35 C
Phnom Penh

ប្រធានរាជបណ្ឌិតសភាកម្ពុជា ព្រមានប្រទេសក្បែរខាង ដែលហ៊ានផ្តល់ដីឱ្យលោក សម រង្ស៊ី ឆ្លងកាត់ចូលកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានរាជបណ្ឌិតសភាកម្ពុជា លោក សុខ ទូច បានព្រមានទៅប្រទេសក្បែរខាងកម្ពុជា ជាពិសេសប្រទេសថៃ និងវៀតណាម ដោយថាប្រទេសទាំងពីរនេះសុទ្ធតែមានចំណុចខ្សោយសម្រាប់កម្ពុជាតបត ប្រសិនបើប្រទេសទាំងពីរនេះ ហ៊ានផ្តល់ទឹកដីរបស់ខ្លួនឱ្យលោក សម រង្ស៊ី ឆ្លងកាត់ដើម្បីចូលមកកម្ពុជា។

ថ្លែងក្នុងវេទិកាពិភាក្សាតុមូលស្តីពីផែនការវិលត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី ដែលរៀបចំឡើងដោយរាជបណ្ឌិតសភាកម្ពុជានៅថ្ងៃនេះ លោក សុខ ទូច មានប្រសាសន៍ថា លោកមើលមិនឃើញសោះឡើយចំពោះច្រក ដែលលោក សម រង្ស៊ី និង បក្ខពួក អាចចូលមក             កម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខនោះ។

ទោះបីជាយ៉ាងនេះក្តី លោកបានសង្កត់ធ្ងន់ថា តួអង្គប្រទេស២ សំខាន់នៅក្នុងតំបន់អាស៊ាន ហើយនៅជាប់កម្ពុជាផង សម្រាប់អតីតប្រធានគណបក្សសង្រ្គោះជាតិ អាចឈរជើង និងប្រើប្រាស់ទឹកដីនោះឈានជើងចូលកម្ពុជាបាន គឺ ប្រទេសវៀតណាម និងប្រទេសថៃ ព្រោះប្រទេសទាំងពីរនេះ ធ្លាប់បានផ្តល់ទឹកដីសម្រាប់តួអង្គនយោបាយមួយក្រុមដែលប្រឆាំងនៅរដ្ឋាភិបាលកម្ពុជា កាលពីអតីតកាលរួចទៅ               ហើយ។

លោក សុខ ទូច អះអាងថា ក្នុងចំណោមប្រទេស២នេះ ប្រសិនបើប្រទេសមួយណាហ៊ានផ្តល់ដីឱ្យលោក សម រង្ស៊ី ឆ្លងកាត់ គឺ ពួកគេនឹងទទួលការតបតពីកម្ពុជាវិញ យ៉ាងគ្រប់គ្រាន់ ត្បិតប្រទេសទាំងពីរនេះក៏មានចំណុចខ្សោយសម្រាប់កម្ពុជាវាយបកទៅវិញផងដែរ។

យ៉ាងនេះក្តី ប្រធានរាជបណ្ឌិតសភាកម្ពុជារូបនេះ លើកឡើងថា កម្ពុជាក៏មិនចង់កសាងសត្រូវនោះដែរ ប៉ុន្តែកម្ពុជាក៏មិនត្រូវឈរអោបដៃមើលប្រទេសក្បែរខាងផ្តល់ទឹកដីខ្លួនដើម្បីឱ្យក្រុមមួយផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នោះជាដាច់ខាត។

លោកថាប្រសិនបើប្រទេសទាំងនេះហ៊ានធ្វើបែបនេះមែន គឺ ស្មើនឹងហែកធម្មនុញ្ញរបស់អាស៊ានចោលតែម្តង ត្បិតធម្មនុញ្ញអាស៊ានបានបញ្ជាក់ច្បាស់ហើយថា នឹងមិនអនុញ្ញាតឱ្យលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសណាមួយផ្សេងទៀតនោះឡើយ។

អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ បានប្រាប់សាព័ត៌មាន The Cambodia Daily ថា កម្ពុជាមិនចាំបាច់ទៅហាមឃាត់ប្រទេសថៃ និងវៀតណាម នោះទេ បើខ្លួនចង់ចាប់លោកសមរង្ស៊ីមែននោះ។ លោកបន្តថា វៀតណាម និងថៃ ជារដ្ឋអធិបតេយ្យ ដូច្នេះកម្ពុជាមិនអាចរំលោភលើអធិបតេយ្យរបស់ប្រទេសទាំងនោះបាន។ លោកបន្តថា បើរដ្ឋាភិបាលចង់ចាប់លោកសមរង្ស៊ី មែន នោះរដ្ឋាភិបាលមិនចាំបាច់ប្រកូកប្រកាសច្រើនទេ គឺអនុញ្ញាតឲ្យលោកសមរង្ស៊ីចូលកម្ពុជា ហើយធ្វើការចាប់ខ្លួនតែម្តងទៅ ។

អតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់របស់ខ្លួននៅក្រៅប្រទេសបានអះអាងបន្តបន្ទាប់ ដោយកំណត់យកថ្ងៃទី ៩ វិច្ឆិកា ចូលមកប្រទេសកម្ពុជាឱ្យបាន ដោយថាដើម្បីរំដោះប្រទេសមួយនេះ ចេញពីក្រញាំដៃលោកហ៊ុន សែន ហើយកម្ចាត់ចោលក្រុមលោកហ៊ុន សែន ចេញថែមទៀតផង។

លោក សម រង្ស៊ី បានស្រែកម្តងហើយម្តងទៀតថា ការវិលចូលស្រុករបស់ខ្លួននៅពេលខាងមុខ គឺ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ ជំរុញឱ្យមានគោរពសិទ្ធិមនុស្ស ការដោះលែងលោក កឹម សុខា និងបញ្ចៀសពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាពីសហគមន៍អន្តរជាតិជាដើម។

ផែនការវិលត្រឡប់ចូលស្រុករបស់ក្រុមបក្សប្រឆាំង នៅក្រៅប្រទេស បានកំណត់យកគោលដៅជាច្រើនចំណុច ដោយចំណុចមួយសំខាន់នោះ គឺ ការប្រកាសផ្តល់កញ្ចប់ថវិកាដល់កងកម្លាំងប្រដាប់អាវុធណា ដែលផ្តាច់ខ្លួនមកឈរនៅជាមួយពលរដ្ឋនៅថ្ងៃទី ៩វិច្ឆិកា ខាងមុខទៀតផង។

វាគ្មិនក្នុងកិច្ចពិភាក្សាមួយរូប និងជា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ លោក ដៀប សុផល បានលើកឡើងថា ការវិលត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី នៅពេលខាងមុខ មិនមែនដើម្បីលទ្ធិប្រជាធិបតេយ្យនោះទេ ប៉ុន្តែជាការបង្កឱ្យមានភាពអណាធិបតេយ្យតែប៉ុណ្ណោះ។

ក្រុមអ្នកឃ្លាំមើលខ្លះនិយាយថា ផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី រហូតមកទល់ពេលបានធ្វើឱ្យ អតីតសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាច្រើននាក់ ត្រូវបានរដ្ឋាភិបាលចាប់និងឃុំខ្លួនដាក់ពន្ធនាគារក្រោមបទចោទថាបានញុះញង់ និងទទួលផែនការសម្ងាត់ពីលោក សម រង្ស៊ី ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ លើសពីនេះ ក៏មានមនុស្សជាច្រើនាក់ទៀតត្រូវបានរដ្ឋអំណាចលោកហ៊ុន សែន ធ្វើទុក្ខបុកម្នេញ ព្រមទាំងត្រូវបានជនមិនស្គាល់មុខវាយដំឱ្យរងរបួសជាដើម៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស