27 C
Phnom Penh

ហេតុអ្វីបានជាអ៊ីរ៉ង់ប្រថុយលេងល្បែងសង្រ្គាមជាមួយអាមេរិកនិងសម្ព័ន្ធមិត្ត?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ៊ីរ៉ង់ និងអារ៉ាប់ប៊ីសាវអូឌិត ជាប្រទេស កាន់សាសនា ឥស្លាមដូចគ្នា។ ប៉ុន្តែអ៊ីរ៉ង់កាន់និកាយ Shia និងអារ៉ាប់ប៊ីសាវអូឌិត កាន់និកាយ Sunni ។ ប្រទេសទាំងពីរនេះ ជាសត្រូវ នឹងគ្នា រាប់ឆ្នាំមកហើយ។

ប៉ុន្តែ សត្រូវខ្លាំងនឹងគ្នាគឺ នៅពេល អារ៉ាប់ប៊ីសាវអូឌិតចូលពាក់ព័ន្ធនឹងសង្រ្គាម នៅយេម៉ែនដែលរដ្ឋាភិបាលគាំទ្រដោយទីក្រុងរីយ៉ាត មានជម្លោះ ប្រដាប់អាវុធជាមួយនឹង ក្រុម ហួតទី ដែលក្រុងតេអ៉េរ៉ង់គាំទ្រ។

ក្រុមហួតទីនេះហើយ ដែលអាមេរិកចាត់ជាក្រុមភេរវកម្មតំបន់ គឺមិនអាចអោយមានលើទឹកដីយេមែនឡើយ។ ប៉ុន្តែសម្រាប់អ៊ីរ៉ង់ គឺជាបងធំជាងគេនៅ មជ្ឈឹមបូព៌ា។ កាលពីសម័យរបបជនផ្ដាច់ការសាមដាហូសេន នៃប្រទេសអ៊ីរ៉ាក់គឺអ៊ីរ៉ង់ មិនជាក្លាហានប៉ុន្មានទេ ជាមួយអាមេរិក។ តែដល់អត់លោកសាដាមទៅ គឺអ៊ីរ៉ង់ម្នាក់គត់ ជាសត្រូវ នឹងអាមេរិកជំនួសអ៊ីរ៉ាក់។ កាលសង្រ្គាមអ៊ីរ៉ាក់-អាមេរិក ឆ្នាំ២០០៣ អ៊ីរ៉ង់គឺបន់អោយតែរបបសាដាមដួលរលំ។ 

នេះហើយ ជាមហ្ឆិតារបស់អ៊ីរ៉ងដែលថា មជ្ឈឹមបូព៌ា អត់ពីសាដាមហូសេនទៅមានតែអញប៉ុណ្ណោះ បងធំជាងគេ។អ៊ីរ៉ង់ឡើងធ្វើបងធំបាន ដោយសារ មហាអំណាច រុស្ស៊ី និងចិននៅពីក្រោយ។ ទោះបីអ៊ីរ៉ង់ ជាប្រទេសផលិតប្រេង តិចជាង អារ៉ាប់ប៊ីសាវអីឌិតក្ដី តែ សាធារណរដ្ឋឥស្លាមមួយនេះ ជាមហាអំណាចក្នុងតំបន់ទាំងសាសនា ទាំងការពារជាតិ និង នយោបាយឈ្លានពាន។

មិនតែប៉ុណ្ណោះ អ៊ីរ៉ង់ គឺជាប្រទេសមានកាំជ្រួចផ្លោង ទំនើបៗច្រើនជាងគេ បើធៀបនឹងប្រទេសក្នុងតំបន់។ កាំជ្រួចយន្តហោះចម្បាំង និងរថក្រោះ សុទ្ធតែជារបស់រុស្ស៊ី ដែលជាមហាអំណាចសព្វាវុធធំទីមួយផងដែរ បើធៀបនឹងអាមេរិក។ អ្វីដែលអ៊ីរ៉ង់ មានក្នុងដៃដើម្បីសង្រ្គាម គឺកាំជ្រួចរាប់ពាន់ដើម ហើយសុទ្ធតែមានឥទ្ធិពលខ្លាំងក្លា ដែលអ្នកជំនាញ យោធារុស្ស៊ី បាននិយាយប្រាប់សារព័ត៌មាន Sputnik ថាកាំជ្រួចដែលអ៊ីរ៉ង ផលិតខ្លួនបាន ដោយឆ្នៃពីកាំជ្រួចរបស់រុស្ស៊ី គឺកាន់តែមានសក្ដានុពល អាចវាយកំទេចលើ សម្ព័ន្ធមិត្តអាមេរិកដោយមិនខ្លាចគេវាយបកវិញឡើយ។

មិនតែប៉ុណ្ណោះ កាំជ្រួចទាំងនោះអាចបាញ់ពន្លិច នាវាផ្ទុកយន្តហោះរបស់អាមេរិក ដែលកំពុងបណ្ដែតខ្លួន នៅលើឈូងសមុទ្រពែក្សបានយ៉ាងងាយ បើ អាមេរិក ថ្វេសប្រហេសហើយសង្រ្គាមផ្ទុះឡើងមែននោះ។   

ជាមួយគ្នានេះ យន្តហោះដ្រូនរបស់អ៊ីរ៉ង់រាប់សិបគ្រឿង ដែលបំពាក់អាវុធបានទៀតនោះ មានសមត្ថភាព វាយកំទេច លើនាវាចម្បាំងរបស់អាមេរិកបានទៀតផង។ ការវាយប្រហារដោយ យន្តហោះដ្រូន ទៅលើ រោងចក្រចម្រាញប្រេងចំនួនពីរកន្លែងរបស់អារ៉ាប់បីសាវអូឌិតដោយបំផ្លាញធ្ងន់ធ្ងរ បើទោះជា ក្រុមឧទ្ទាមហួតទី អះអាងថា ជាស្នាដៃរបស់ខ្លួន ក៏ប៉ុន្តែ វាជាដ្រូនរបស់អ៊ីរ៉ង់។

បើតាម ភ្នាក់ងារចារកម្មអាមេរិក គឺអ៊ីរ៉ង់ បានបាញ់កាំជ្រួច ចេញពី ដែនទឹក អ៊ីរ៉ង់ គឺបាញ់ចេញពីនាវាចម្បាំង ដែលបណ្ដែតខ្លួន លើឈូងសមុទ្រពែក្ស ឯនាយពីនាវាផ្ទុកយន្តហោះរបស់អាមេរិកហើយខ្លះទៀត បានបាញ់ចេញពីដែនដីអ៊ីរ៉ង់តែម្ដង។

ព្រឹត្តិការណ៍នៅពេលនោះ គឺអ៊ីរ៉ង់បានបង្ហោះ យន្តហោះដ្រូនដល់ទៅ ២០គ្រឿង គឺហោះ ពាសពេញ ដែនកាអាកាសអ៊ីរ៉ងផង និងយេមែនផង ហើយទីបំផុត វាយប្រហារលើប្រទេសអារ៉ាប់ប៊ីសាវអូឌិតដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។ អ៊ីរ៉ង់ធ្វើដូចនេះ លើអារ៉ាប់ប៊ីសាវអូឌិត គឺជាការព្រមាន ទាំងរដ្ឋាភិបាល ក្រុងរីយ៉ាតផង និង ក្រុងវ៉ាស៊ីតោនផងហើយជាការសងសឹកដោយសារ អារ៉ាប់ប៊ីសាវអូឌិត កាលពីថ្មីនេះ បានបង្ហោះយន្តហោះ ទៅទម្លាក់គ្រាប់បែកចំទីតាំងរបស់ពួកឧទ្ទាមហួតទី ដែលអ៊ីរ៉ង់គាំទ្រ។

តើអ៊ីរ៉ង់ពិតជាមិនខ្លាចអាមេរិកមែនដែរទេ?

ខណៈសហរដ្ឋអាមេរិកកំពុងសិក្សាវាយសឹងសង សម្ព័ន្ធមិត្តរបស់ខ្លួន គឺអ៊ីរ៉ង់ក៏បាន បញ្ចេញសារព្រមាន ភ្លាមនៅថ្ងៃពុធទី១៨កញ្ញានេះ បន្ទាប់ពីមេដឹកនាំកំពូល អាយ៉ាតុឡាខេមេនី ប្រកាសមិនអោយ ប្រធានាធិបតីរបស់លោក គឺហាសានរ៉ូហានី កុំជួបចរចាជាមួយលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅក្រុងញ៉ូវយ៉ក ។ លោកថាគ្មានប្រយោជន៍នឹងធ្វើការចរចានោះឡើយ។ មិនតែប៉ុណ្ណោះ បុរសខ្លាំងរូបនេះ គំរាមអោយអាមេរិក ដកទ័ពចេញអោយផុតពីឈូងសមុទុ្រពែក្ស ប្រយ័ត្ន មានសង្រ្គាមផ្ទុះឡើង។

ទីភ្នាក់ងារសារព័ត៌មាន IRNA របស់អ៊ីរ៉ង់បានស្រង់សម្ដី មន្ត្រី យោធា និង ប្រធានាធិបតី អ៊ីរ៉ង់មកចុះផ្សាយថា បើអាមេរិក វាយប្រហារលើដែនដីអ៊ីរ៉ង់ដោយការសារសងសឹក គឺកងទ័ពអ៊ីរ៉ង់នឹងវាយបកភ្លាម ទាំងលើ សម្ព័ន្ធមិត្តអាមេរិក អារ៉ាប់ប៊ីសាវអូឌិត និង នាវាចម្បាំងរបស់អាមេរិក ដែលកំពុងបណ្ដែតខ្លួននៅលើ ឈូងសមុទ្រពែក្ស។

យ៉ាងណា ក៏ដោយ រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo កំពុងធ្វើទស្សនកិច្ចនៅអារ៉ាប់ប៊ីសាវអូឌិត គឺកំពុងសិក្សា ជាមួយ អ្នកជំនាញយោធាអាមេរិក ថាតើ ត្រូវវាយបកលើអីរ៉ង់ដោយកំរិតណា។

ស្របពេលនេះ ឧត្តមសេនីយ៍អាមេរិកបានប្រាប់លោកត្រាំថា អាមេរិកគួរសងសឹង ហើយវាយលើគោលដៅ ណាចាំបាច់របស់អ៊ីរ៉ង់។ តែអ្នកវិភាគខ្លះយល់ថា អ៊ីរ៉ង់កំពុងតែទាញអាមេរិកអោយ ធ្លាក់ក្នុងសង្រ្គាម តំបន់ ហើយ អ៊ីរ៉ង់ក៏កំពុងអាងរុស្ស៊ីនៅពីក្រោយដែរ។  តែសម្រាប់អ៊ីស្រាអ៊ែល មហាមិត្តអាមេរិក គឺជាប្រទេសឈានមុខគេប្ដេជ្ញាវាយសន្ធប់លើអ៊ីរ៉ង់បើសង្រ្គាម តំបន់មជ្ឈឹមបូព៌ាផ្ទុះឡើង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស