27.5 C
Phnom Penh

សារព្រមានវិធានការចំពោះអ្នកធ្វើយុទ្ធនាការម្រាមដៃ ៩ ផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងយុតិ្តធម៌ បានព្រមានចាត់វិធានការច្បាប់ចំពោះអតីតមន្ត្រី និងសកម្មជនបក្សប្រឆាំងទាំងឡាយណា ដែលចូលរួមធ្វើយុទ្ធនាការលើកម្រាមដៃ៩ ដោយថាជាសញ្ញាគាំទ្រ ផែនការវិលត្រឡប់ចូលប្រទេសកម្ពុជាវិញរបស់លោក សម រង្ស៊ី នៅថ្ងៃទី ៩ខែ វិច្ឆិកា។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានអះអាងប្រាប់សារព័ត៌មានសំឡេងប្រជាធិបតេយ្យវី.អូ.ឌី នៅថ្ងៃនេះ ដោយចាត់ទុកការធ្វើយុទ្ធនាការម្រាមដៃ៩ គឺជាសញ្ញានៃផែនការប៉ុងប៉ងធ្វើរដ្ឋប្រហារដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ ប្រភពដដែល បន្តថា រាល់អ្នកចូលរួមសកម្មភាពយុទ្ធនាការនេះ និង  យុទ្ធនាការផ្សេងទៀត ដែលពាក់ព័ន្ធនឹងការគាំទ្រលោក សម រង្ស៊ី គឺជាអំពើខុសច្បាប់។

ការព្រមានចាត់វិធានការច្បាប់របស់មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ទៅលើក្រុមបក្សប្រឆាំងរូបនេះ បន្ទាប់ពីអតីតប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩  បានប្រកាសឱ្យមន្ត្រីនិងសកម្មជនបក្សរបស់ខ្លួន នាំគ្នាធ្វើយុទ្ធនាការលើកម្រាមដៃ៩ ដើម្បីជាសញ្ញាគាំទ្រការវិលចូលស្រុករបស់លោក នៅថ្ងៃទី៩ ខែវិច្ឆិកា។

យ៉ាងនេះក្តី មន្ត្រីអង្គការសង្គមស៊ីវិល ដែលធ្វើការងារផ្នែកសិទ្ធិមនុស្ស បានចាត់ទុកការព្រមានបែបនេះ ជាការដើរផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាតែម្តង។

រដ្ឋធម្មនុញ្ញកម្ពុជានៅជំពូកទី៣ នៃមាត្រា ៣១ ស្តីអំពីសិទ្ធិ និងករណីយកិច្ចរបស់ពលរដ្ឋខ្មែរ បានចែងយ៉ាងច្បាស់ថា ពលរដ្ឋគ្រប់រូបមានសេរីភាពក្នុងការបញ្ចេញមតិដោយសេរី។ មានសេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ សេរីភាពខាងជំនឿសាសនា និងសេរីភាពខាងការដើរហើរជាដើម លើកលែងតែការប្រើប្រាស់សិទ្ធិសេរីភាពនោះបណ្តាលឱ្យប៉ះពាល់ដល់អ្នកដទៃតែប៉ុណ្ណោះ។

របាយការណ៍បក្សប្រឆាំងឱ្យដឹងថា គិតមកដល់ចុងខែកញ្ញា មានមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិជិត៤០នាក់ហើយ ត្រូវបានចាប់ និងឃុំខ្លួន ពាក់ព័ន្ធបញ្ហានយោបាយនេះ។ 

កាលពីថ្ងៃទី ១០កញ្ញា អ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត បានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មការក្រុមប្រឹក្សាសិទ្ធិមនុស្ស ថាកម្ពុជាក្នុងរយៈពេលចុងក្រោយនេះ គឺ រួមរិតទៅដោយការធ្វើទុក្ខបុកម្នេញ និងការបំបិទសិទ្ធិសេរីភាពផ្នែកនយោបាយ ការបន្តឃុំខ្លួនប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា និងអ្នកនយោបាយផ្សេងទៀត ស្របពេលគណបក្សប្រជាជនកម្ពុជា កំពុងបន្តក្តោបក្តាប់អំណាចក្នុងដៃតែម្នាក់ឯង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស