28 C
Phnom Penh

តុលាការក្រុងភ្នំពេញកោះហៅលោក សមរង្ស៊ី ឲ្យចូលខ្លួនឆ្លើយបំភ្លឺករណីបទបរិហាកេរ្តិ៍នៅថ្ងៃទី២៦ ខែកញ្ញា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូងរាជធានីភ្នំពេញកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ករណីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឱ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ តាមបណ្តឹងរបស់លោក ហ៊ុន សែន។

បណ្តឹងទាំងធ្វើឡើងក្រោយពីលោក សម រង្ស៊ី បានអំពាវនាវទៅកងកម្លាំង និងពលរដ្ឋឲ្យចូលរួមគាំទ្រដំណើរវិលត្រឡប់របស់លោកទៅកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ ដើម្បីប្តូរមេដឹកនាំបច្ចុប្បន្ន ហើយរំដោះយកប្រទេសកម្ពុជាមកឲ្យមកឲ្យពលរដ្ឋខ្មែរវិញ។

ដីកាកោះចុះថ្ងៃទី ១៨ កញ្ញា ដែល The Cambodia Daily ទើបទទួលបានឲ្យដឹងថា លោក កែវ សុធា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញអញ្ជើញឈ្មោះ សម រង្ស៊ី ឱ្យចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៩ ដើម្បីឆ្លើយបំភ្លឺ ករណីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

កាលពីពេលថ្មីៗលោក សមរង្ស៊ី អះអាងថាអ្នកនៅលើទឹកដីប្រទេសកម្ពុជាជាចំណាប់ខ្លាំងរបស់ ហ៊ុន សែន សូម្បីព្រះមហាក្សត្រ ក៏ជាចំណាប់ខ្មាំងរបស់លោក ហ៊ុន សែន ដែរ។

លោក សមរង្ស៊ី បន្តថា ព្រះមហាក្សត្រមិនហ៊ានអារកាត់កិច្ចអ្វីនោះឡើយដោយសារខ្លាចលោក ហ៊ុន សែន ព្រោះតែចង់រក្សារាជបល្ល័ង្ក។ ហើយថាលោកមិនអាចរំពឹងព្រះមហាក្សត្រដែលជាអាយ៉ងរបស់ លោក ហ៊ុន សែន ដូចសព្វថ្ងៃនេះទេ។

ក្រុមមន្រ្តីជាន់ខ្ពស់របស់លោក សមរង្ស៊ី ធ្លាប់អះអាងថា លោក សមរង្ស៊ីនឹងវិលត្រឡប់ទៅកម្ពុជាវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ដោយមិនចាំបាច់ធ្វើការចរចា ឬការដោះដូរណាមួយជាមួយលោក ហ៊ុន សែន នោះឡើយ។

ប៉ុន្តែ លោក សម រង្ស៊ី កាលពីថ្ងៃទី១៧ ខែកញ្ញា បានផ្ញើលិខិតមួយទៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ឬ UN និងសហគមន៍អន្តរជាតិផ្សេងទៀត ដើម្បីជួយឱ្យមានកិច្ចសន្ទនា និងផ្សះផ្សារជាតិ នៅពេលថ្នាក់ដឹកនាំបក្សប្រឆាំងមួយនេះវិលត្រលប់ចូលប្រទេសកម្ពុជានៅថ្ងៃទី ៩វិច្ឆិកា ខាងមុខ។ លោក សម រង្ស៊ី បានលើកឡើងបែបនេះ អមដោយលិខិតដែលផ្ញើទៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN នៅលើបណ្តាញទំនាក់ទំនង Twitter របស់ខ្លួន។

កាលពីថ្ងៃទី ៥ ខែកញ្ញា អតីតមេដឹកនាំបក្សប្រឆាំង រូបនេះក៏បានផ្ញើលិខិតមួយទៅមេដឹកនាំប្រទេសម៉ាឡេស៊ី គឺ លោក មហាធៀ មហាម៉ាត់ ដើម្បីឱ្យមានការជួយសម្របសម្រួលនយោបាយរវាងថ្នាក់ដឹកគណបក្សសង្រ្គោះជាតិ ជាមួយមេដឹកនាំបក្សកាន់អំណាច ដើម្បីបានពិភាក្សាគ្នាជំរុញការផ្សះផ្សាជាតិ និងធានាដំណើរការប្រជាធិបតេយ្យ។

ទោះយ៉ាងណាក៏ដោយអ្នកវិភាគឯករាជ្យលោក គឹម សុខ ធ្លាប់ផ្តល់អនុសាសន៍ថា ប្រសិនបើលោក សមរង្ស៊ី បរាជ័យក្នុងការធ្វើមាតុភូមិនិវត្តន៍នេះ លោកគួរតែបកមកបង្រួបបង្រួមក្រុមអ្នកប្រជាធិបតេយ្យ ដែលកំពុងបែកខ្ញែកគ្នានេះឲ្យរឹងមាំឡើងវិញ។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស