34 C
Phnom Penh

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី បានមកដល់កម្ពុជាហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី គឺ លោក Patrick Murphy បានមកដល់កម្ពុជាហើយ កាលពីយប់មិញ ដោយមានមន្រ្តីនៃស្ថានទូត              អាមេរិក បានទៅទទួលលោកនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សរសេរលើបណ្តាញសង្គម Twitter របស់ខ្លួននៅថ្ងៃនេះ លោក Patrick Murphy បានបានសម្តែងក្តីរីករាយក្រោយពេលមកដល់ប្រទេសកម្ពុជា ដោយលោកបញ្ជាក់អំពីការប្តេជ្ញារបស់ខ្លួនថាលោក នឹងពង្រឹងទំនាក់ទំនងរវាងអាមេរិកនិងកម្ពុជា ឱ្យកាន់តែប្រសើរឡើង។

កាលពីថ្ងៃទី១៣ ខែកញ្ញា ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក លោក Patrick Murphy បានអះអាងក្នុងវីដេអូខ្លីបមួយថា ក្នុងការងារជាមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោកនឹងពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ពិសេសពង្រឹងលទ្ធិប្រជាធិបតេយ្យ និងឯករាជ្យភាពប្រទេសកម្ពុជា។

ការប្តេជ្ញាពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឱ្យល្អប្រសើរនេះ បន្ទាប់ពីទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិកក្នុងរយៈពេលចុងក្រោយ ត្រូវបានគេមើលឃើញថាមានភាពល្អក់កករនឹងគ្នា ក្រោយពេលរដ្ឋាភិបាលលោកហ៊ុន សែន បានចោទប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ថាបានរួមដៃជាមួយសហរដ្ឋអាមេរិកដើម្បីផ្តួលរលំរដ្ឋាភិបាល។

លើសពីនេះ ក្រោយពេលអាមេរិកបានបដិសេធលទ្ធផលបោះឆ្នោតជាតិកាលពីខែកក្កដា ២០១៨ ដោយថាជាការបោះឆ្នោតបង្ក្រប់កិច្ច ព្រោះបានផាត់ចោលគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជា។ មិនតែប៉ុណ្ណោះអាមេរិកនៅតែអំពាវនាវឱ្យរដ្ឋាភិបាលដោះលែង លោក កឹម សុខា និងសកម្មជននយោបាយជាប់ឃុំផ្សេងទៀតជាបន្តបន្ទាប់ ហើយរដ្ឋាភិបាលបានចាត់ទុកទង្វើទាំងនោះជាការលូកដៃចូលផ្ទៃក្នុងកម្ពុជាទៀតផង។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលោក ផៃ ស៊ីផាន ចេញមុខប្រមាថមន្ត្រីទូតអាមេរិកប្រចាំកម្ពុជា ថាជាមនុស្សព្រៃ ហើយប្រាប់ឱ្យវេចបង្វិចចេញពីកម្ពុជាប្រសិនបើមិនពេញចិត្តនឹងការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។

យ៉ាងណាក៏ដោយ លោក Patrick Murphy ប្តេជ្ញាជួយប្រទេសទាំងពីរ ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យមួយចំនួន  នឹងផ្តល់ការគាំទ្រដើម្បីឱ្យប្រទេសកម្ពុជា មានភាពរឹងមាំ រុងរឿង ពិសេសលទ្ធិប្រជាធិបតេយ្យ និងឯករាជ្យភាពរបស់ខ្លួន។

កាលពីថ្ងៃទី ២ ខែសីហា ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបោះឆ្នោតយល់ព្រមឱ្យលោក Patrick Murphy មកកាន់តំណែងជាឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជា ។

លោក Murphy មានដើមកំណើតនៅរដ្ឋ Vermont សហរដ្ឋអាមេរិក ហើយលោកបានបម្រើការងារក្នុងវិស័យការទូតអស់រយៈពេលជាង ២៥ឆ្នាំមកហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស