38 C
Phnom Penh

លោក ស ខេង បញ្ជាក់ជំហរប្រាប់អាល្លឺម៉ង់ថា កម្ពុជានៅតែមានឆន្ទៈរក្សា EBA

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង បានអះអាងថា ប្រាប់ថ្នាក់ដឹកនាំអាល្លឺម៉ង់ថា កម្ពុជានៅតែមានឆន្ទៈរក្សា EBA និងរក្សាទំនាក់ទំនងល្អជាមួយអឺរ៉ុបផងដែរ។

ការអះអាងរបស់លោក ស ខេង នេះ ធ្វើឡើងកាលពីថ្ងៃម្សិលមិញ នៅពេលជួបថ្នាក់ដឹកនាំ គណៈកម្មាធិការសភាអាល្លឺម៉ង់អំពីការដោះស្រាយបញ្ហា EBA ជាមួយសហភាពអឺរ៉ុប។ លោក ស ខេង សង្កត់ធ្ងន់ថា កម្ពុជានៅតែមានឆន្ទៈរក្សាការអនុគ្រោះពន្ធ ព្រមទាំងបន្តទំនាក់ទំនងល្អជាមួយសហភាពអឺរ៉ុប និងជាមួយគ្រប់ប្រទេសទាំងអស់។

អនុប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ អះអាងទៀតថា តាមរយៈបទពិសោធន៍នៃការផ្លាស់ប្ដូររបបពីអតីតកាល កម្ពុជាបានដឹងយ៉ាងច្បាស់ណាស់ថា មានតែរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដូចបច្ចុប្បន្ននេះមួយប៉ុណ្ណោះ ដែលធ្វើឲ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ ហើយបើទោះបីជាមានការយល់ឃើញផ្សេងគ្នាខ្លះ ក៏ប៉ុន្តែគោលការណ៍នេះបានចាក់គ្រឹះនៅកម្ពុជារួចទៅហើយ។

ការប្រកាសរបស់អនុប្រធានបក្សកាន់អំណាចរូបនេះ ហាក់ផ្ទុយគ្នាទៅនឹងការលើកឡើងរបស់ប្រធានគណបក្សរបស់ខ្លួន គឺ លោក ហ៊ុន សែន កន្លងមក ដោយថាលោកនឹងមិនអោនក្បាលដាក់អន្តរជាតិ ដើម្បីជាថ្នូរនឹងការអនុគ្រោះពន្ធនោះឡើយ។

មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន បានប្រកាសធ្វើកំណែទម្រង់ក្នុងវិស័យរដ្ឋ ព្រមទាំងសម្រួលដល់វិស័យឯកជន ដើម្បីទប់ទល់នឹងស្ថានភាពអាក្រក់ណាមួយកើតឡើង ប្រសិនបើសហភាពអឺរ៉ុបព្យួរប្រព័ន្ធអនុគ្រោះពន្ធEBA ពីកម្ពុជាមែននោះ។ លោក ហ៊ុន សែន ក៏បញ្ជាឱ្យកូនចៅក្រមឱវាទរបស់ខ្លួន ត្រូវយកលេសនេះ ដើម្បីកម្ទេចក្រុមប្រឆាំង និងរចនាសម្ព័ន្ធបក្សសង្រ្គោះជាតិចោល ដោយមិនឱ្យបក្សនេះអាចមានសិទ្ធិចូលរួមការបោះឆ្នោតឆ្នាំ២០២២ឬ ២០២៣ឡើយ។

យ៉ាងនេះក្តី បច្ចុប្បន្នសហភាពអឺរ៉ុប កំពុងបន្តនីតិវិធីឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ដំណាក់កាលទី២ ក្រោយពេលពួកគេបានណែនាំដល់រដ្ឋាភិបាល លោកហ៊ុន សែន ម្តងជាពីរដង ឱ្យស្តារនូវលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ ក្រោយពេលសហភាពអឺរ៉ុបរកឃើញថាស្ថានភាពរដ្ឋាភិបាលលោក ហ៊ុន សែន បានបំផ្លាញមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះ។

ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងធ្វើឱ្យកម្ពុជាខាតបង់ជិត១ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ ហើយប្រសិនបើប្រព័ន្ធអនុគ្រោះពន្ធមួយនេះត្រូវបានព្យួរមែន កម្ពុជាត្រូវការពេលពី៧ ឆ្នាំទៅ ១០ ឆ្នាំ ដើម្បស្នើសុំប្រព័ន្ធនេះឡើងវិញ ប៉ុន្តែមិនប្រាកដថាគេនឹងផ្តល់ឬ ភ្ជាប់ឱ្យភ្លាមៗទេ ដរាបណាកម្ពុជានៅមិនទាន់គោរពតាមលក្ខខណ្ឌរបស់ អឺរ៉ុប បានត្រឹមត្រូវនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស