31 C
Phnom Penh

លោក សម រង្ស៊ី ស្នើឱ្យអង្គការសហប្រជាជាតិ ជួយឱ្យមានកិច្ចចរចានយោបាយខ្មែរនៅពេលវិលត្រឡប់ចូលកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី បានផ្ញើលិខិតមួយទៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ឬ UN កាលពីថ្ងៃទី ១៧កញ្ញា និងសហគមន៍អន្តរជាតិផ្សេងទៀត ដើម្បីជួយឱ្យមានកិច្ចសន្ទនា និងផ្សះផ្សារជាតិ នៅពេលថ្នាក់ដឹកនាំបក្សប្រឆាំងមួយនេះវិលត្រលប់ចូលប្រទេសកម្ពុជានៅថ្ងៃទី ៩វិច្ឆិកា ខាងមុខ។

លោក សម រង្ស៊ី បានលើកឡើងបែបនេះ អមដោយលិខិតដែលផ្ញើទៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN នៅលើបណ្តាញទំនាក់ទំនង Twitter របស់ខ្លួន។

កាលពីថ្ងៃទី ៥ ខែកញ្ញា អតីតមេដឹកនាំបក្សប្រឆាំង ដែលកំពុងរស់នៅក្រៅប្រទេសរូបនេះក៏បានផ្ញើលិខិតមួយទៅមេដឹកនាំប្រទេសម៉ាឡេស៊ី គឺ លោក មហាធៀ មហាម៉ាត់ ដើម្បីឱ្យមេដឹកនាំជើងចាស់រូបនេះ ជួយសម្របសម្រួលនយោបាយរវាងថ្នាក់ដឹកគណបក្សសង្រ្គោះជាតិ ជាមួយមេដឹកនាំបក្សកាន់អំណាច ដើម្បីបានពិភាក្សាគ្នាជំរុញការផ្សះផ្សាជាតិ ធានាដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

ក្នុងលិខិតរបស់លោក សម រង្ស៊ី ផ្ញើទៅលោកមហាធៀ ពេលនោះ បានលើកឡើងថា តួនាទីរបស់ប្រទេសម៉ាឡេស៊ីជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងធម្មនុញ្ញរបស់អាស៊ាន ។

លោកបានស្នើ នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ជួយសម្របសម្រួលឲ្យមានការសន្ទនារវាងរដ្ឋាភិបាល និងមេដឹកនាំគណបក្សប្រឆាំង ក្នុងគោលបំណងដើម្បីផ្សះផ្សាជាតិ ស្ថិរភាព និងវិបុលភាពក្នុងក្របខណ្ឌរបបប្រជាធិបតេយ្យសេរីអាស្រ័យរដ្ឋធម្មនុញ្ញ

សាររបស់លោក សម រង្ស៊ី ដែលផ្ញើទៅមេដឹកនាំប្រទេសម៉ាឡេស៊ីនិងអង្គការសហប្រជាជាតិ ហាក់ផ្ទុយគ្នាស្រឡះ ទៅនឹងការស្រែកក្តែងៗ របស់លោកនៅលើបណ្តាញសង្គមហ្វេសប៊ុក និងកិច្ចសម្ភាសន៍ជាមួយវិទ្យុបរទេស ពិសេសជាមួយអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋ                      អាមេរិកថ្មីៗនេះ ដោយថា នឹងចូលមកកម្ពុជាឱ្យបាននៅថ្ងៃទី៩                     ខែវិច្ឆិកា ដើម្បីចាប់លោក ហ៊ុន សែន និងកម្ចាត់ចោលក្រុមនេះដែលលោកហៅថាជាក្រុមជនផ្តាច់ការចេញពីកម្ពុជាទៀតផង។

យ៉ាងនេះក្តីទាំងលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់លោកបានបញ្ជាទៅស្ថាប័នពាក់ព័ន្ធរួចហើយ ថាពេលណាអតីតមេបក្សប្រឆាំងរូបនេះចូលស្រុក គឺស្វាគមន៍ដោយឃ្នោះ និងគុកព្រៃសរ តែប៉ុណ្ណោះ ព្រោះមានដីកាចាប់ខ្លួនរួចអស់ហើយ។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ លោក ហ៊ុន សែន ក៏បានអះអាងថាខ្លួនបានផ្ញើលិខិតទៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន អំពីភាពខុសច្បាប់របស់លោក សម រង្ស៊ី ក្នុងគោលដៅមិនឱ្យប្រទេសទាំងនោះ ផ្តល់ទីតាំងឈជើងឱ្យលោក សម រង្ស៊ី ដើម្បីចូលមកប្រទេសកម្ពុជាបាន។

លើសពីនេះ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌កាលពីថ្ងៃម្សិលមិញ បានលើកឡើងថាសកម្មភាព លោក សម រង្ស៊ី និងបក្ខពួក ជាផែនការផ្តួលរបបរាជានិយមតែម្តង ហើយលោកក៏បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការ និងកម្ទេចចោលរាល់រចនាសម្ព័ន្ធគណបក្សប្រឆាំងឱ្យអស់ផងដែរ។

តបតាមការបញ្ជាបែបនេះ មានអតីតមន្ត្រី សកម្មជន និងអ្នកគាំទ្របក្សប្រឆាំងជិត៣០នាក់ហើយដែលត្រូវបានចាប់ និងឃុំខ្លួន ដោយចោទពីបទញុះញង់ ឬទទួលផែនការសម្ងាត់ពីលោក សម រង្ស៊ីជាដើម។

មិនតែប៉ុណ្ណោះ មានអតីតមន្ត្រីឬ សកម្មជន និងអតីតអង្គរក្សមេដឹកនាំគណបក្សប្រឆាំងជាច្រើននាក់ហើយ ត្រូវបានជនមិនស្គាល់មុខវាយឱ្យរបួសធ្ងន់ធ្ងរ ដោយជនរងគ្រោះទាំងនោះបានលើកឡើងថាសកម្មភាពទាំងនេះ ជាការគំរាមកំហែងដល់ខ្លួន និងជាការបំភិតបំភ័យដល់សកម្មជន ឬ អ្នកគាំទ្របក្សប្រឆាំងផ្សេងទៀត។

នាយកប្រតិបត្តិមជ្ឈមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាឬ ហៅថាCCIM  ដែលកំពុងរស់នៅក្រៅប្រទេស លោក ប៉ា ងួនទៀង បានលើកឡើងការយល់ឃើញជុំវិញការវាយដំទៅលើអតីតប្រធានអង្គរក្សលោក សម រង្ស៊ី គឺ លោក ពួក ចិន្តា បណ្តាលឱ្យបែកក្បាលកាលពីថ្ងៃម្សិលមិញថា ជារឿងគួរឱ្យសោកស្តាយ។

លោកយល់ថា សង្គមខ្មែរមិនត្រូវក្លាយជាសង្គមសាហាវបែបនេះទេ ហើយ នេះមិនមែនជាទង្វើរថ្លៃថ្នូឡើយ។ លោក ប៉ា ងួន ទៀង បញ្ជាក់ថា រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវតែមានការទទួលខុសត្រូវនិងបញ្ចប់រាល់អំពើ ហិង្សាបែបនេះ។

ដោយឡែក ចំពោះលិខិតរបស់លោក សម រង្ស៊ី ផ្ញើទៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដើម្បីឱ្យមានកិច្ចសន្ទនានិងការផ្សះផ្សាជាតិវិញនោះលោក ប៉ា ងួនទៀង យល់ថា សារនយោបាយបែបនេះ គឺល្អជាងសារនយោបាយរបស់អតីតមេបក្សប្រឆាំងរូបនេះកន្លងមក ដោយថា នឹងចូលប្រទេសដើម្បីមកចាប់លោក ហ៊ុន សែននោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស