អតីតចៅសង្កាត់ជាប់ឆ្នោតមកពីគណបក្សសង្រ្គោះជាតិ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មួយរូបត្រូវបានជនមិនស្គាល់មុខពីរនាក់ ធ្វើសកម្មភាពវាយដំ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។
រូបភាពដែលបង្ហោះនៅលើបណ្តាញសង្គម ឱ្យដឹងថា មានបុរសពីរនាក់ជិះម៉ូតូពាក់មួកការពារសុវត្ថិភាពជិតមុខ ដោយម្នាក់មានកាំភ្លើងខ្លីយ៉ាងថ្មី នៅនឹងចង្កេះ និងកាន់ដំបងវាយទៅលើអតីតចៅសង្កាត់កោះដាច់ដែលជាប់ឆ្នោតមកពី គណបក្សសង្គ្រោះជាតិ លោក ស៊ិន បូណា បណ្តាលឱ្យបាក់ដៃឆ្វេងម្ខាង។
គណនីហ្វេសប៊ុករបស់អតីតអ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបមកពីគណបក្សសង្រ្គោះជាតិលោក អ៊ំ សំអាន អះអាងថា ខាងលោកបានស្គាល់អត្តសញ្ញាណនិងឈ្មោះអ្នកវាយចៅសង្កាត់កោះដាច់គណបក្សសង្រ្គោះជាតិរូបនោះហើយ ប៉ុន្តែទុកភារកិច្ចនេះឱ្យសមត្ថកិច្ចធ្វើការចុះ។
លោក អ៊ំ សំអាន អះអាងថា អ្នកវាយលោក ស៊ិន បូណា ជាមនុស្សរបស់បក្សប្រជាជនកម្ពុជា ហើយរូបថតឃើញមុខពេញរបស់ជនម្នាក់នោះ នឹងដាក់ជូនទៅអង្គការសហប្រជាជាតិតែម្តង។
អតីតមន្ត្រីតំណាងរាស្ត្របក្សប្រឆាំងដដែលនេះ អះអាងថា សាច់ញាតិ លោក ស៊ិន បូណា បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធររួចហើយដែរនៅថ្ងៃនេះ ចំណែកជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្បែរស្ពានជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងខែកញ្ញានេះ ករណីវាយដំទៅលើអតីតមន្ត្រី និងអង្គរក្សថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ បានកើតឡើងជាបន្តបន្ទាប់ ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់រកមុខជនដៃដល់ឃើញនោះទេមកទល់ពេលនេះ។ ជាក់ស្តែង កាលពីថ្ងៃទី ២២ កញ្ញា ប្រធានកងអង្គរក្សលោក សម រង្ស៊ី គឺលោក ពួក ចិន្តា ក៏ត្រូវបានជនមិនស្គាល់មុខវាយពីក្រោយបណ្តាលឱ្យបែកក្បាលធ្ងន់ធ្ងរ។
យ៉ាងនេះក្តី លោក ពួក ចិន្តា ក៏បានដាក់ពាក្យប្តឹងទៅសមត្ថកិច្ចហើយដែរ ប៉ុន្តែលោកមិនសូវមានសង្ឃឹមនឹងទទួលបានយុត្តិធម៌ទេ ដោយសារករណីគំរាមកំហែងឬ ប្រើអំពើហិង្សាមកលើមន្ត្រីឬ សកម្មជនគណបក្សប្រឆាំងកន្លងមក សមត្ថកិច្ចមិនដែលរកឃើញជនល្មើស និងមិនបានផ្តល់យុត្តិធម៌ត្រឹមត្រូវនោះដែរ។
សង្គមស៊ីវិលក្នុងស្រុកបានលើកឡើងថា ប្រសិនបើភាពអយុត្តិធម៌បែបនេះ នៅតែកើតឡើងបន្តទៀត វាឆ្លុះបញ្ចាំងពីអសម្ថភាពរបស់អាជ្ញាធររដ្ឋ ក្នុងការការពារសន្តិសុខជូនពលរដ្ឋ និងជាការបង្ហាញរូបភាពរើសអើងផ្នែកនយោបាយផងដែរ។ លើសពីនេះ ធ្វើឱ្យមតិជាតិ និងអន្តរជាតិ បន្តរិះគន់ និងមើលឃើញកាន់តែច្បាស់ថាបញ្ហាបែបនេះ ជាការគំរាមកំហែង ផ្នែកនយោបាយ ទៅលើក្រុមប្រឆាំងឥតឈប់ឈរ៕