រូបថត អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិចំនួន៨ រូប ត្រូវបានបិទនៅតាមច្រកព្រំដែនថៃ-ម៉ាឡេស៊ី និងច្រកព្រំថៃ-កម្ពុជា។ រូបថតមន្ត្រីជាន់ខ្ពស់ទាំង៨ រូបនេះ ដោយបិទផ្ទាំងជាប់គ្នា រួមមានអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី អតីតអនុប្រធានគណបក្សលោក អេង ឆៃអ៊ាង និង អ្នកស្រី មូរ សុខហួរ ព្រមទាំងមានមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ដូចជា លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ម៉ែន សុថាវរិន្ទ្រ លោក ឡុង រី និងលោក តុ វ៉ាន់ចាន់។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលស្តីពីផែនការវិលចូលប្រទេសកម្ពុជា របស់លោក សម រង្ស៊ី កាលពីម្សិលមិញថាលោកបានឃើញផ្ទាំងរូបថតដែលមានរូបថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានដាក់នៅព្រំដែនឆ្លងកាត់ប្រទេស ថៃ-ម៉ាឡេស៊ី និងនៅច្រកព្រំកម្ពុជា-ថៃ គឺនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។
កាលពីខែមីនាចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បានចេញដីកាឲ្យសមត្ថកិច្ចចាប់ខ្លួនអតីតមន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិទាំង៨ រូបនេះ ក្រោមបទចោទប្រកាន់ថា «រួមគំនិតក្បត់» និង «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ។
យ៉ាងនេះក្តី លោក សុខ ទូច កាលពីថ្ងៃម្សិលមិញ បានអះអាងថា លោកមើលមិនឃើញថាមានច្រកណាមួយដែលលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់របស់ខ្លួនអាចចូលមកម្ពុជានៅថ្ងៃទី ៩វិច្ឆិកា ខាងមុខបានឡើយ។
លើសពីនេះ លោកថា លទ្ធភាពប្រទេស២ ក្នុងតំបន់អាស៊ាន គឺ ថៃ និង វៀតណាម ដែលលោក សម រង្ស៊ី អាចឆ្លងកាត់នោះ ក៏មិនអាចទៅរួចដែរ។ ប្រសិនបើប្រទេសពីរនេះហ៊ានផ្តល់ដីឱ្យអតីតមេបក្សប្រឆាំងរូបនេះឈរជើង និងឆ្លងកាត់ចូលកម្ពុជា រដ្ឋាភិបាលលោកហ៊ុន សែន គឺមានលទ្ធភាពគ្រប់គ្រាន់ដើម្បីតបទៅនឹងទៅប្រទេសទាំងពីរនេះវិញមិនខាន។ លើសពីនេះ ប្រសិនបើ ថៃ និង វៀតណាម ធ្វើដូចនេះមែន គឺ ស្មើនឹងហែកធម្មនុញ្ញអាស៊ានចោលតែម្តង។
ទោះបីជាយ៉ាងនេះក្តី លោក សម រង្ស៊ី បានប្រកាសច្បាស់ម្តងហើយម្តងទៀតថា លោក នឹងវិលចូលកម្ពុជាឱ្យបាននៅថ្ងៃទី ៩វិច្ឆិកា ដោយនាំទាំងពលរដ្ឋរាប់លាននាក់មកជាមួយ ដើម្បីរំដោះប្រទេសជាតិសងទៅប្រជារាស្ត្រ ព្រមទាំងបញ្ចប់អំណាចលោក ហ៊ុន សែន ត្បិតលោកថាជាអំណាចផ្តាច់ការនោះ។
ក្រៅពីអំពាវនាវឱ្យពលរដ្ឋចូលរួមចលនារំដោះជាតិចេញពីក្រញាំដៃលោកហ៊ុន សែន ហើយនោះ លោក សម រង្ស៊ី ក៏បានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធតម្រង់កាំភ្លើងទៅពួកផ្តាច់ការ ហើយឈរនៅជាមួយពលរដ្ឋប្រឆាំងលោក ហ៊ុន សែន ដោយខាងបក្សលោកបានត្រៀមកញ្ចប់ថវិកាជួយកងកម្លាំងផ្តាច់ខ្លួនទាំងនោះទៀតផង។
យ៉ាងនេះក្តី សម្រាប់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត បានថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សលើកទី៤២ នៅទីក្រុងហ្សឺណែវប្រទេសស្វីសថា អ្នកស្រី មិនគាំទ្រ ការប្រកាសធ្វើនយោបាយចូលស្រុករបស់លោក សម រង្ស៊ី ដើម្បីមកផ្តួលរំលំរដ្ឋាភិបាលបែបនេះឡើយ៕