41.3 C
Phnom Penh

មេធាវីរបស់លោក កឹម សុខា ថានាឱកាសបុណ្យភ្ជុំបិណ្ឌកូនក្តីរបស់គេចង់ឃើញភាពស្ងៀមស្ងាត់ដោយប្រើបញ្ញា ល្អជាងហិង្សាដោយឆ្គួត វង្វេង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវីរបស់ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងផ្ទះមួយរូប អ្នកស្រី ម៉េង សុភារី លើកឡើងនៅថ្ងៃនេះថា ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ កូនក្តីអ្នកស្រី លោក កឹម សុខា ដែលជាអ្នកអហិង្សានិយមនោះ ចង់បានភាពស្ងប់ស្ងៀមដោយប្រើបញ្ញា ប្រសើរជាជាងភាពហិង្សា ដោយក្តីឆ្គួតវង្វេង។

ការអះអាងនេះ ក្រោយពេលមេធាវីរូបនេះ និងមេធាវីផ្សេងទៀត បានជួបកូនក្តីរបស់ពួកគេកាលពីថ្ងៃម្សិលមិញ ហើយលោក កឹម សុខា បានលើកឡើងយ៉ាងដូចនេះ។  

ក្នុងគម្រប់ខួប២ឆ្នាំនៃការចាប់និងឃុំខ្លួនប្រធានគណបក្សប្រឆាំងរូបនេះកាលពីដើមខែកញ្ញា ក្រុមមេធាវីរបស់ លោក កឹម សុខា នៅតែ      ទាមទាឲ្យតុលាការទម្លាក់បទចោទលើកូនក្តីរបស់ខ្លួន។ ពួកគេអះអាងថា ពួកគេបានដាក់ឯកសារទៅចៅក្រមស៊ើបសួរជាច្រើនដងហើយដែលចៅក្រមគួរសម្រេចទម្លាក់ចោលបទចោទនេះ។

លើសពីនេះ បញ្ហាសុខភាពជាចម្បងរបស់គាត់គឺតម្រូវការពេទ្យជំនាញនិងឧបករណ៍ពិនិត្យ និងវះកាត់ តាមវិជ្ជបញ្ជារ ប៉ុន្តែរហូតមកដល់ពេលនេះ ជំងឺរបស់គាត់នៅតែមិនទាន់ទទួលបានការពិនិត្យ និងព្យាបាលនៅឡើយ។

ដោយឡែក ស្ថានភាពសិទ្ធិសេរីភាពរបស់លោក កឹម សុខា ក៏ត្រូវបានក្រុមមេធាវីថានៅតែរឹតបណ្តឹងយ៉ាងតឹងរឹង តាមលក្ខខណ្ខក្នុងសេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរ សូម្បីតែក្រុមគ្រួសារ ជាពិសេសភរិយារបស់លោក កឹម សុខា ក៏ត្រូវតាមដាន តាមថតរូបភាពដែលជាការបំភិតបំភ័យផងដែរ។

ក្រសួងការបរទេសកម្ពុជា កាលពីដើមខែកញ្ញាបានលើកឡើងថា លោក កឹម សុខា កំពុងរស់នៅយ៉ាងសុខស្រួលជាមួយគ្រួសារ គ្រាន់តែស្ថិតក្រោមនីតិវិធីរបស់តុលាការប៉ុណ្ណោះ។

ចំណែកសហរដ្ឋអាមេរិកវិញ មិនយល់ឃើញដូចនេះឡើយ នៅក្នុងខែកញ្ញានេះ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី Morgan Ortagus បានចេញថ្លែងការណ៍ជាវីដេអូចំនួន២លើក ជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា និងសកម្មជន ព្រមទាំងអ្នកគាំទ្របក្សប្រឆាំង ជាង២០រូបផ្សេងទៀតជាបន្ទាន់។

ប្រទេសមហាអំណាចលោកសេរីមួយនេះ បានណែនាំឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ត្រូវបង្ហាញភាពជាក់លាក់ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឱ្យបានពិតប្រាកដផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស