35 C
Phnom Penh

ទឹកជំនន់ក្នុងខេត្តសៀមរាបបានបំផ្លាញផ្ទះរបស់ពលរដ្ឋជាង៤រយខ្នង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចខេត្តសៀមរាបអោយដឹងថាយ៉ាងហោចណាស់មានផ្ទះរបស់អ្នកស្រុកជាង៤រយគ្រួសារ នៅខេត្តសៀមរាបកំពុងការប៉ះទង្គិចធ្ងន់ធ្ងរ ដោយសារជំនន់ទឹកភ្លៀងក្នុងស្រុកអង្គរជុំ។ ក្រុមអាជ្ញាធរឲ្យដឹងថាទឹកបានលិចមន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ វិទ្យាល័យ សាលាស្រុក ផ្សារ ព្រមទាំងកន្លែងផ្សេងៗទៀត នៅក្នុងភូមិចំនួន៥ ដែលជន់លិចខ្លាំងជាងគេ។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីពេលថ្មីៗនេះបានអំពាវនាវជាថ្មីទៀតដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ដែលនឹងអាចកើតមានឡើងចាប់ពីថ្ងៃទី២៦ ដល់ ២៩ ខែកញ្ញា ឆ្នាំ២០១៩។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយមកាលពីម្សិលម៉ិញស្តីពី  បញ្ហាអាកាសធាតុ ឲ្យដឹងថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ បញ្ជាក់ថា ដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធខ្ពស់ បានធ្លាក់ចុះ សង្កត់លើប្រព័ន្ធសម្ពាធទាម ធ្វើឲ្យភ្លៀងនៅតែបន្តធ្លាក់ តាមបណ្តារាជធានី-ខេត្តក្នុងកម្រិតពីមធ្យមទៅច្រើន។

សេចក្តីប្រកាសព័ត៌មានដដែលអះអាងថា  នៅតាមបណ្តារាជធានី-ខេត្ត ភ្លៀងបន្តធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន និងនៅផ្នែកខ្លះមានភ្លៀងធ្លាក់ខ្លាំង។ ដោយឡែក នៅថ្ងៃទី២៤-២៥ ភ្លៀងមានភាពរអាក់រអួលបន្តិចបន្តួច។ រីឯនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់តិចទៅបង្គួរ។

កាលពីថ្ងៃទី ២១ កញ្ញា ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ពលរដ្ឋនៅតាមបណ្ដាខេត្តចំនួន៨ ភាគច្រើនស្ថិតនៅតាមដងទន្លេមេគង្គលើ ឱ្យបង្កើនការប្រុងប្រយ័ត្នបន្ថែមចំពោះជំនន់ទឹកភ្លៀងដ៏ឆាប់រហ័ស ស្របពេលដែលភ្លៀងនឹងបន្តធ្លាក់នៅប្រទេសឡាវ និងថៃ។

ក្រសួងបញ្ជាក់ថាខេត្តទាំងនោះរួមមាន ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងកំពង់ធំ សុទ្ធតែអាចប្រឈមមុខខ្លាំងជាងគេទៅនឹងជំនន់ទឹកភ្លៀងឆាប់រហ័ស។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីសប្តាហ៍មុន បង្ហាញថា ទឹកជំនន់បានសម្លាប់មនុស្ស ១៥នាក់ ក្នុងនោះកុមារ ៧នាក់។ ដោយឡែក ពលរដ្ឋជិត ១០ម៉ឺនគ្រួសារ បានរងផលប៉ះពាល់ពីទឹកជំនន់ ដែលបានវាយប្រហារខេត្តចំនួន ៨ របស់កម្ពុជា ចាប់តាំងពីដើមខែកញ្ញានេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស