29.3 C
Phnom Penh

តើប្រធានាធិបតីត្រាំបាក់មុខ ឬសមភាគីអីរ៉ង់ Rouhani បាក់មុខនៅឯមហាសន្និបាតអង្គការសហប្រជាតិឆ្នាំនេះ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី អាមេរិក លោកដូណាល់ត្រាំ និង ប្រធានាធិបតីលោក Hassan Rouhani នឹងមានវត្តមាននៅឯមហាសន្និបាតរបស់អង្គការសហប្រជាជាតិ នៅបុរីញូយ៉ក ។ មហាសន្និបាត លើកទី៧៤ នៅឆ្នាំនេះចាប់ផ្ដើមធ្វើឡើងដោយពេញសមត្ថភាព ចាប់ពីថ្ងៃទី២៣ រងហូត២៨ កញ្ញា ។

តាម គេហទំព័រ Daily Mail លោកត្រាំ ក្នុងនាមជាម្ចាស់ផ្ទះ លោកនឹងថ្លែងស្វាគមន៍ គណៈប្រតិភូ គឺ នៅថ្ងៃច័ន្ទដើមសប្ដាហ៍នេះ។ របៀវារៈក្រៅពីថ្លែងស្វាគមន៍ មេដឹកនាំនៃប្រទេសផ្សេងៗ លោកត្រាំ នឹងថ្លែងអំពីស្ថានភាពទូទៅនៃ ពិភពលោក ប៉ុន្តែ តាមប្រភពដដែលនេះ លោកត្រាំទំនងនឹងត្រូវបានចោទសួរ ជាច្រើនអំពីរឿងរ៉ាវដែល អាមេរិក ជាប់ពាក់ព័ន្ធ ដូចជា បញ្ហា ប្រទេសអ៊ុយក្រែន បញ្ហាប្រទេសវេណេហ្សូអេឡា  បញ្ហា កូរ៉េខាងជើង សង្រ្គាមពាណិជ្ជកម្មជាមួយចិន និង បញ្ហាប្រទេសសម្ព័ន្ធមួយចំនួនរបស់អាមេរិកប្រឈមនឹងការធ្វើទុកបុកម្នេញពីមហាអំណាចរុស្ស៊ី និងចិន។ តែយ៉ាងណា មានរឿងរ៉ាវជាមួយនឹងអ៊ីរ៉ង់ មើលទៅគឺក្ដៅ ជាងគេ។

ប្រធានាធិបតី អីរ៉ង់ លោក Hassan Rouhani និយាយថា លោកនឹងវាយប្រហារសហរដ្ឋអាមេរិក នៅក្នុងវេទិកាពិភពលោកនេះ ដែលនឹងធ្វើឲ្យលោកត្រាំ ទទួលស្គាល់ថាអាមេរិកកំពុងបរាជ័យចំពោះការឈ្លានពាន តាមរយៈការដាក់ទណ្ឌកម្ម និងការបង្កទ័ពលើឈូងសមុទ្រពែក្ស។ លោកថាពួកលោកខាងលិចខ្លះ ដែល តាមការបង្គាប់បញ្ជារបស់អាមេរិក ត្រូវតែឈឺចាប់ និងបរាជ័យ ដូចអាមេរិកដែរ។ លោកថា ក្រុមប្រទេសទាំងនេះ ត្រូវដកខ្លួនចេញពីក្រុមចម្រុះ នៃឈូងសមុទ្រពែក្យដែលអាមេរិកដឹកនាំ។ លោកបន្តថា ការដែលអាមេរិកបន្តដាក់ពង្រាយកងទ័ព លើទឹកដីនៃមជ្ឈឹមបូព៌ាជាពិសេស គឺប្រទេសអារ៉ាប៊ីសាវអូឌិតកាលពីថ្មីៗនេះ គឺជាអំពើដែលត្រូវតែថ្កោលទោស  ហើយទង្វើនេះ គឺជាការឈ្លានពានតំបន់មួយ។

ថ្លែងក្នុងមហាយាត្រាកងទ័ព កាលពីថ្ងៃអាទិត្យ ទី២២កញ្ញាគឺមុនលោកមកកាន់ ក្រុងញូវ យ៉ង លោកប្រធានាធិបតី  Rouhani និយាយថាវត្តមានរបស់កងទ័ពអាមេរិក ក្នុងតំបន់គឺជាការប្រកាស កាលាហល់ នៃសង្គ្រាម ហើយ អាមេរិកត្រូវដកទ័ពចេញពីវិញ ទើប តំបន់នេះ មានសន្តិសុខឡើងវិញ។

លោកថាប្រាកដណា អាមេរិក ជាអ្នកបង្កសង្រ្គាមក្នុងតំបន។ លោកអះអាងថា ការវាយប្រហារ លើរោងចក្រ ចម្រាញប្រេងចំនួន២ កន្លែងលើទឹកដី អារ៉ាប់ប៊ីសាវអូឌិត ដែលអាមេរិក ចោទមកលើអ៊ីរ៉ង់ គឺជាការប្រឌិតសុទ្ធសាធហើយ អ្វីដែលរដ្ឋមន្ត្រីការបរទេស អាមេរិកលោក Mike Pompeo ហៅថាជាទង្វើនៃសង្រ្គាម គឺមិនអាចទទួលយកបានឡើយសម្រាប់អ៊ីរ៉ង់។ 

សម្រាប់លោក ត្រាំ គឺកាលពីថ្ងៃអាទិត្យ  មុនលោកទៅកាន់ក្រុងញូយ៉ក លោកក៏បានវាយប្រហារលើប្រធានាធិបតី អ៊ីរ៉ង់ផងដែរ ។ លោកថា             ខណៈនេះលោកមិនមានបំណងជួប មេដឹកនាំអ៊ីរ៉ង់នោះទេ ហើយការចរចាក៏មិនមានដែរ។

តែយ៉ាងណា ប្រធានាធិបតីបារាំង Emmanuel Macron បានអះអាងថា លោកនឹងបញ្ចុះបញ្ជូល លោកត្រាំនិងលោក Rouhani  ជួបទល់មុខគ្នានៅក្រៅមហាសន្និបាតដែលកំពុងប្រព្រឹត្តទៅនេះ។

ទាំងប្រធានាធិបតីត្រាំ និង សមភាគី អ៊ីរ៉ង់ Rouhani  ទំនងជា តួឯក លិចធ្លោជាងគេ សម្រាប់ វេទិកា នៃមហាន្និបាត អង្គការសហប្រជាជាតិឆ្នាំ២០១៩នេះ  ដែលអ្នកតាមដាន គិតថា ល្បែងដែលពួកគេ លេង នៅ តំបន់មជ្ឈឹមបូព៌ា ដែលគេហៅថាល្បែងសង្គ្រាមដ៏គ្រោះថ្នាក់នេះ កំពុងទាក់ទាញជាខ្លាំង។

អ្នកតាមដានបារម្ភថាល្បែងនេះ អាចធ្លាក់ក្នុងសង្រ្គាម ដ៏ធ្ងន់ធ្ងរ ព្រោះអ៊ីរ៉ង់មើលទៅកាន់តែព្រហើន ដាក់អាមេរិកទោះជារងសម្ពាធ នៃការដាក់ទណ្ឌកម្មលើទីផ្សារប្រេងរបស់អ៊ីរ៉ងក៏ដោយ។ មានការព្រួយបារម្ភទៀតនោះ បើសង្រ្គាមផ្ទុះឡើង គឺអ៊ីរ៉ង់នឹងអូសសង្រ្គាម ចូលក្នុងសង្រ្គាមលោក ជាថ្មីម្ដងទៀតព្រោះខណៈនេះកងទ័ព ចិននិងរុស្ស៊ីកំពុងធ្វើសមុទ្រ ទ័ពជើងទឹករួមជាមួយនឹងទ័ពជើងអ៊ីរ៉ង់ នៅលើឈូងសមុទ្រពែក្ស។

តែសំនួរ សូរថាតើ មេដឹកនាំ អាមេរិកដូណាល់ត្រាំ និងសមភាគីអ៊ីរ៉ង់ Hassan Rouhani  បុរសណាមួយនឹងបាក់មុខនៅឯវេទិកានេះ ។ ការពិតលោកត្រាំបាក់មុខរួចទៅហើយ ដោយសារបណ្ដោយ អោយ មានការវាយប្រហារលើប្រទេសអារ៉ាប់ប៊ីសាវអូឌិតកាលពីថ្ងៃទី១៥កញ្ញា ដែលនរណាក៏យល់ថា គឺជាទង្វើរបស់កងទ័ពអ៊ីរ៉ង់ ព្រោះ ដ្រូនបាញ់កាំជ្រួច លើរោងចក្រចម្រាញ់ប្រេងនៃ ប្រទេសអារ៉ាប់ប៊ីសាវអូឌិត គឺជារបស់អ៊ីរ៉ង់ ហើយអារ៉ាប់ប៊ូសាវអូឌិតគឺជាសម្ព័ន្ធមិត្តរបស់អាមេរិកដែលក្រុងវ៉ាស៊ីនតោន សន្យាការពារយ៉ាងខ្លាំងពីការវាយប្រហារណាមួយពីអ៊ីរ៉ង់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស