ព័ត៌មានជាតិ

តុលាការខេត្តមណ្ឌលគិរី សម្រេចឃុំខ្លួនអតីតប្រធានសហគមន៍រ៉ែមាស ពាក់ព័ន្ធបទល្មើសឈើខុសច្បាប់

By ឌឹ ខេមបូឌា ដេលី

September 24, 2019

អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីបានសម្រេច ឃុំខ្លួនប្រធានសហគមន៍រ៉ែមាសចុងផ្លាស់ ក្រោមការចោទប្រកាន់ពីបទប្រមូលអនុផលព្រៃឈើ និងធ្វើរោងកែច្នៃឈើ ដោយខុសច្បាប់។

អតីតប្រធានសហគមន៍រ៉ែមាស លោក តែ គឹមសាន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី ២០ ខែ កញ្ញា ដែលសង្ស័យពាក់ព័ន្ធការលួចលាក់ស្តុកឈើប្រណីតចំនួន ៦០០ កំណាត់ នៅក្នុងរោងអាជីវកម្មរ៉ែមាសរបស់ខ្លួនក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ហើយបញ្ជូនទៅតុលាការនៅថ្ងៃទី២២ ខែកញ្ញា។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានភ្នំពេញនៅថ្ងៃនេះ បញ្ជាក់ថា ការសម្រេចឃុំខ្លួន លោក តែ គឹមសាន នេះធ្វើឡើងកាលពីថ្ងៃម្សិលមិញបន្ទាប់ពីមន្ត្រីតុលាការធ្វើការសាកសួរអតីតប្រធានសហគមន៍រ៉ែមាសចុងផ្លាស់ រយៈពេលជិត ៣ ម៉ោង ពាក់ព័ទ្ធការបទល្មើស ប្រមូលផលអនុផលព្រៃឈើ និងធ្វើរោងសន្និធិ តាមមាត្រា ៩៧-៩៨ នៃច្បាប់ស្ដីពីព្រៃឈើ។

ច្បាប់ស្ដីពី ព្រៃឈើមាត្រា ៩៧-៩៨ បានចែងថា ត្រូវផ្ដន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី ២ ដែលត្រូវជាប់ពន្ធនាគារពី ១ ឆ្នាំ ដល់ ៥ ឆ្នាំ និងត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ចំនួនពី ១០ លានរៀលទៅ ១០០ លានរៀល ហើយវត្ថុតាងទាំងអស់ត្រូវរឹបអូសដាក់ជាសម្បត្តិរដ្ឋ។

ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅតំបន់ភូមិភាគឦសាន្តនេះដែរ កាលពីខែកក្កដា និងខែសីហា មានឧកញ៉ា២រូប និងមនុស្សជាច្រើននាក់ ត្រូវបានចាប់និងឃុំខ្លួន ពាក់ព័ន្ធនឹងបទល្មើសឈើខុសច្បាប់ រួមមានឧកញ៉ា ស៊ឹង សំអុល និងឧកញ៉ា គង់ ក្រឹងជាដើម។

ដោយឡែក មានមនុស្សជាច្រើនទៀត ព្រមទាំងឧកញ៉ាចំនួន៣រូប ដូចជា ឧកញ៉ា វន់ ប៊ុនថៃ ឧកញ៉ា ស្រ៊ុន ម៉េងលាង  ជាម្ចាស់ក្រុមហ៊ុនម៉េងលាង  និង ឧកញ៉ា តុប វីរដា  ជាម្ចាស់ក្រុមហ៊ុនវិជ្ជរី  កំពុងរត់គេចខ្លួន ក្រោយពេលតុលាការខេត្តមណ្ឌលគិរីចេញដីកាកោះ ឱ្យចូលបំភ្លឺពាក់ព័ន្ធសំណុំរឿងបទល្មើសឈើខុសច្បាប់ កាលពីខែកក្កដា ៕