35 C
Phnom Penh

យុវជននិងសិស្សសាលាក្មេងៗទូទាំងពិភពលោកទាមទារជួយការថៃរក្សាភពផែនដី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋរាប់លាននាក់ ជាពិសេសគឺសិស្សសាលាក្មេងៗមកពីតាមបណ្ដាប្រទេសប្រមាណជាង១៨៥ បាននាំគ្នាដើរតាមផ្លូវមកកាន់ទីក្រុង និង ទីប្រជុំជននានាជុំវិញពិភពលោក ដើម្បីប្រារព្ធទិវាព្រឹត្តិការណ៍ភពផែនដី។ អ្នកហែរក្បួន បានទាមទារអោយរដ្ឋាភិបាលរបស់ពួកគេ ស្រោចស្រង់អាកាសធាតុនិងភពផែនដី។

តាមទស្សាវដ្ថី Forbes ចុះផ្សាយថា ព្រឹត្តិការណ៍នេះ គេឃើញមានការចូលរួមពីក្រុមសហជីព និយោជិតមកពីបណ្ដាក្រុមហ៊ុន ដូចជា Amazon Google Facebook គ្រូពេទ្យ គ្រូបង្រៀន មន្រ្ដីសាធារណៈជាមួយនឹងសិស្សានុសិស្សជាច្រើន។

បញ្ហាអាកាសធាតុត្រូវបានចាត់ទុកជាអាទិភាពនៅក្នុងបណ្ដាប្រទេសជាច្រើនលើកពិភពលោក។  ពួកតវ៉ាទាមទារអោយគ្រប់គ្រងនូវកម្រិតទឹកសមុទ្រនៅកោះសូឡូមុន។ ការហាមឃាត់នូវកាកសំណល់សាធាតុពលនិងការរុករករ៉ែនៅអាហ្វ្រិកខាងត្បូង ការគ្រប់គ្រងលើការបំពុលអាកាស និង សំណល់ប្លាស្ទិចនៅឥណ្ឌា តាមដំណោះស្រាយបៃតងថ្មី របស់អង់គ្លេស និង អាមេរិក។

ទាំងអស់នេះបង្ហាញថាការទាមទាររបស់ពិភពលោកគឺរួមគ្នាជាធ្លុងមួយ ក្នុងការកាត់បន្ថយការបំពុលសារធាតុកាបោន និងដើម្បីស្ថេរភាពអាកាសធាតុរបស់ផែនដីយើងទាំងអស់គ្នា។

បាតុកម្មដ៏ធំបំផុតតាមដំណើរព្រះអាទិត្យនេះ បានផ្ដើមចេញពីតំបន់              ប៉ាស៊ីហ្វិច និងអាស៊ី ហើយពេលនេះបានមកដល់ក្រុងញ៉ូវយ៉ក ជាមួយនឹងក្រុមសកម្មជនស៊ុយអែតវ័យក្មេង និងបេក្ខជន ណូបែលក្មេងស្រី Greta Thunberg  នៅមុនកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្ដីពីការផ្លាស់ប្ដូរអាកាសធាតុនៅសប្ដាហ៍នេះនៅទីស្នាក់ការ                   Manhattan។ ពួកគេធ្វើដូចនេះក្នុងគោលបំណងទាញរដ្ឋាភិបាលឱ្យមើលឃើញអំពីបញ្ហាអាកាសធាតុដូចជា ការឡើងកំដៅផែនដីសព្វថ្ងៃនេះ។

សារព័ត៌មានអង់គ្លេស The Guardian បានចុះផ្សាយថា ការសាយភាយសាធាតុកាបូនមានការកើនឡើងជាខ្លាំង បើទោះបីជាមានការព្រមានចេញពីការប្រជុំអន្ដរ-រដ្ឋាភិបាលគាំទ្រដោយអង្គការសហប្រជាជាតិក៏ដោយក្ដី ក៏បញ្ហាប្រែប្រួលអាកាសធាតុនៅតែជាការព្រួយបារម្ភ។ 

នៅបណ្ដាប្រទេសដែនកោះនៃតំបន់ អាស៊ី-ប៉ាស៊ីហ្វិចបច្ចុប្បន្នរងនូវការគម្រាមកំហែងពីការកើនឡើងនូវកម្ពស់ទឹកសមុទ្រ។ ពួកគេដែលជាសិស្សមកពីប្រទេស FIJI , Samoa, Vanuatu, Kiribati, Tuvalu, Marshall Islands, Tonga, Papua New Guinea និងប្រទេសជាច្រើនទៀត បាននាំគ្នាសូត្រកំណាព្យ និងធ្វើកូដកម្ម សម្ដែងព្រឹត្តិការណ៍កីឡា និងការជជែកពិភាក្សាព្រមទាំងការសូត្រធម៌ភាវនាដោយពោលពាក្យថា យើងមិនលិចនោះទេ យើងកំពុងប្រយុទ្ធ។

នៅប្រទេសអូស្រ្ដាលី ប្រទេសនេះបានក្លាយជាជនរងគ្រោះដោយការកើនឡើងនូវកំដៅ និងកំពស់ទឹកសមុទ្របណ្ដាលឱ្យរុក្ខជាតិថ្មប៉ប៉្រក់ទឹកជាច្រើនតោនបានងាប់ ហើយមនុស្សជាង៣សែន ៥ម៉ឺននាក់សម្រេចចូលរួមមហាបាតុកម្មនេះ។

នៅអឺរ៉ុបប្រជាពលរដ្ឋប្រមាណ១លាន ៤សែននាក់ បានធ្វើបាតុកម្មនៅពាសពេញទីក្រុងដូចជានៅប្រទេសអាល្លឺម៉ង់ ប៉ូឡូញជាដើម។ រដ្ឋាភិបាលរួបរួមអាល្លឺម៉ង់បានប្រកាសនូវការលើកយកថវិកាចំនួន ៥៤ពាន់លានដុល្លារដើម្បីដោះស្រាយបញ្ហានេះ។

នៅប៉ារីស៍ ក្បួនហែប្រារព្ធព្រឹត្តិការណ៍នេះត្រូវបានបញ្ឈប់ បន្ទាប់ពីមានការលបចូលដោយក្រុមបាតុករផ្សេងដើម្បីបំបែកទ្វារបង្អួច ដុតរបស់របរតាមផ្លូវ ដែលបង្ខំឱ្យអាជ្ញាធររដ្ឋប្រមាណ៧ពាន់នាក់ប្រតិបត្តិការបាញ់គ្រាប់បែកបង្ហូរទឹកភ្នែក ហើយចាប់ខ្លួនមនុស្ស១០០នាក់។

ចំណែកនៅទីក្រុងញ៉ូវយ៉កវិញម្ចាស់ណូបែលបរិស្ថាន ក្មេងស្រី Greta Thunberg ដែលកាលពីខែសីហាបានផ្ដើមធ្វើកូដកម្មតាមសាលាព្រោះបញ្ហាអាកាសធាតុ ហើយសកម្មភាពរបស់ពួកគេបានជម្រុញឱ្យសិស្សសាលានិងយុវជនជាច្រើនទៀតជុំវិញពិភពលោកក្រោកឡើងឱ្យមានសកម្មភាពនេះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស