នៅក្នុងអំឡុងនៃពិធីកាន់បិណ្ឌឆ្នាំនេះ លោក ហ៊ុន សែន ប្រកាសថា ការប្រារព្ធពិធីបុណ្យតូចធំ និងការអភិវឌ្ឍប្រទេសទៅបាន គឺអាស្រ័យទៅលើសុខសន្ដិភាពពេញលេញនៅក្នុងប្រទេស។
ជាងនេះទៅទៀតលោកក៏បានផ្ដាំផ្ញើដល់អ្នកបើកបរទាំងអស់ ត្រូវតែបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ យោគយល់អធ្យាស្រ័យ និងគោរពច្បាប់ទាំងអស់គ្នា។ ជាងនេះទៅទៀតលោកក៏បានអំពាវនាវដល់ពលរដ្ឋត្រូវចូលរួមថែរក្សា និងការពារសន្តិភាពដែលមានសព្វថ្ងៃនេះ។
ក្រុមអ្នកឃ្លាំមើលនិយាយថា កម្ពុជានៅមិនទាន់មានសន្តិភាពពេញលេញនោះទេ ខណៈមេដឹកនាំនៃប្រទេសមួយនេះបានបំផ្លាញមូលដ្ឋានគ្រឹះនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រំលោភស្មារតីនៃរដ្ឋធម្មនុញរបស់ប្រទេសតាមរយៈការរំលាយបក្សសង្គ្រោះជាតិ ការបោះឆ្នោតកែ្លងក្លាយ ការឃុំខ្លួនលោក កឹម សុខា មេដឹកនាំបក្សសង្គ្រោះជាតិ និងសកម្មជនបក្សនេះជិត៤០នាក់ ការបន្តធ្វើទុក្ខបុកម្នេញដល់សេរីភាពក្នុងការបញ្ចេញមតិ និងការជួបប្រជុំយ៉ាងចាស់ដៃតែម្តង។
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានប្រាប់សាព័ត៌មាន The Cambodia Daily ថា សន្តិភាពដោយគ្មានសង្គ្រាមប្រដាប់អាវុធជាផ្នែកមួយយ៉ាងសំខាន់ពិតមែនហើយ ប៉ុន្តែពុំមែនជាសន្តិភាពពេញលេញនៅឡើយនោះទេ ដរាបណាប្រជាពលរដ្ឋមិនទាន់ទទួលបានភាពយុត្តិធម៌ ឬក៏កំពុងរងសម្ពាធផ្លូវចិត្តដោយការរិតត្បិត ឬការរំលោភបំពានសិទ្ធិសេរីភាពជាមូលដ្ឋាន ទោះដោយផ្ទាល់ ឬដោយប្រយោល។
លោកបន្តថា កត្តាសំខាន់ដើម្បីទទួលបាននូវសុខសន្តិភាពពេញលេញគឺការធានាផ្តល់សិទ្ធិសេរីភាពជាមូលដ្ឋានឲ្យប្រជាពលរដ្ឋ រួមទាំងសិទ្ធិសេរីភាពក្នុងការចូលរួមជីវភាពនយោបាយ ផ្តល់ភាពយុត្តិធម៌សង្គម និងសមធម៌ទៅលើការទទួលបានផលចំណេញពីការអភិវឌ្ឍន៍ សេដ្ឋកិច្ច។