលាក់លៀមរបស់អាជ្ញាធរកម្ពុជា ជុំវិញបញ្ហាកាកសំណល់ប្លាស្ទិកនេះ។ ពួកគេចង់ឱ្យរដ្ឋាភិបាលបង្ហាញតម្លាភាព ដល់សាធារណៈជន ជៀសវាងបង្កការសង្ស័យទៅលើរដ្ឋាភិបាលបន្តទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស